ជិះ​ម៉ូតូ​វ៉ា​ជែង​មិន​ផុត​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​បែន​ដឹក​ថ្ម​កិន​ស្លាប់​២​នាក់​នៅ​ខណ្ឌមានជ័យ

801
ចែករម្លែក

(ភ្នំពេញ)៖ ម៉ូតូ​ហ្វី​ណូ​មួយគ្រឿង​ជិះ​ដោយ​យុវជន​គ្នា​២​នាក់ បើក​បោះពួយ​ល្បឿន​លឿន​វ៉ា​ជែង​រថយន្ត​ខាងមុខ តែ​មិន​ផុត​ក៏​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​បែន​ដឹក​ថ្ម បើក​ច្រាសទិស បណ្តាល​ឲ្យ​កិន​ស្លាប់​២​នាក់​នៅ​កន្លែង កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ​ ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​យុវជន​រងគ្រោះ​ទាំង​២​នាក់​ស្លាប់​នៅ​កន្លែង ទី​១ ឈ្មោះ អឿន ធា​លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករសំណង់ ។ ទី​២ ឈ្មោះ​ប៉ុន ធឿន ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មុខរបរ​កម្មករសំណង់ ទាំងពីរ​ស្នាក់នៅ​ខណ្ឌ​សែន​សុខ​មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ងួន ឃុំ​តា​ងួន ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវជា​បងប្អូនជីដូន​មួយ​នឹង​គ្នា ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ប្វី​ណូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1X-3832 ។ ចំណែក​រថយន្ត​បែន​បង្ក ម៉ាក ហ៊ី​ណូ យី​ឌុប ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-3832 ដឹក​ថ្ម របស់​ក្រុមហ៊ុន នឹម ម៉េង អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ ក្រោយ​កើតហេតុ​រត់គេចខ្លួន​បាត់ ។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ឌុ​វ​គ្នា​ល្បឿន​លឿន ពី​ជើង​ទៅ​ត្បូង ដល់​ចំណុចកើតហេតុ វ៉ា​ជែង​រថយន្ត​ខាងមុខ តែ​មិន​ផុត​ជ្រុល​ទៅបុក​រថយន្ត​បែន​ដឹក​ថ្ម បើក​ពី​ត្បូង​ទៅ​ជើង​ច្រាសទិស​គ្នា បណ្តាល​ឲ្យ​កិន​ស្លាប់​ទាំង​២​នាក់ ។​

​ក្រោយ​កើតហេតុ សាកសព​ត្រូវបាន​នគរបាល​ប្រគល់ជូន​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ក្រុងភ្នំពេញ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕​ ​ដោយ ៖សាវ​រក្ស​

ជិះ​ម៉ូតូ​វ៉ា​ជែង​មិន​ផុត​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​បែន​ដឹក​ថ្ម​កិន​ស្លាប់​២​នាក់​នៅ​ខណ្ឌមានជ័យ​ (រូប៖ សាវរក្ស)