ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​បាក់ក​ស្លាប់​យ៉ាង​អាណោចអាធម៌​

764
ចែករម្លែក

ដោយ : សាវរក្ស/ ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​និង​ថ្នល់ ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ពាម សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សព​ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​ម៉ាក HONDA Dream C125 ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1M-8460 មានឈ្មោះ សាម៉ុន សា​មាត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខ​របប កម្មករសំណង់ មាន​ស្រុកកំណើត ភូមិ​អង្គ​ព្រះ ឃុំ​ច្រេះ ស្រុក​មេសាង ខេត្តព្រៃវែង ។ ចំណែក​តៃកុង​ឡាន​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើករថយន្ត​គេច​បាត់​ពី​កន្លែងកើតហេតុ ។

​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុគេបាន​ចេញមក​បត់ជើង​តូច​រួច​ក៏​លឺ​សំឡេង​បុក​ប្រាវ លាន់​ដូចរ​ន្ធះ ពេលលឺ​ដូច្នេះ​គាត់​ក៏​រត់​មក​មើល​ស្រាប់តែ​ឃើញ​រថយន្ត​បើក​ចេញ​យ៉ាង​លឿន​ ។ ចំណែក​ម៉ូតូ​រួមទាំង​ម្ចាស់​ម៉ូតូ​គៀប​ជាប់​គ្នា ដោយ​ជនរងគ្រោះ​បោក​ក្បាល​ទៅ​ហ្នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង រួច​គាត់​ក៏​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​អន្តរាគមន៍​តែម្តង ។

បច្ចុប្បន្ន​ក្រោយ​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​រួច សព​ត្រូវ​បានប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​(PL)​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ រងចាំ​ដោយ​ស្រាយ​តាម​ក្រោយ​៕​B