ដោយ : ចាន់តូ/ ភ្នំពេញ ៖ បុរសបានម្នាក់ជិះម៉ូតូស៊ុយហ្ស៊ុយគីឡែត មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ងត៍ដែលកំពុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ត្រង់ចំណុចច្រកចូលផ្សារទំនើបអ៊ីអ៊នទី២ ផ្លូវឧកញាម៉ុងរឹទ្ធី កែងនិងផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក FUSO ពណ៌ស ជាប្រភេទរថយន្តក្រឡុកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ព្រះសីហនុ5A-0150 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ខាងលើ រថយន្តខាងលើក៏បាន បើកបត់ឆ្វេងទៅផ្លូវឧកញាម៉ុងរឹទ្ធីដោយខ្វះការប្រុងប្រយ័ត្ន។ ខណៈពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ស៊ុយហ្ស៊ុយគីឡែត ពណ៌សលាយខៀវ ពាក់ស្លាកលេខ កំពត1L-2257 ដែលបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវឧកញាម៉ុងរិទ្ធី ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវខ្វែង ក៏ជ្រុលទៅបុករថយន្តខាងលើចំពាក់កណ្តាល បណ្តាលឲ្យរថយន្តកិនម៉ូតូអូសជិតដប់ម៉ែត្ររងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ ភ្លាមនោះអ្នកបើកបរថយន្តបានលោតចុះពីលើរថយន្តបព្យាយាម រត់គេចខ្លួន តែក៏ត្រូវប្រជាពលរដ្ឋដែលនៅក្បែរនោះចាប់ឃាត់ប្រគល់ឲ្យសមត្ថកិច្ចជំនាញ។
ក្រោយពេលកើតហេតុម៉ូតូនិងរថយន្ត រួមទាំងអ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញវាស់វែងនាំយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕B