ជិះ​ម៉ូតូ​ឡើង​វ៉ា​រថយន្ត​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ហ្វុ​យ​សូ បណ្តាល​ឲ្យ​ស្លាប់​

665

(​បាត់ដំបង​)៖ បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បើក​ម៉ូតូ​វ៉ា​រថយន្ត ១​គ្រឿង ទៀត​ដែល​បើក​ស្រប​ទិស​គ្នា ហើយ​ជ្រុល​ចង្កូត​ទៅ​ឆ្វេង​ដៃ​ចូល​ក្រោម​រថយន្ត​ធុន​ធំ​ម៉ាក​ហ្វុ​យ​សូ​។ ហេតុការណ៍​នេះ កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ក្រុមទី​៦ ភូមិ​ពុកឆ្មារ ឃុំ​អន្លង់​វិល ស្រុក​សង្កែ កាលពី​ម៉ោង​៩:១០​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧​។ តៃកុង​រថយន្ត​បាន​ទុក​រថយន្ត​ចោល​ហើយ​ដាក់​មេ​ផាយ​បាត់​។

​លោក ជា វ​ណ្ណី អធិការរង​នគរបាល​ស្រុក​សង្កែ​ទទួលបន្ទុក​ផ្នែក​សណ្តាប់ធ្នាប់ បាន​ឲ្យ​ដឹងថា សាកសព​មានឈ្មោះ ម៉ន សុ​ម៉ែន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។ ចំណែក​តៃកុង​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ក្រោយ​គ្រោះថ្នាក់​បាន​រត់គេចខ្លួន​បាត់ មុន​សមត្ថកិច្ច​ទៅដល់ ដោយ​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។ គ្រោះថ្នាក់​នេះ គឺ​ខាង​ម៉ូតូ​ជា​អ្នក​ខុស​បើកបរ​មិន​ប្រកាន់​ស្តាំ​។​

​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ដែល​ចុះទៅ​វាស់វែង​ថា មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​យ៉ាង​លឿន ពី​ទិស​បាត់ដំបង​ទៅ​ភ្នំពេញ​។ ពេលមកដល់​កន្លែងកើតហេតុ​បាន​ឡើង​វ៉ា​រថយន្ត​១​គ្រឿង​ទៀត ដែល​បើក​ទិស​គ្នា ក៏​ជ្រុល​ចង្កូត​ទៅ​ចូល​ក្រោម​ឡាន​ហ្វុ​យ​សូ​ពណ៌​លឿង ពាក់​ស្លាក​លេខ កំពង់ធំ 3A 1178 ដែល​បើក​បញ្ច្រាសទិស​គ្នា​មួយ​ទំហឹង បណ្តាល​ឲ្យ​ស្លាប់​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ ហើយ​ត្រូវ​រថយន្ត​សង្គ្រោះ​នគរបាល​ខេត្ត​ដឹក​ទៅ​ស្រុក​បរិបូណ៌​ខេត្ត​កំពង់​ឆ្នាំ ប្រគល់ជូន​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ចំណែក​មធ្យោបាយ​ទាំងពីរ​គ្រឿង ត្រូវ​ប៉ូលិសចរាច​ណ៍​ខេត្ត​អូស យកទៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ហ្វុ​យ​សូ​មក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕L ដោយ​៖ គ្រញូង​