ជីបម៉ុង​ចូលរួម​គម្រោង​សិក្សា​ជួសជុល​និង​កែលម្អ​រមណី​ដ្ឋា​ន​ប្រ​វត្ត​សាស្ត្រ​វត្តភ្នំ​និង​អគារ​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ

405
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​ជីបម៉ុង​បាន​ចូលរួម​សហការ​គម្រោង​សិក្សា​ជួសជុល​និង​កែលម្អ​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​ឱ្យ​កាន់តែ​ស្រស់ស្អាត​ដែលជា​បេះដូង​នៃ​រាជធានី​ភ្នំពេញ​និង​កែលម្អ​អគារ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​ដែលមាន​អាយុកាល​ជិត​មួយ​សតវត្សរ៍​តាមរយៈ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​រវាង​ភាគី​ក្រុមហ៊ុន​និង​តំណាង​សាកលវិទ្យាល័យ​។

​កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩ ក្រុមហ៊ុន ជីប ម៉ុង និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រលើ​គម្រោង​នេះ​ដោយមាន​ការចូលរួម​ពី​លោក​សោម​សុគន្ធ​រដ្ឋលេខាធិកា​រ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ព្រមទាំង​សាស្ត្រាចារ្យ​និង​និស្សិត​ប្រមាណ​២០០​នាក់​។​

បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ នាយក​ផ្នែក​ធនធានមនុស្ស និង​ទំនាក់ទំនង​សាធារណៈ របស់​ក្រុមហ៊ុន ជីប ម៉ុង បាន​ថ្លែងថា​«​ក្រុមហ៊ុន​ជីបម៉ុង​នឹង​ផ្តល់​ការសហការ​ជួយ​ជួសជុល​ដំបូល​អគារ​D​ដែលជា​អគារ​មាន​វ័យ​ចំណាស់​ឧបត្ថម្ភ​ផ្សេងៗ​តាម​តម្រូវការ​របស់​សាកលវិទ្យាល័យ​និង​តាម​លទ្ធភាព​ក្រុមហ៊ុន​ព្រមទាំង​អនុញ្ញាត​ឲ្យ​និស្សិត​ចុះ​កម្មសិក្សា​ជាមួយ​ក្រុមហ៊ុន​ជីបម៉ុង​»​។

​លោក​បណ្ឌិត ហេង សុ​ផា​ឌី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បានឱ្យដឹងថា នេះ​ជា​សករាជ​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​ដែល​បាន​ចាប់​ដៃគូ​សហការ​ជាមួយ​វិស័យ​ឯកជន​ជាពិសេស​ក្រុមហ៊ុន​ជីបម៉ុង​ដើម្បី​រួមចំណែក​អភិរក្ស​និង​អភិវឌ្ឍ​មរតក​វប្បធម៌​ជាតិ​៕S/

​ចំណងជើង​រូបថត​៖​ក្រុមហ៊ុន​ជីបម៉ុង​និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រលើ​គម្រោង​សិក្សា​ជួសជុល​និង​កែលម្អ​រមណី​ដ្ឋា​ន​ប្រ​វត្ត​សាស្ត្រ​វត្តភ្នំ​និង​អគារ​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​(​រូបៈ​សុផល​)