ជិះ​ម៉ូតូ​ប៉ះគ្នា​បន្តិចបន្តួច​ដក​កាំភ្លើងខ្លី​វាយ​ក្បាល​បែក​ឈាម​

561
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ជា​មន្ត្រីនគរបាល​ផ្នែក​ខាង​មន្ទីរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ដក​កាំភ្លើងខ្លី​វាយ​ទៅលើ​បុរស​ម្នាក់ទៀត​បណ្តាល​ឲ្យ​បែកក្បាល​បន្ទាប់ពី​ជិះ​ម៉ូតូ​ប៉ះគ្នា​បន្តិចបន្តួច​។ បង្ក​ជាការ​ភ្ញាក់ផ្អើល​បាន​កើតមានឡើង​ត្រង់​តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​កាលពី​យប់ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨​។

​ជនរងគ្រោះ​មានឈ្មោះ ហេង ទិ​ក ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ​។​ជនបង្ក​មាន​វ័យ​ជាង​៥០​ឆ្នាំ មិន​ប្រាប់​ឱ្យ​ស្គាល់ឈ្មោះ​ទេ​ដោយ គ្រាន់តែ​ដឹងថា​ជា​មន្ត្រីនគរបាល​ខាង​មន្ទីរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជា​ជនបង្ក​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ភី​ស៊ី​អ៊ិ​ច ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ និង​មាន​ម៉ូតូ​បើក​ដេញតាម​ពីក្រោយ​មួយគ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FI-3685​។​

បើកបរ​ដោយ​បុរស​ជា​ជនរងគ្រោះ និង​ម៉ូតូ​មាន​សភាព​បែកកា​បាំង​ផ្នែក​ខាងស្តាំ​។​ទាំងពីរ​គ្រឿង​បាន​បើក​ប្រដេញ​គ្នា​តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុងទិសដៅ​មកពី​ស្ពាន​អាកាស​៧​មករា​ឆ្ពោះ​ឡើងទៅ​ស្តុ​ប​ណូគា​។​

លុះ​មកដល់​ចំណុចកើតហេតុ​ពី​ទាំង​គ្រឿង​ក៏បាន​ឈប់ ចុះ​និយាយ​គ្នា​យ៉ាង​តឹងសរសៃក​រៀងៗ​ខ្លួន​។ បន្ទាប់មក​ស្រាប់តែ​ជនបង្ក​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក K54 ចេញពី​ចង្កេះ​រួច​វាយ​ទៅលើ​ក្បាល​របស់​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែក​ឈាម​ហូរ​ស្រោច​ខ្លួន ហើយក៏​កើតជា​ការប្រតាយប្រតប់​គ្នា​ឡើង​។ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ជនបង្ក​បាន​ដក​លុយ​ចំនួន​២០០​ដុល្លារ​ឱ្យទៅ​ជនរងគ្រោះ រួច​ក៏​ឡើង​ម៉ូតូ​ជិះ​ចេញទៅ​។​នៅត្រង់ចំណុច​ផ្ទះ​អត់​លេខ ផ្លូវ​៣៧១​សុ​លា ស្ថិតក្នុង​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ​។

​តែ​ភ្លាមនោះ​ក៏មាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​រាយការណ៍​ជូនទៅ​សមត្ថកិច្ច​មូលដ្ឋាន ហើយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ជនបង្ក​ដល់ផ្ទះ​របស់​ភ្លាមៗ រួច​នាំយកទៅ​សាកសួរ​នាំ​នៅឯ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​តែម្តង​។

​បច្ចុប្បន្ន​ជនរងគ្រោះ​និង​ជនបង្ក​ត្រូវ​រួមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​យកទៅ​សាក​សួរនាំ​និង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅឯ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ​និង​ចាត់​វិធានការណ៍​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ​៕S/​

ជនបង្កយកកាំភ្លើងវាយក្បាលគេ