ជិះឡាន​ក្រុង​ដោយ​មិន​អស់ប្រាក់​ ក្នុងអំឡុងពេល​ចូលឆ្នាំ​

208
ចែករម្លែក

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​រាជរដ្ឋាភិបាល បានរៀបចំ​ឲ្យ​មាន​ឡានក្រុង​ជាង ១០០​គ្រឿង ដើម្បី​ដឹកជញ្ជូន​អ្នកដំណើរ​ដោយ​មិន​គិតថ្លៃ ពី​ភ្នំពេញ ទៅមក​តាម​បណ្តាខេត្ត​នានា ក្នុងពេល​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​។

​នៅ​អំឡុង​ចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅ​ឆ្នាំនេះ គឺ​ចាប់ពី​ព្រឹក​ព្រលឹម​ស្រាងៗ ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ ឡានក្រុង​ទាំង ១២០ គ្រឿង នឹង​ចេញដំណើរ​ពី​ភ្នំពេញ ទៅកាន់បណ្តា​ខេត្ត​នានា​។ នោះ​គឺ​រាជរដ្ឋាភិបាល តាមរយៈ​សាលា​រាជធានី​ភ្នំពេញ​ក៏បាន​រៀបចំរថយន្តក្រុង ចំនួន ១២០ គ្រឿង ដឹក​អ្នកដំណើរដោយ​មិន​គិតថ្លៃ​ចេញដំណើរ​ពីភ្នំពេញ​-​ទៅមក​បណ្តា​ខេត្ត​នានា នៅតាម​ផ្លូវជាតិ​លេខ​១ លេខ​២ លេខ​៣ លេខ​៤ លេខ​៥ លេខ​៦ លេខ​៧ និង​ផ្លូវជាតិ​លេខ​៨​។ ម៉ោង​ចេញដំណើរ គឺ​ចាប់ផ្តើម​ពី​ម៉ោង ៥ និង ៣០​នាទី​ព្រឹក ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិ​។​

​វិធានការ​រប​សប់រាជ​រដ្ឋាភិបាល ចេញ​ឡានក្រុង​ដឹក​អ្នកដំណើរ​ដោយ​មិន​គិតថ្លៃ​នេះ ដើម្បី​សម្រាល​បន្ទុក​ក្នុងការ​ចំណាយ​របស់​ប្រជាពលរដ្ឋ លើ​ការធ្វើដំណើរ​ទៅលេងស្រុកកំណើត ដើម្បី​ជួបជុំ​ក្រុមគ្រួសារ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ផង និង​ក៏​ជា​វិធានការ​មួយដើម្បី​ឆ្លើយតប​នឹង​ក្រុមហ៊ុន​ដឹកជញ្ជូន​ឯកជន និង​ឡាន​ឈ្នួល ដែល​តែងតែ​ឡើងថ្លៃនៅពេល​បុណ្យទាន​។ ឡានក្រុង​ជិះ​មិន​គិតថ្លៃ​នេះ​ក៏បាន​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។​
​ ​
​យ៉ាងណា​ក៏ដោយចុះ សម្រាប់​សេវា​ដឹកជញ្ជូន​មិន​គិតថ្លៃតាម​ឡានក្រុង​ទាំង ១២០ គ្រឿង ពី​ភ្នំពេញ​ទៅកាន់​បណ្តា​ខេត្ត​នានា នៅតាម​ផ្លូវជាតិ​ទាំង ៨​ខ្សែ ភ្ជាប់​ពី​ភ្នំពេញ​នេះ គឺ​អាជ្ញាធរទទួលបន្ទុក​រៀបចំ​ឡានក្រុង គួរតែ​ដាក់​កម្លាំង រៀបចំ​ឲ្យ​ប្រជាពលរដ្ឋឡើង​ឡានដោយ​មិន​ប្រជែង ដណ្តើម​គ្នា ដែល​នាំ​ឲ្យ​កើតជា​បញ្ហា​ជាយថាហេតុ​។

​ជាងនេះទៅទៀត អ្នកបើកបរ​ឡានក្រុង​ទាំងអស់នេះ ក៏​គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន បើកបរ​គោរព​ច្បាប់ និង​ដោយ​ទទួលខុសត្រូវ​ខ្ពស់ ព្រោះថា នៅពេល​បុណ្យទាន​ដូច្នេះ អ្នកធ្វើដំណើរ​តាមផ្លូវ​ច្រើន ហើយ​មនុស្ស​មួយ​ឡាន បានប្រគល់​វាសនា​លើ​អ្នកបើកបរ​។ បើកបរកុំ​លឿន​ពេក និង​ត្រូវគោរព​ច្បាប់​។​

​រីឯ​ប្រជាពលរដ្ឋអ្នកដំណើរជិះឡាន​ក្រុងដោយ​មិន​គិតថ្លៃ​វិញ ក៏​គួរតែ​ចូលរួម​សម្អាត អនាម័យ​លើ​ឡាន កុំ​ទទួលទាន​នំចំណី​អាហារ ទឹក ជាដើម ជុះ ឬ​កំពប់ លើ​ឡាន​។ រីឯ​អី​វ៉ាន់​យកតាម​ខ្លួន ក៏​គួរតែមាន​ត្រឹមតែ​ខោអាវ​បន្តិចបន្តួច និង​ជិះ​កុំ​ប្រជ្រៀត​គ្នាលើស​ចំណុះ ជាដើម​។ អង្គុយ​រៀបរយ​តាម​កៅអី ដាក់​ជើង​សមគួរ កុំ​អាង​តែ​របស់ free មិន​ស្រឡាញ់​របស់ ធ្វើ​អ្វីមួយ​នាំ​ឲ្យ​បាក់បែក ខូចខាត ក៏​មិនកើត​ទេ​។​

​ដូច្នេះ សូម​ចូលរួម​ទាំងអស់គ្នា ទាំង​អាជ្ញាធរ​សមត្ថកិច្ច ទាំង​អ្នកបើកបរ រួមទាំង​អ្នក ដំណើរ​ទាំងអស់ សូម​ប្រកាន់ខ្ជាប់​នូវ​ការទទួលខុសត្រូវ​ខ្ពស់ ​ហើយ​ធ្វើដំណើរ​ដោយសុវត្ថិភាព ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ជួបជុំ​ក្រុមគ្រួសារនៅ​ស្រុកកំណើតដោយ​រីករាយ​។ នៅពេល​វិល​ត្រឡប់មកផ្ទះ​នៅ​ភ្នំពេញ​វិញ ក៏​សុខ​សប្បាយ​ដូចគ្នា​៕ ដោយៈ ម៉េង​ឆៃ​/Ha