ជិះ​ម៉ូតូ​មក​ផ្ញើទុក​ក្បែរ​កន្លែង​ធ្វើ​ផ្ទះ​ ត្រូវ​ចោរលួច​កាច់កជិះ​រត់​ តែ​ព្រះ​មិន​ជួយ ​ដួល​ខ្លួនឯង​របួសធ្ងន់​

268
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ​៖ ​បុរស​ជាជាង​ធ្វើ​ផ្ទះយក​ម៉ូតូ​មក​ផ្ញើ​ក្រោមផ្ទះ​ក្បែរ​កន្លែង​សង់ផ្ទះ ភ្លេចខ្លួនត្រូវចោ​រលួច​កាច់ក​ជិះ​រត់ ​សំណាងល្អ​ម្ចាស់​ឃើញ​ទាន់​ក៏​ដេញតាម ធ្វើឲ្យ​ចោរជិះ​កាន់តែ​លឿន ​បណ្តាលឲ្យ​ដួល​ខ្លួនឯង​រងរបួស ​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​។​

​ករណី​ចោរលួច​កាច់ក​ម៉ូតូ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​១៥​នាទី​ ថ្ងៃទី​២៨ ​ខែ​មីនា​ ឆ្នាំ​២០១៩ ​នៅ​ភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ​ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឲ្យដឹង​ថា ​នៅ​មុនពេល​កើតហេតុ​ ឈ្មោះ ទូច ភុ​ន ភេទ​ប្រុស​អាយុ៤៥​ឆ្នាំ មុខរបរ​ជាង​ធ្វើ​ផ្ទះ​ មាន​លំនៅ​ភូមិ​អង្គ​សាលា ឃុំចំបក់ ស្រុក​ស្វាយជ្រំ​ បាន​យកម៉ូតូមកផ្ញើ​នៅក្រោម​ផ្ទះ​ឈ្មោះ​ សៅ ណា​សាំង ភេទ​ប្រុស​ អាយុ២៧​ឆ្នាំ ​នៅ​ភូមិ-ឃុំកើតហេតុ​ខាងលើ​ រួច​ដើរទៅ​ធ្វើ​ផ្ទះ​ឈ្មោះ ​ហែម និ​ត ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ នៅផ្ទះ​ក្បែរ​គ្នា។​

ប្រភព​បាន​បន្តទៀតថា​ ​កំពុង​ធ្វើ​ផ្ទះ​ ស្រាប់​តែឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​ មិន​ស្គាល់​អត្ត​សញ្ញាណ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​ឌុប​គ្នា​មកដល់​ផ្ទះ​ដែល​ផ្ញើ​ម៉ូតូ​ក៏​ទម្លាក់​ម្នាក់​ចុះ​ធ្វើ​សកម្មភាព​លួច​កាច់កម៉ូតូ​រួច​ជិះ​ចេញទៅ​ទិស​ខាងលិច​ តែ​ចៃដន្យ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ ស្រែក​ឆោឡោ​ និង​បាននាំគ្នា​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​រហូតដល់​ភូមិ​ស្វាយចេក ឃុំស្វាយ​ធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ជនសង្ស័យ​ជិះ​ម៉ូតូ​លឿន​ពេក​បណ្តាលឲ្យដូ​ល​ខ្លួនឯង​រងរបួស​ធ្ងន់។ ពេលនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​និង​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​។

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ស្រុក​ស្វាយជ្រំ ​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឈើទាល ​កំពុង​កសាង​សំណុំ​រឿង ​និង​ស្រាវជ្រាវ​កំណត់​យក​សាវតា​ជាតិ ៕B/​Ha

#