ជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវ​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

911
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជន​ម្នា​ក់បាន​បោក​ក្បាល​បាក់ក​ស្លាប់ ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​បាន​យុវជន​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​បញ្ច្រាស​ទិសដៅ​ចរាចរណ៍ ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ពេញទំហឹង​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​មុខ​សាលា បឋមសិក្សា​អនុវត្ត រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​(​ស្លាប់​) មានឈ្មោះ ជួប ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ដូង ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង​។ ចំ​ណែ​យុវជន​ម្នាក់ ដែលជា​អ្នកបង្ក មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ បាន​រងរបួស​ធ្ងន់​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា ដ្រី​ម ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DG 4351 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ឆ្លង​មក​ខាងឆ្វេង​ដៃ​មក​ផ្លូវ​ម្ខាង​ទៀត ដោយ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍ បាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា ដ្រី​ម ដូចគ្នា ស៊េរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1D.1149 ជិះ​ដោយ​យុវជន​ម្នាក់​ពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​សង់​២០០៨ រងរបួស​ធ្ងន់​ត្រូវ​ដឹកយក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​ភ្លាមៗ​។ ដោយ​អកុសល​ជនរងគ្រោះ​រងរបួស​ធ្ងន់​ពេក បាន​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកមក​កន្លែងកើតហេតុ​វិញ​។ ចំណែក​យុវជន​ម្នាក់ទៀត ដែល​ជិះ​ម៉ូតូ​បង្ក​បាន​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ​គ្លី​នី​កឯក​ដឹក​យកទៅ​សង្គ្រោះ​ផងដែរ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង​យក ម៉ូតូ​ទាំងពីរ​គ្រឿង យកទៅ​រក្សាទុក​នៅ​ចរាចរណ៍ រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​។ ដោយឡែក​សព​សមត្ថកិច្ច​បាន​ប្រគល់ជូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី​៕ ល​