ជិះម៉ូតូឌុបគ្នាសុខៗ ត្រូវរថយន្ត ដឹកប្រេងបុកកិន ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ នៅខណ្ឌកំបូល

182
ចែករម្លែក

ដោយៈចាន់តូ:ភ្នំពេញ : យុវជន២ នាក់បានស្លាប់បាត់បង់ជីវិតម្នាក់ និង រងរបួសធ្ងន់ម្នាក់ ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាទៅកន្លែងស្នាក់នៅវិញត្រូវ រថយន្តដឹកប្រេងសណ្តោងធុនយក្សមួយគ្រឿងបុកចំពីមុខកិនពីលើ ពេញទំហឹង រួចព្យាយាមបើករត់ ត្រូវបានសមត្ថកិច្ចដេញចាប់មកវិញ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦ និង ៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី ៣១ ខែតុលា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៤ ជិតបុរីពិភពថ្មី ក្នុងភូមិគុល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះ តឿន រ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាង​ ពិតាន ស្នាក់នៅភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិជ្រេស ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ចំណែកម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ ត្រូវបាន​រថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ​គេឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវេវ ពណ៌ខៀវពាក់ផ្លាក លេខភ្នំពេញ កំពង់ឆ្នាំង 1F-9538ឌុបគ្នាចេញពីកន្លែងធ្វើការ តាមបណ្តោយផ្លូវ ជាតិលេខ៤ ទិសដៅពីលិចទៅកើត បំណងទៅកន្លែងស្នាក់នៅ។
ខណៈមក​ដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង
ក្បាលពណ៌ ស លាយពណខៀវ ឆ្នូត ក្រហមពាក់ផ្លាកលេខ ភ្នំពេញ3D-7332
បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើត ទៅលិច បញ្រ្ចាសទិសគ្នា​ លុះដល់ចំណុចកើតហេតុខាងលើរថយន្ត​ក៏ជ្រុលទៅបុកម៉ូតូបណ្តាលឲ្យខ្ទាតអ្នកអង្គុយនៅខាងក្រោយចូលកង់ រថយន្តខាងមុខផ្នែកខាងឆ្វេងកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកម្នាក់ទៀតជាអ្នកឌុបខ្ទាតចេញក្រៅ​រងរបួសធ្ងន់។

ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់ តែត្រូវបានប្រជាពលរដ្ឋឃើញ​ហេតុការណ៍នេះបានដេញចាប់បានប្រគល់ជូនសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍នគរបាល​រដ្ឋបាលកំបូលរង់ចាំប្រគល់ឲ្យជំនាញ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះ​មកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​​​រាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែក​សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុក​កំណើតធ្វើបុណ្យតាមប្រពៃណី៕/Ha