ជា សំនៀង ត្រូវ​ម្ចាស់​ខ្សែក្រវាត់​ប៉ុស្ដិ៍​លេខ​៧​ថៃ​ផ្ដួល​នៅ​ទឹក​ទី​១

178

(​ភ្នំពេញ​): ម្ចាស់​ខ្សែក្រវាត់​បារ​លី​ប្លេ​ក​របស់​អាស៊ីអាគ្នេយ៍ ជា សំនៀង ត្រូវ​ម្ចាស់​ខ្សែក្រវាត់​ប៉ុស្ដិ៍​លេខ​៧​របស់​ថៃ វ៉ាន ឆា​ឡឺម (Wan Chhaleum) វាយ​ឲ្យ​ខូច​ជើង​នៅ​ទឹក​ទី​១ ក្នុងការ​ប្រកួត នា​ព្រឹក​ថ្ងៃទី​៣១​ធ្នូ លើស​ង្វៀន​អា​ឡិច​ហ្ស​ង់ របស់​អាស៊ីអាគ្នេយ៍​។​

​សម្រាប់ សំនៀង មួយ​អាជីព​ប្រដាល់​របស់គេ គឺ​គេ​ទើបតែ​ដណ្ដើមបាន​ខ្សែក្រវាត់​ជា​លើកដំបូង​នេះ​ទេ ហើយ​ជាមួយនឹង​ការ​ដណ្ដើមបាន​ខ្សែក្រវាត់​បែបនេះ សំនៀង មាន​មហិច្ឆតារ​ស្វែងរក​ការប្រកួត​ធំៗ បន្ថែមទៀត ដើម្បី​ពង្រីក​កេរ្តិ៍ឈ្មោះ​របស់គេ ក្នុង​អាជីព​ប្រដាល់ ក្នុងខណៈដែល​អាយុ​របស់គេ​កាន់តែច្រើន​ហើយ​នោះ​។​

​ស្ថានភាព​ក្នុងការ​ប្រកួត សំនៀង ព្យាយាម​វាយប្រហារ​ជើង​ក្រោម វ៉ាន ឆា​ឡឺម តែ​អ្នក​ប្រដាល់​ថៃ​ដែល​ពោរពេញ​ដោយ​បទពិសោធន៍​រូបនេះ បាន​ច្រាស់​សង​វិញ​យ៉ាង​ចាស់ដៃ ដោយ​ប្រើ​ជើង​វាយប្រហារ​ជើង​ក្រោម សំនៀង តប​វិញ​ធ្វើ​ឲ្យ​នៅ​ទឹក​ទី​១ សំនៀង ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ដល់​ទៅ​២​លើក មុននឹង​សម្រេចចិត្ត​បញ្ឈប់​ការប្រកួត​នោះ​។​

​គួរ​បញ្ជាក់ថា សំនៀង មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៨​ដង ឈ្នះ​៧២​ដង ចាញ់​១៣​ដង និង ស្មើ​ពិន្ទុ​៣​ដង ចំពោះ​អ្នក​ប្រដាល់​ថៃ វ៉ាន ឆា​ឡឺម វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​ដង ឈ្នះ​៥៤​ដង ចាញ់​១៤​ដង និង​ស្មើ​ពិន្ទុ​១​ដង​។​

​ចំពោះ​ការប្រកួត​លើស​ង្វៀន​ខា​រ៉ា​បា​វនា​រសៀល​ថ្ងៃទី​៣០​ធ្នូ អ្នក​ប្រដាល់​កម្ពុជា ម៉ន សា​ម៉េ​ត ក្លិប​ការិយាល័យ​ទី​៥​កងទ័ព​ជើងគោ ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ ឡាំ លូ​កា (Lam Louka)​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​បច្ចេកទេស​នោះ​ថា ក្នុងចំណោម​ចៅក្រម ៥ រូប​មានតែ ២ រូប​ប៉ុណ្ណោះ ដែល​ផ្ដល់​ពិន្ទុ​ឲ្យ​សា​ម៉េ​ត​ឈ្នះ ឯ ៣​រូប​ទៀត​ផ្ដល់​ពិន្ទុ​ឲ្យ ឡាំ លូ​កា ឈ្នះ​។​

​សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ ស៊ូ​ន តិ​ភាព (Suon Tepheap) ដោយ​ពិន្ទុ​ដាច់​តែម្ដង ដោយ​ពួកគេ​ទាំង​២​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។​

​ចៅក្រម​ទាំង​៥​សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ ប៊ុន​ធី ជា​អ្នកឈ្នះ​ទាំងអស់គ្នា គឺ​មានន័យថា សូត្រ ប៊ុន​ធី ឈ្នះ​ស៊ូ​ន តិ​ភាព ៥ ទល់ ០​។​

​ការប្រកួត​លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក​យប់​ថ្ងៃទី​៣០​ធ្នូ អ្នក​ប្រដាល់ ពុទ្ធ ឆាយ​រិទ្ធី ដែល​មួយខែ​នេះ​គេ​ប្រកួត​ជាប់​គ្នា ៣​សប្ដាហ៍​នោះ ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ ឃុន ក្រុង​ថេប (Khun Krongthep)​។​

​ឃីម ឌី​ម៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ដែលជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​លើក​ទី​២៩ លើ​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម​វិញ​នោះ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ ផា យ៉ាក​ឡេ​ក (Pha Yaklek) ដោយ​ពិន្ទុ​។ នេះ​គឺជា​ជ័យជំនះ​ដ៏​អស្ចារ្យ​មួយ ព្រោះ​ចៅក្រម​ទាំង ៥​សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ ឌី​ម៉ា ឈ្នះ​គ្រប់ៗ​គ្នា​។​

​រីឯ​ការប្រកួត​លើស​ង្វៀន​បា​រលី​ប្លេ​ក​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា ឌុ​ម កែវ​ដា ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ លូក​តាន់ (Luok Tan) ដោយ​ពិន្ទុ ក្នុងខណៈដែល នី សុ​ភី ដែល​គេ​ស្គាល់​ជាទូទៅ​ថា ឡុង សុ​ភី នោះ​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ ឆៃ ស៊ូ​(Chai Suo)​នោះ​៕L ដោយ៖ រ៉ូហ្សា