ជិះ​ម៉ូតូ​ទៅបុក​ដើមឈើ ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

364
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ យុវជន​ម្នាក់​ក្នុងចំណោម​គ្នីគ្នា​ចំនួន​២​នាក់ ក្នុងនោះ​មាន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​មាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ពួកគេ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ហើយ​បាន​ជ្រុល​ចង្កូត​ទៅបុក​ដើមឈើ​ដែល​នៅតាម​ដងផ្លូវ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ​ដោយ​ខ្លួនឯង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ​ស្ថិតនៅ​ភូមិ​សណ្តាយ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

សមត្ថកិច្ច​អាជ្ញាធរ​ស្រុក​បន្ទាយស្រី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​បាត់ដំបង​១K៣៨៣៨ ឌុប​គ្នា​ធម្មតា​នៅលើ​ដងផ្លូវ​ក្នុងស្រុក​បន្ទាយស្រី ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​មិនដឹង​មូល ហេតុអ្វី ក៏​ស្រាប់តែ​រេ​ចង្កូត ហើយ​បុក​ដើមឈើ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​។​

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា យុវជន​ដែល​រងគ្រោះ​ដល់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​នោះ​មានឈ្មោះ ម៉ុ​ច មី​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ម្នាក់ទៀត​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ រិត ផេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​កកោះ​ជ្រុំ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

បច្ចុប្បន្ន​យុវជន​ដែល​រងរបួស​ធ្ងន់​ត្រូវបានបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ដើម្បី​សង្គ្រោះ​បន្ទាន់។ ចំណែកឯ​សាកសព​ជនរងគ្រោះ​ម្នាក់ទៀត ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕B/


#