ជិះ​ម៉ូតូ​ឆ្លងថ្នល់​ត្រូវ​រថយន្តបុក​ស្លាប់​នៅ​ស្រុក​សំពៅ​លូន​

417
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ដោយ​ជិះ​ម៉ូតូ​ឆ្លងថ្នល់​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក NAVARA ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AI 7046 បុក​ប៉ើង​អ្នកជិះ​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ទឹ​ប៊ិច​រាប់​ម៉ែត្រ​បណ្តាលឱ្យ​ស្លាប់​នៅ​ចំណុច​ភូមិ​គីឡូ​១៣​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​កាលពី​ម៉ោង​២​រសៀល​ថ្ងៃទី​៤ ខែកុម្ភ​:​ឆ្នាំ​២០១៩​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា សព​បុរស​ដែល​ត្រូវ​រថយន្តបុក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​មានឈ្មោះ អ៊ុន ថន​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​។ ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ទុក​រថយន្ត​ចោល​ហើយ​រត់​គេចខ្លួនបាត់​ស្រមោល​។​

​សាក្សី​បាន​ប្រាប់​ប៉ូលិស​ថា​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ឆ្លងកាត់​ថ្នល់ ដោយ​មិនបាន​ពិនិត្យមើល​ឆ្វេង​ស្ដាំ​ទេ ស្របពេលនោះ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​កំពុងបើក​លឿន​លើ​ដងផ្លូវ ដោយ​ជាន់​ហ្វ្រាំង​មិនទាន់ ក៏​បុក​ជនរងគ្រោះ​ពេញទំហឹង​បណ្ដាល​ឲ្យ​ប៉ើង​រាប់សិប​ម៉ែត្រ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ក្រោយពេល​ពិនិត្យ និង​ធ្វើការ​វាស់វែង​រួច មន្ត្រី​ចរាចរណ៍​បាន​យក​រថយន្ត​និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​សំពៅ​លូន​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕ ល​