ជិះ​ម៉ូតូ​ឆ្លងផ្លូវ ត្រូវ​រថយន្តបុក​ពេញទំហឹង ស្លាប់​ក្មេង​ម្នាក់ របួសធ្ងន់​ម្នាក់​

396
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បុក​ជាមួយ​ម៉ូតូ​កំពុង​ជិះ​ឆ្លងផ្លូវ​មួយគ្រឿង បណ្តាល​ឲ្យ​ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់ ត្រូវ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់ នៅឯ​មន្ទីរពេទ្យ​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ជិត​រោងចក្រ​ម្សៅ​មី ម៉ែន សារុន ក្នុងភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​អ្នកបើកបរ​រថយន្ត​បង្ក ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ រ៉ា សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ បើកបរ​រថយន្តឈ្នួល ស្នាក់នៅ​ភូមិ​រំលេច ឃុំ​រំលេច ស្រុក​បាកាន ខេត្តពោធិ៍សាត់ បើកបរ​រថយន្ត​សាំ​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-5489​។ ចំណែកឯ​ជនរងគ្រោះ​ទាំង ២​នាក់​ខាងលើ ទី​១-​ឈ្មោះ នៅ សុភាព ភេទ​ស្រី អាយុ ៤៥​ឆ្នាំ មុខរបរ នៅផ្ទះ និង​ទី​២-​ឈ្មោះ សុខ ឡុង ភេទ​ប្រុស អាយុ ៦​ឆ្នាំ ស្លាប់ បច្ចុប្បន្ន​អ្នក​ទាំង ២​នាក់ ស្នាក់នៅ​ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ម៉ូតូ​ម៉ាក HONDA DREAM ស្លាក​លេខ ភ្នំពេញ 1FV 3954​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក និង​អ្នកបើកបរ ព្រមទាំង​ម៉ូតូ​រងគ្រោះ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​៕ ល​