ជិះ​ម៉ូតូ​ជែង​រថយន្ត​ដឹក​កម្មករ ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ចំ​ពីមុខ​ពេញទំហឹង រងរបួស​ធ្ងន់​

429
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ យុវជន​ម្នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​បើកបរ​វ៉ា​ជែង​និង​រថយន្ត​ដឹក​កម្មករ​រោងចក្រ ហើយក៏​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ចំ​ពីមុខ​ពេញ​ទំហឹង ខ្ទាត​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ទៅ​ចិញ្ចើមថ្នល់​ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចេញ​មកជួយ​ទាំងយប់​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧៖១០​នាទី​យប់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅត្រង់ចំណុច​ផ្លូវជាតិ​លេខ​០១ ស្ថិត​ក្នុងភូមិ ថ្នល់កែង ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​មានឈ្មោះ មឿ​ន បារី​ស ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង រងរបួស​ធ្ងន់​(​មិន​ពាក់មួក​) ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១២ ពណ៌​ខ្មៅ ស្លាក​លេខ ភ​.​ព ១l ៨៨៤៨ ។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ខាងលើ​ធ្វើ​ដំណើរ​​ពី​ទិសដៅ​កើត​ទៅ​លិច​យ៉ាង​លឿន។ មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បើក​វ៉ា​ជែង​រថយន្ត​ដឹក​កម្មករ​កម្មការិនី​រោងចក្រ ក៏​ជ្រុល​ទៅបុក​រថយន្ត​មកពី​មុខ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ប៉ើង​ទាំង​ម៉ូតូ ទាំង​មនុស្ស​តែម្តង​។​

​ប្រភព​បាន​បន្តទៀតថា ក្រោយ​កើតហេតុ​រថយន្ត​មិនបាន​ឈប់​ទេ ក៏​បើក​រត់គេច​បាត់​ពី​កន្លែងកើតហេតុ​បន្សល់ទុក​ជនរងគ្រោះ​ដេក​ស្តូកស្តឹង​នៅលើ​ថ្នល់ ត្រូវបាន​ពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ដឹកបញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។​

​ចំពោះ​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​៕​B/