ជា​ប្រវត្តិសាស្ត្រ ក្រសួង​សាធារណការ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​អ៊ែ​ប​”​កម្មវិធី​ថែទាំ​ផ្លូវ​”

440
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​១៣ ខែ ធ្នូ ឆ្នាំ​២០១៨ បានដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ “​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE mobile app)” ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​

​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស អាចធ្វើ​ការរាយការណ៍​ដោយផ្ទាល់​ពី ផ្លូវ​ជង្ហុក ផ្លូវ​សំបុកមាន់​និង​ផ្លូវ​ខូច តាមរយៈ​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE mobile app) ទៅកាន់​អាជ្ញាធរ​ដើម្បី​ធ្វើការ​ជួសជុល​បាន​ទាន់ពេលវេលា​។ អ៊ែ​ប​នេះ​អាច​ទាញយក​ដោយ​ឥតគិតថ្លៃ នៅលើ Play Store ក្នុង​ទូរស័ព្ទដៃ​។​

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ថ្លែងថា​ថ្ងៃនេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែល​បាន​បង្កើត “​កម្មវិធី​ថែទាំ​ផ្លូវ​”​នេះ ដើម្បីឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​ចូលរួម​ផ្តល់​ពត៌មាន​អំពី​ផ្លូវ​ជង្ហុក ផ្លូវ​សំបុកមាន់​និង​ផ្លូវ​ខូច​តាមរយៈ​ការថត បង្ហោះ​ជា​រូបថត និង​វីដេអូ​រួច​បញ្ជូន​ទៅកាន់​ក្រុមការងារ​ទទួលបន្ទុក​របស់​ក្រសួង មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ទាំង​២៥ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី ធ្វើការ​ជួសជុល​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​៖​យើង​មាន​មោទនភាព​ដែល​”​កម្មវិធី​ថែទាំ​ផ្លូវ​”​បង្កើតឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ ខិតខំ​ធ្វើការ​ទាំងយប់​ថ្ងៃ ដែល​លោក​គិតថា​ប្រទេស​ស​កម្ពុជា ជា​ប្រទេស​ទី​១​ក្នុង​តំបន់​អាស៊ាន ឬ​ពិភពលោក​តែម្តង​ដែល​ប្រើប្រាស់​ប្រព័ន្ធ​នេះ​។​

​លោក​បាន​គូសបញ្ជាក់ថា​៖ កម្មវិធី​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹងគុណភាព​ផ្លូវ ដែល​ទាមទារ​ឲ្យ​មានការ​ជួសជុល និង​ថែទាំ​ទូទាំងប្រទេស តាមរយៈ​ការរាយការណ៍​ពី​ស្ថានភាព​ជង្ហុក សំបុកមាន់ និង​ផ្លូវ​ខូច​ដោយ​អ្នកប្រើប្រាស់​។​

​អ៊ែ​ប​នេះ​មាន​ភាព​ឆ្លាត​វៃ ព្រោះ​វា​ដឹង​ទីតាំង​ពិតប្រាកដ ថា រូបថត ឬ​វីដេអូ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ថត​បញ្ជូនមក​នោះ ស្ថិតនៅ​កន្លែង​ណា ដូច្នេះ​មានការ​ងាយស្រួល​សម្រាប់​មន្ត្រី​សាធារណការ ចុះទៅ​ជូ​ស​ជុល​ផ្លូវ​ដេ​ល​ខូចខាត​នោះ​។ តែ​ប្រសិនបើ​ប្រជាពលរដ្ឋ​ច្រើន​គ្នា​ថត​ផ្លូវ​ខូច​កន្លែង​តែមួយ​គឺ​ប្រព័ន្ធ​នេះ​ដឹង​ភ្លាម​។ អ៊ែ​ប​នឹង​ថ្លែងអំណរគុណ ដល់​អ្នក​ដែល​បាន​រាយការណ៍ ក្រោយពេល​ផ្លូវ​ជួសជុល​រួច​។​

​លោក ស៊ុន ចាន់ថុល បាន​លើកឡើងថា កម្មវិធី​ថែទាំ​ផ្លូវ​នឹងចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​ដោយសារ​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ខូច​ព្រមទាំង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​៕ ល​