ជិត​បំណាច់​ឆ្នាំ​២០១៨ ចំណូល​ពន្ធដារ​សរុប​នៅ​កោះកុង​មាន​ជាង​៧​ពាន់​លាន​រៀល​

1212
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​សាខា​ពន្ធដារ​ខេត្តកោះកុង​បាន​ប្រមូល​ចំណូល​ពន្ធ​សរុប​៧​ពាន់​៦៧២​លាន​រៀល នៅ​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨​នេះ ស្មើនឹង​១១០​ភាគរយ កើនឡើង​១០​ភាគរយ​នៃ​ផែនការ​ប្រមូល បើ​ធៀប​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​នេះ​បើតាម​ការបញ្ជាក់​របស់​អនុប្រធាន​សាខា​ពន្ធដារ​ខេត្តកោះកុង​។​

លោក​ឡុង​ស៊ី​ប៉ូ​អនុប្រធាន​សាខា​ពន្ធដារ​ខេត្តកោះកុង​បានឱ្យដឹង​កាលពី​ថ្ងៃទី​២៨ តុលា​ឆ្នាំ​២០១៨​ថា ក្នុងចំណោម​ថវិកា​ដែល​ប្រមូលបាន​ជាង​៧​ពាន់​លាន​រៀល​គឺ​កើនឡើង​៧០២​លាន​រៀល​ធៀប​នឹង​ពេល​ដូចគ្នា​ឆ្នាំ​២០១៧​។​ចំណូល​ពន្ធដារ​សរុប​ទទួលបាន​គឺមាន​ថវិកាជាតិ​៣​ពាន់​១២៧​លាន​រៀល ស្មើនឹង​៧៥​ភាគរយ​នៃ​ផែនការ​ប្រមូល និង​ថវិកា​ថ្នាក់ក្រោម​បាន​ចំនួន​៤​ពាន់​៥៤៤​លាន​រៀល ស្មើនឹង​១៦២​ភាគរយ​។​

​អនុប្រធាន​ព​ន្ឋ​ដារ​ខេត្តកោះកុង បានឱ្យដឹង​ទៀតថា នៅ​សស់​២​ខែ​ទេ​បំណាច់​ឆ្នាំ​២០១៨​នឹង​ផុត លោក និង​មន្ត្រីក្រោមឱវាទ​នឹង​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ចូលរួម​បង្កើន​ការងារ​គៀងគរ​ការប្រមូល​ពន្ធ​ដារ​តាម​ផែនការ​កំណត់ ដើម្បី​សម្រេច​ទៅតាម​ទិសដៅ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ និង​រដ្ឋាភិបាល​។​ពិសេស​ផ្សព្វផ្សាយ​អប់រំ​យល់ដឹង​ពី​សេវា​បង់ពន្ធ​ដល់​ពលរដ្ឋ និង​ភាគី​ជាប់​ពន្ធដារ​ចូលរួម​ថែមទៀត​។​

ដោយឡែក ចំពោះ​ការបង់ពន្ធ​វិស័យ​អចលនទ្រព្យ​វិញ សាខា​ពន្ធដារ​កោះកុង ប្រមូលបាន​ជាង​៨៤​ភាគរយ គិត​ជា​ថវិកា​ប្រមាណ​២០១​លាន​រៀល អំឡុងពេល​៩​ខែ​ឆ្នាំ​២០១៨​។ ចំណូល​ថវិកា​ប្រមូល​ពី​អចលនទ្រព្យ​នៅក្នុង​ខេត្តកោះកុង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ កើនឡើង​៣៣​លាន​រៀល ស្មើនឹង​១៩​ភាគរយ​។​

​លោក​ឡុង​ស៊ី​ប៉ូ​ក៏​ពន្យល់​ដែរ​ថា​នីតិវិធី​ប្រមូល​ពន្ធ​អចលនទ្រព្យ​ពី​ប្រជាពលរដ្ឋ​ធ្វើឡើង​តាមរយៈ​ដាក់​លិខិត​ប្រកាស​ដោយ​ស្ម័គ្រចិត្ត​និង​ការចាប់​បង្ខំ​ឱ្យ​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ​ទិញ​លក់​។​ករណី​ប្រជាពលរដ្ឋ​ដែលជា​ប់ព​ន្ឋ​ណា​ម្នាក់​ខកខាន​ពុំ​បានមក​បង់​ព​ន្ឋ​អចលនទ្រព្យ​នឹង​ទទួល​ការផាកពិន័យ​តាមច្បាប់​ស្តីពី​សារពើពន្ធ​ជា​ធរមាន​។​

​លោក ឡុង ស៊ី​ប៉ូ​៖ «​ពលរដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​ខកខាន​មិនទាន់​បង់ពន្ធ​អចលនទ្រព្យ​ទេ តាមច្បាប់​នឹងរង​ទោសទណ្ឌ​ពិន័យ​ជា​ថវិកា​១០​ភាគរយ និង​អត្រា​ការប្រាក់​២​ភាគរយ​ក្នុង​១​ខែ​»​។​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ធ្លាប់បាន​ប្រកាស​ពន្យា​ការបង់ពន្ធ​អចលនទ្រព្យ សម្រាប់​ឆ្នាំ​២០១៨ ដើម្បី​ផ្តល់ឱកាស​ឱ្យ​ម្ចាស់​អចលនទ្រព្យ​ទាំងឡាយណា​ដែល​ពុំទាន់​មក​បំពេញ​កាតព្វកិច្ច​ប​ង់​ពន្ធ​នៅ​បំណាច់​ខែតុលា​នេះ ត្រូវ​ចូលរួម​បង់ពន្ធ​កុំបី​ខាន​។ ពីព្រោះ​អគ្គនាយកដ្ឋាន​ពន្ធដារ នឹងមិន​ពន្យា​ពេល​បង់ពន្ធ​អចលនទ្រព្យ​២០១៨​ទៀត​ទេ​។​

គួរ​កត់សម្គាល់ថា​គិត​មកដល់​ឆ្នាំ​២០១៨​នេះ​រយៈពេល​៨​ឆ្នាំ​ដែល​ពន្ធ​អចលនទ្រព្យ​បាន​អនុវត្ត​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​តាំងតែ​ពី​ឆ្នាំ​២០១១​មកម្ល៉េះ​ហើយ​អចលនទ្រព្យ​ដែល​ជាប់ពន្ធ​រួមមាន​៖​សណ្ឋាគារ​ដីធ្លី​ផ្ទះសំណាក់​ឃ្លាំង​និង​សំណង់​អគារ​រោងចក្រ​ឧស្សាហកម្ម​ជាដើម​។​

​ចំពោះ​អចលនទ្រព្យ​ណា​មាន​ដែល​តម្លៃ​ស្មើ​១០០​លាន ឬ​ក្រោម​១០០​លាន​រៀល បូករួម​អចលនទ្រព្យ​កម្មសិទ្ធិ​របស់​រដ្ឋ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ វត្ត​អារាម ដីស្រែ​កសិកម្ម និង​កសិដ្ឋាន​ចិញ្ចឹមសត្វ មិន​តម្រូវឱ្យ​បង់ពន្ធ​ឡើយ​។​

​រាល់​បង់ពន្ធ​អចលនទ្រព្យ និង​ប្រកាស​ពន្ធ​ផ្សេងៗ​ប្រកបដោយ​តម្លាភាព គ្មាន​អំពើពុករលួយ និង​ចំណេញ​ពេលវេលា អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ពង្រីក​កិច្ចសហការ​ជាមួយ​ធនាគារ​អេស៊ីលីដា ធនាគារ​កាណាឌីយ៉ា​ធនាគារ​ANZ​និង​សាខា​ពន្ធដារ​ខេត្ត​ក្រុង​នានា​ដើម្បី​បង្ខិត​ការិយាល័យ​ផ្តល់​សេវា​បង់ពន្ធ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​៕S/

​ជិត​បំណាច់​ឆ្នាំ​២០១៨ ចំណូល​ពន្ធដារ​សរុប​នៅ​កោះកុង​មាន​ជាង​៧​ពាន់​លាន​រៀល