ជា​មោទនភាព​របស់​កម្ពុជា​៖ វី​ង​ទទួលបាន​ពានរង្វាន់​០២​ពី​កម្មវិធី​ពានរង្វាន់​និយោជក​ល្អ​បំផុត​នៅ​អាស៊ី​

1164
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ធនាគារ​ឯកទេស​វី​ង ជាថ្មី​ម្តងទៀត បានបង្ហាញ​នូវ​ភាពជា​អ្នក​នាំមុខគេ​ផ្នែក​អភិវឌ្ឍ​ធនធានមនុស្ស បន្ទាប់ពី​ទទួលបាន​ពានរង្វាន់​ពី​កម្មវិធី “​ពានរង្វាន់​ន​យោជក​ល្អ​បំផុត​នៅ​អាស៊ី​” លើក​ទី ០៩ ដែល​រៀបចំឡើង​នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី ៣១ ខែកក្កដា​ឆ្នាំ ២០១៨ ។ នៅក្នុង​កម្មវិធី​នេះ វី​ង​ទទួលបាន​ពានរង្វាន់​ចំនួន​ពីរ​គឺ “​ពានរង្វាន់​ន​យោជក​ល្អ​បំផុត​” និង “​ពានរង្វាន់​វគ្គ​បណ្តុះបណ្តាល​ល្អ​បំផុត​” ។​

​ពានរង្វាន់​ទាំងពីរ​នេះ គឺជា​ការទទួល​ស្គា​ល់វីង សម្រាប់​ការខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​ដើម្បី​អភិវឌ្ឍ​បុគ្គលិក​របស់ខ្លួន ក៏ដូចជា​រៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ធនធានមនុស្ស ដែល​រួមមាន​ការបណ្តុះបណ្តាល​ស​ម​ត្ថ​ភាព​និង​ទេពកោសល្យ​ជាដើម​។

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង បាន​មានប្រសាសន៍​ក្នុងពេល​ទទួលពាន​រង្វាន់​ថាៈ​ក្រុមហ៊ុន​បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការកែលម្អ​បុគ្គលិក​របស់ខ្លួន តាមរយៈ​ការ បណ្តុះបណ្តាល​ជា​បន្តបន្ទាប់​ដល់​បុគ្គលិក​របស់​ក្រុមហ៊ុន ក្នុង​គោលបំណង​ដើម្បី​កសាង​បទពិសោធន៍​ការងារ​ដ៏​ល្អ​បំផុត តាមរយៈ​ការអនុវត្ត​ផែនការ​គ្រប់គ្រង​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​។​ ​លោក​បាន​បន្តថា​“​វី​ង​មើលឃើញថា​និយោជក​របស់ខ្លួន​ជា​គន្លឹះ​ក្នុងការ​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន ពោលគឺ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​តាមរយៈ​ទូរស័ព្ទដៃ និង​សេវាកម្ម​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដល់​ប្រជាជន​កម្ពុជា ដើម្បី​ជួយ​ដល់​បង្កើន​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​”​។​

​ក្រៅពី​ផ្តល់ជូន​នូវ​វគ្គ​បណ្តុះបណ្តាល​ល្អ​បំផុត​ដូចជា Employee Passport Program និង​Manager Passport Program វី​ង​ក៏​ប្តេជ្ញាចិត្ត​ក្នុងការ​បង្កើត​បរិយាកាស​ការងារ​ដែលមាន​ភាព​សប្បាយ និង​ទាក់ទាញ ដែល​អាច​ឲ្យ​បុគ្គលិក​អាច​កសាង​ស្មារតី​ជា​ក្រុម និង​ចូលរួមចំណែក​ជួយ​ទៅដល់​សហគមន៍​ដែល​ពួកគេ​រស់នៅ​។ សកម្មភាព​ទាំងនេះ​រួមមាន ការប្រកួត​បាល់​ទា​ត់បុ​គ្គ​លិ​កវី​ង ពិធី​អបអរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ និង​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​នៅតាម​ទីជនបទ តាមរយៈ​ការសាងសង់​ផ្ទះ​ជូន​ប្រជាជន​ក្រីក្រ ជីក​អណ្តូង​ទឹកស្អាត និង​បរិច្ចាគ​ថវិកា​ជូន​ដល់​មន្ទីរពេទ្យ​កុមារ និង​ជាច្រើន​ទៀត​។​

​ឆ្នាំនេះ​ជា​ឆ្នាំ​ទី​បី​របស់​ធនាគារ​ឯកទេស​វី​ង ដែល​បានឈ្នះ​ពានរង្វាន់​និយោជក​ល្អ​បំផុត​នៅ​អាស៊ី​។​ពានរង្វាន់​និយោជក​ល្អ​បំផុត​នៅ​អាស៊ី​លើក​ទី​៩ ត្រូវបាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​Employer Branding Institute មហាសន្និបាត​ពិភពលោក HRD និង Stars of the Industry Groups ដែលមាន​គោលបំណង​ផ្តល់​រង្វាន់​ដល់​អាជីវកម្ម​នៅតាម​តំបន់ ជាច្រើន​ដែល​រួមចំណែក​ដល់​ការគ្រប់គ្រង អភិវឌ្ឍ និង​ច្នៃប្រឌិត​ទេពកោសល្យ​របស់​បុគ្គលិក​៕ ល​