ជិះ​ម៉ូតូ​វ៉ា​រថយន្ត​មិន​ផុត​ជ្រុល​បុក​រថយន្ត​មួយគ្រឿង​ទៀត ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

1280
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជន​ម្នា​ក់បាន​បាត់បង់​ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​ជិះ​ម៉ូតូ​វ៉ា​រថយន្ត​មិន​ផុត​ជ្រុល​ទៅបុក​រថយន្ត​ធន់​ធំ​មួយគ្រឿង​ផ្សេងទៀត កាលពី​វេលា​ម៉ោង ៥​និង​១៥​នាទី​ព្រឹក ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ផ្លូវ​២០០៤ ភូមិ​រលា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ វ៉ាន់ រ៉ា​ដេ​ត អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣ ផ្លូវ​លេខ​៦១០ ភូមិ​២១ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ជិះ​ម៉ូតូ​ម៉ាក FZ ពាក់​ស្លាក​លេខ ភ្នំពេញ 1CA-8398​។ ចំណែក​រថយន្ត​ជា​ប្រភេទ​រថយន្ត​ធុន​ធំ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-8661 ក្រោយ​កើតហេតុ​អ្នកបើកបរ​ចុះ​រត់គេច​បាត់ស្រមោល ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ខាងលើនេះ ជិះ​ម៉ូតូ​តែម្នាក់ឯង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​រថយន្ត​ធុន​ធំ​បើក​ក្នុង ទិសដៅ​ពី​ជើង​ទៅ​ត្បូង (​បញ្ច្រាសទិស​គ្នា )​។ លុះ​ជិត​មកដល់​ចំណុចកើតហេតុ ម៉ូតូ​បាន​បន្ថែម​ល្បឿន​ដើម្បី​វ៉ា​រថយន្ត​នៅ​ពីមុខ ប៉ុន្តែ​ចៃដន្យ​វ៉ា​ក់​អើ​ទើប​ជ្រុល​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ចរាចរ​រាជធានី​ភ្នំពេញ ដោយឡែក​សព​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​