ជា​បណ្តើរៗ​ទណ្ឌិត សមរង្ស៊ី កំពុងតែ​ជីករណ្តៅ​កប់​ខ្លួនឯង​

654
ចែករម្លែក

បន្ទាប់ពី​អស់ក្បាច់​លេង​នយោបាយ ចាញ់ហើយ ចាញ់​ទៀត មិនអាច​រកឃើញ​ក្រឡា ឈ្នះ​សម្តេច​តេ​ជោ ហ៊ុន សែន ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​នៅពេលនេះ សម រង្ស៊ី ដែលជា​ទណ្ឌិត រត់​ទៅ​រស់នៅ​ប្រទេស​បារាំង ដោយ​អាង​ខ្លួន​មាន​សញ្ជាតិ បារាំង​នោះបាន​ប្រមាថ ជា​អក្សរ​ផង និង​តាម​ពាក្យសម្តី​ម្តង​ជា​ពីរដង​លើ​អង្គ ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ចាក់ផ្សាយ​កាលពី​យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ អ្នកនយោបាយ​ជើង​មិន​ជាប់​ដី សម រង្ស៊ី បាន​និយាយ ដោយមាន​ខ្លឹមសារ ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​បំផុត​លើ​អង្គ​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​។​

​ទណ្ឌិត សមរង្ស៊ី ដែលមាន​ចរិត ជា​ជន​ក្បត់ជាតិ សួរ​ពូជ ត​ពី​ឪពុក កាន់តែ​គឃ្លើន ទៅៗ​ដោយ​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក មិន​អស់ចិត្ត​ក៏បាន​និយាយ​នៅក្នុង​បទ សម្ភាស​វិទ្យុ​អាស៊ីសេរី ដែលមាន​មូលដ្ឋាន នៅ​អាម៉េរិក កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ ទណ្ឌិត​នេះ ក៏បាន​បន្ត​ពោល​ពាក្យ​ប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ ដែល​ព្រះអង្គ កំពុង​គង់ប្រថាប់ បំពេញ​ព្រះរាជតួនាទី​ដ៏​ឧត្តុង្គឧត្តម ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ​។​

​ការប្រើ​ពាក្យ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ ក៏ត្រូវ​បាន​ទណ្ឌិត សមរង្ស៊ី លើកឡើង​ម្តងទៀត តាមរយៈ​វិទ្យុ​សំឡេង​សហរដ្ឋ​អាម៉េរិក VOA​។ ម្តងនេះ ទណ្ឌិត សមរង្ស៊ី ប្រកាស​ក្តែ​ងៗ​ដោយ​មិន​ញញើត​មាត់​ប្រមាថ​ម៉ាក​ងាយ​ព្រះមហា ក្សត្រ ដោយ​និយាយថា ខ្លួន​មិន​ទទួលស្គាល់ និង​មិន​ឲ្យ​តម្លៃ​លើ​អង្គ​ព្រះមហាក្សត្រ ទាល់តែសោះ​។​

​នរណាៗ​ក៏បាន​ដឹង​ដែរ​ថា​អង្គ​ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានធ្វើ​ឲ្យ​សង្គមជាតិ​កម្ពុជា​កំពុង​ទទួលបាន​សេចក្តីសុខ សន្តិភាព និង​ការអភិវឌ្ឍ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​យ៉ាងណាក៏ដោយ​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ​នេះ គឺជា​ទង្វើ​រំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ ហើយ​ទង្វើ​នេះ​ត្រូវ​បានកំណត់​ជា​បទល្មើស ព្រហ្មទណ្ឌ ដែលមាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្ត​មាត្រា ៤៣៧ ស្ទួន នៃ​ក្រម ព្រហ្មទណ្ឌ​។​

​បន្ត​មក​កាលពី​រសៀល ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ តំណាង​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បានចេញ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ ដោយ​សម្រេច​ដាក់​ឲ្យ ស្ថិតនៅក្រោម​ការពិនិត្យ លើ​លោក​សមរង្ស៊ី ពីបទ ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។ បទចោទប្រកាន់​ថ្មី​លើ​លោក​សមរង្ស៊ី​នេះ ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ ផ្តន្ទាទោស​តាម​ប​ញ្ញ​តិ​មាត្រា ៤៣៧ ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ​។​

​រដ្ឋធម្មនុញ្ញ មាត្រា ៧ បានលើកឡើង​អំពី​អង្គ​ព្រះមហាក្សត្រ​។ ព្រះមហាក្សត្រ​ទ្រង់​គ្រង រាជ្យសម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់អំណាច​ឡើយ​។ អង្គ​ព្រះមហាក្សត្រ​ទ្រង់​ជា​ព្រះ​ប្រមុខ រដ្ឋ​អស់​មួយ​ជី​វីត អង្គ​ព្រះមហាក្សត្រ មិនអាច​នរណា​រំលោភបំពាន​បានឡើយ​។​

​រីឯ​មាត្រា​៤៣៧(​ស្ទួន​) នៃ​ក្រមព្រហ្មទណ្ឌ បានកំណត់​ពី បទ​ប្រមាថ​ចំពោះ​អង្គ ព្រះមហាក្សត្រ​។ ការប្រមាថ គឺជា​វាចារ កាយវិការ សំណេរ គ​នូរ ឬ​វត្ថុ ដែល​ប៉ះពាល់ ដល់​សេចក្តីថ្លៃថ្នូរ​នៃ​បុគ្គល​។​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី ១(​មួយ​) ឆ្នាំ ទៅ ៥​ឆ្នាំ​(​ប្រាំ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២.០០០.០០០(​ពីរលាន​) រៀល​ទៅ ១០.០០០.០០០(​ដប់​លាន​) រៀល​។​

​គេ​នៅ​ចាំបាន​ថា យ៉ាងហោចណាស់​ទណ្ឌិត សមរង្ស៊ី ត្រូវបាន​សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី ហ៊ុន សែន បានទូល​ស្នើ​សូម​ព្រះមហាក្សត្រ​ព្រះ​បរម​រាជានុញ្ញាត​លើក លែង​ទោស ចំនួន ២​លើក គឺ​លើក​ទី​១ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០០៦ និង​លើក​ទី​២ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៣​។

​ការផ្តន្ទាទោស​ទណ្ឌិត​សមរង្ស៊ី​ទាំងពីរ​លើក​នោះ​ដោយសារតែរ​ពិស​មាត់ និងរ​ពិស​ដៃ ទៅ​ប្រព្រឹត្ត​បទល្មើស នាំ​ដល់​ការប្តឹង​ផ្តល់នៅ​តុលាការ​ហើយក៏​ត្រូវ​កាត់​ទោស​។ ប៉ុន្តែ រាល់​លើក ទណ្ឌិត សម រង្ស៊ី គ្មាន​សេចក្តី​ក្លាយ​ហាន នៅ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ នៅ​កម្ពុជា​សោះឡើយ​។

​អាង​តែ​ជា​អ្នកនយោបាយ​ជើង​មិន​ជាប់​ដី ឲ្យ​តែ​មើល​មេឃ មើល​ផ្កាយ រាង​មិន​ស្រួល ហើយ​ជា​មនុស្ស​មានខ្លួន ដោយសារតែ​មាត់ និង​ដៃជើង​ផង​នោះ ទណ្ឌិត សមរង្ស៊ី ដាក់​មេ​ផាយ ទៅកាន់​ប្រទេស​ទី​២​របស់ខ្លួន​ភ្លាម​។​

​ចូរ​ចាំ​ថា ការលើកលែងទោស​ដល់​ទណ្ឌិត សម រង្ស៊ី តែងតែបាន​ធ្វើឡើង បន្ទាប់ពី​មាន ការសម្របសម្រួល​នយោបាយ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង សម រង្ស៊ី​។ ក្រោយពី មានការ​សម្របសម្រួល ទើប​សម្តេច​តេ​ជោ សម្រេច​សរសេរ​លិខិត​ទូលថ្វាយ​ព្រះ មហាក្សត្រ​។​

​ការអត់អោន​សណ្តោស​ប្រណី​របស់​សម្តេច​តេ​ជោ លើ​ទណ្ឌិត​សមរង្ស៊ី ដោយ​សម្តេច យោង​លើ​ស្មារតី​បង្រួបបង្រួម​ជាតិ និង​ការផ្សះផ្សា​ជាតិ​។​

​រីឯ​ទណ្ឌិត​ភ្លេច​កំណើត និង​មិន​ដឹងគុណ​ស្រ័យ សម រង្ស៊ី​ក៏បាន​និយាយ​ក្រោយពី ទទួលបាន​ការលើកលែង​ទោស​ថា ជា​សញ្ញា​ល្អ​ថា ខ្មែរ​យើងទាំងអស់គ្នា​ដើរ​ឆ្ពោះ ទៅរក​ការផ្សះផ្សា​ជាតិ ការបង្រួបបង្រួម​ជាតិ ធ្វើឱ្យ​ជាតិ​យើង មាន​ឯកភាព​រឹងមាំ ធ្វើឱ្យ​ប្រទេស​កម្ពុជា ត្រូវបាន​គេ​គោរព ដែលជា​លក្ខណៈ​ចាំបាច់ ដើម្បី​កសាង ប្រទេស​យើង ឱ្យមាន​ភាពរុងរឿង ដូច​យើង​ចង់បាន​ទាំងអស់គ្នា​…​។​

​ក៏ប៉ុន្តែ​ភ្លេចៗ ត្រចៀក ទណ្ឌិត​សមរង្ស៊ី ប្រព្រឹត្ត​បទល្មើស​ទៀត​។ តាមរយៈ​ពាក្យសម្តី និយាយ​ឥត​គិតមុខគិតក្រោយ​របស់ខ្លួន​។ ដល់ពេល​មាន​បណ្តឹង​កាត់ទោស​នៅ តុលាការ បែរជា​ស្រែកថា ជា​រឿង​នយោបាយ មួយ​ពីរ​បី ទៅវិញ​។​

​លើក​នេះ​កាន់តែ​ធ្ងន់ធ្ងរ ដែល​មិនអាច​ស្រោចស្រង់​ទណ្ឌិត សមរង្ស៊ី បាន​ទៀតឡើយ​។ មូលហេតុ ព្រោះថា ការលើកលែងទោស​ដល់​ទណ្ឌិត សមរង្ស៊ី ទាំង ពីរលើក​កន្លងមក គឺ​អង្គ​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ជាទី​សក្ការៈ​នេះហើយ ដែល​បាន​ឡាយព្រះហស្ថលេខា លើ​ព្រះរាជក្រឹត្យ​លើកលែងទោស​ឲ្យ​ទណ្ឌិត សមរង្ស៊ី​។ ចុះបើ​ពេលនេះ សមរង្ស៊ី មិន​ត្រឹមតែ​ឈ្លោះ​នឹង​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ដឹក​ដៃ​បង្ហាញផ្លូវ​ទេ តែ​ទណ្ឌិត​សមរង្ស៊ី ថែមទាំង​កាប់​គាស់​ផ្លូវ រុះរើ​ស្ពាន ហើយ​ជេរប្រទេច​ដល់​អ្នក​ចែវ​ទូក​ថែមទៀត ។​តើ​ម្តងនេះ បាន​នរណា ចង្អុល​ផ្លូវ និង​អុំទូក​ចម្លង សម រង្ស៊ី ឆ្លង​មហាសាគរ បាន​ទៅ​? មានតែ សមរង្ស៊ី រង់ចាំ​អា​រ័ក្ស​ទឹក មក​នាំខ្លួន ហែល​ឆ្លង​សមុទ្រ​ហើយ មើលទៅ​។​

​សរុបមក ពេលនេះ​ទណ្ឌិត សម រង្ស៊ី កំពុងតែ​ជិ​ករ​ណ្តៅ​កប់​ខ្លួនឯង​យ៉ាងពិត​ប្រាកដ​៕ ដោយៈ​ម៉េង​ឆៃ​