ជិត​ដល់​ថ្ងៃ​ចូលឆ្នាំ មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នៅ​ផ្សារ​ព្រៃវែង​

1449
ចែករម្លែក
ជិត​ដល់​ថ្ងៃ​ចូលឆ្នាំ មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នៅ​ផ្សារ​ព្រៃវែង​(រូបថតចាន់ថន)

ដោយៈ​ចាន់ ថន​/​ព្រៃវែងៈ​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង សហការ​ជាមួយ​មន្ត្រី​ជំនាញ​មន្ទី​ពិសោធ​នៃ នាយក​​ដ្ឋាន​កាំកុងត្រូល បាន​ចុះ​គុណភាព​ពិនិត្យ​ទំនិញ​ជាច្រើន​ប្រភេទ នៅក្នុង​ផ្សារ​ក្រុង​ព្រៃវែង​។​សកម្មភាព​នេះ កាលពី​ព្រឹក​ថ្ងៃទី​១០​មេសា ហើយ ក៏​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្រៃវែង​។​

​លោក អ៊ុត សុភាព​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា​មន្ត្រី​របស់លោក​បាន​ត្រួតពិនិត្យ​ទៅលើ​ចំណីអាហារ​ប្រភេទ​បន្លែ ផ្លែឈើ គ្រឿង​សមុទ្រ ជ្រក់​តាសក់ ជ្រក់ស្ពៃ សរសៃរ​គុយទាវ និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​សរុប​ជាង​៣០​មុខ ។​មន្ត្រី​បាន​យក​សំណាក​ទាំងនោះ​ទៅ​ពិសោធ នៅក្នុង​រថយន្ត​មន្ទីរ​ពិសោធ​ចល័ត​ភ្លាមៗ​។ ជា​លទ្ធផល​បាន​រក​នឃើញថា ទាំង​បន្លែ​ផ្លែឈើ និង​ទំនិញ​ជាច្រើន​ទៀត គឺ​ពុំមាន​ដាក់​សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់​នោះទេ​។ មានតែ​សរសៃរ​គុយទាវ​ដែល​ផលិត​នៅ​ក្រុង​ព្រៃវែង​មួយ​មុខ​គត់ ដែល​រក​ឃើញ​មាន​ដាក់​សារធាតុ ប៊ូ​រ៉ា​ក់ ជា​សារធាតុ​ដែល​ធ្វើ​ឲ្យ​សរសៃរ​គុយទាវ​ស្វិត តែ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។​

​លោក អ៊ុត សុភាព បាន​បញ្ជាក់ថា ក្រោយពី​រកឃើញ​មាន​សារធាតុ ប៊ូ​រ៉ា​ក់ នៅក្នុង​សរសៃរ​គុយទាវ លោក​ក៏​ធ្វើការ​ដកហូត​ភ្លាមៗ នូវ​សរសៃរ​គុយទាវ​ចំនួន​៨​គីឡូក្រាម ទុក​យកទៅ​បំផ្លាញចោល​។
​ជាមួយគ្នា​នោះ​មន្ត្រី​របស់លោក​ក៏បាន​ណែនាំ​ដល់​អាជីវករ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ដាក់លក់​សរសៃរ​គុយទាវ​ដែលមាន​ជាតិគីមី​បែបនេះ​តទៅទៀត​។​

​ដោយឡែក​ប្រជាពលរដ្ឋ​វិញ បាន​សម្តែង​នូវ​ការ​ត្រេករ​ជាខ្លាំង នៅពេលដែល​មន្ត្រី​ជំនាញ​ពិនិត្យ​ទៅលើ​ចំណី​អាហារ​ប្រភេទ​បន្លែ​ផ្លែឈើ ហើយ​រក​មិនឃើញ​មាន​ដាក់​សារធាតុ​គីមី​នោះ ព្រោះ​រាល់ថ្ងៃ​ពួកគាត់​មានការ​ព្រួយ​បារម្ភ​ណាស់​ពី​បញ្ហា​នេះ ប៉ុន្តែ​ក្រោយ​ពិនិត្យឃើញថា​មិនមាន​សារធាតុ​គីមី​បែបនេះ ពួកគាត់​ទុកចិត្ត​ហើយ​៕​មន​

ជិត​ដល់​ថ្ងៃ​ចូលឆ្នាំ មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នៅ​ផ្សារ​ព្រៃវែង​