ជីវិត​តស៊ូ​ឧកញ៉ា​ឡេង​ណា​វ៉ា​ត់​ត្រា​ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ការងារ​គ្រោង​ថត​ជា​ខ្សែ​វីដេអូ

455

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង ការងារ​បាន​បង្ហើប​ថា លោក​គ្រោង​នឹង ផលិត​ខ្សែ​វីដេអូ​មួយ​ដែល និយាយ​ពី​ការ តស៊ូ​នូវ​ជីវិត​ពិត​របស់​តារាចម្រៀង និង​ជា​ចាងហ្វាង​ផលិតកម្ម Galaxy លោក ឡេង ណា​វ៉ា​ត់​ត្រា ដើម្បី​ជា ការ​ក្រើនរំលឹក និង​ជា​បទពិសោធន៍​ដល់ ពលករ​នៅ​ប្រទេស កូរ៉េ​ទាំងអស់ អាច យក​ជា​គំរូ​សម្រាប់​ទៅ​ថ្ងៃ​អនាគត​។
​ ​
​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា ដែលមាន​ប្រវត្តិ​តស៊ូ​ពី កម្មករសំណង់​រហូត​ចំណាកស្រុក​ទៅ ធ្វើ​ពលករ​នៅ ប្រទេស​កូរ៉េ បាន​កែប្រែ​ជីវិត​របស់ខ្លួន ពី​កម្មករ​កម្សត់ មកជា​ឧកញ៉ា​វ័យក្មេង​។ ការផ្លាស់​ជីវិត​បែបនេះ​បានធ្វើឱ្យ មជ្ឈដ្ឋាន​ផ្សេងៗ​យល់ឃើញថា ទាំងនេះ កើតចេញពី​ការ តស៊ូ​ប្រឹងប្រែង​រហូត​សម្រេចបាន​ជោគជ័យ ។
​ ​
​ថ្វី​ត្បិត​ក្លាយខ្លួនជា​អ្នកមាន ទ្រព្យសម្បត្តិ​ស្តុក​ទៅហើយ តែ​ឧកញ៉ា វ័យក្មេង នៅតែ​មិន​ភ្លេច​គ្រា ដែល​កម្សត់ និង​បាន​ចែករំលែក​ទាន​ជាច្រើន​ដល់​ជន ក្រីក្រ និង​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ទាំងនេះ អាចជា​ដើមចម​មួយ​ដែល​អាច​ទាញ យក​ប្រជាប្រិយភាព​របស់ លោក ឡេង ណា​វ៉ា​ត់​ត្រា ក្នុង​ងារ​ជា​លោក​ឧកញ៉ា ដែលមាន​សន្តាន​ចិត្តល្អ​មួយរូប ។
​ ​
​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ក្រោយ មានឈ្មោះ​ក្នុង​សិល្បៈ ក៏ដូចជា​ក្នុង សង្គម​លោក ឡេង ណា​វ៉ា​ត់​ត្រា ត្រូវបាន រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង បាន​សរសើរ​ឧកញ៉ា​វ័យក្មេង មិន​ដាច់​ពី​មាត់​ថា ជា​គំរូ​ដ៏​ល្អ​មួយ​ដែល ប្រឹងប្រែង និង​បាន​ការតស៊ូ​ពី​ជីវិត ពលករ​នៅ​កូរ៉េ វិវឌ្ឍន៍​ខ្លួន​ក្លាយជា ឧកញ៉ា​វ័យក្មេង ហើយ​មិន​ត្រឹមតែ ប៉ុណ្ណោះ​ទេ​លោក​បាន​ជួយ​ជ្រោមជ្រែង បងប្អូន​ពលករ​ខ្មែរ​ទៀតផង​។​
​ ​
​លោក​អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បាន​អញ្ជើញ ជា​អធិបតី​ចូលរួម បើក​កម្ម​ពិធី​សង្ក្រាន្ត​នៅ​កូរ៉េ​កាល ពីថ្ងៃ ទី​១៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីក្រុង សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ដែល មាន​វត្តមាន​ចូលរួម​ពី​គណៈអធិបតី បី​រូប​ទៀត គឺ​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គ​-​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ កូរ៉េ​, លោក​ហេង សួរ និង​លោក សេង សក្កដា​។ ជាមួយគ្នា​នោះ​ក៏មាន​វត្តមាន លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង លោក ហេង ឡុង ប្រធាន​សមាគម មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែល បាន​ដឹកនាំ​សិល្បករ សិល្បការិនី​ទៅ សម្តែង​ជូន​បងប្អូន​ពលករ​ខ្មែរ​នៅ​ទីនោះ ផងដែរ ។​
​ ​
​លោក​រដ្ឋមន្ត្រី ចង់ឱ្យ​បង្កើត វីដេអូ​ប្រវត្តិ​តស៊ូ​របស់​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដើម្បី​ទុកជា​គំរូ ជូន​បងប្អូន ពលករ​ខ្មែរ​ឱ្យធ្វើ​យ៉ាងណា​ត្រូវ​ចេះ កែប្រែ​ខ្សែជីវិត​ដូច​លោក ណា​វ៉ា​ត់​ត្រា ឬ​ប្រសើរ​ជាង​នេះ ព្រោះថា លោក មិន​ចង់ឃើញ​បងប្អូន​មក​ធ្វើការ​រាប់​ឆ្នាំ ពេល​ត្រឡប់មក ស្រុក​ខ្មែរ​វិញ គ្មាន​សល់ អ្វី​ជា​ដុំកំភួន​នោះឡើយ ពោលគឺ​លោក ចង់ឱ្យ​ពលករ​ខ្មែរ ក្រោយ​ត្រឡប់​ទៅ ស្រុកកំណើត​វិញ​បាន​ទាំង​ចំណេះដឹង ចំណេះធ្វើ​ពាក់ព័ន្ធ​វិស័យ​នីមួយៗ​មក អនុវត្តន៍​នៅលើ​ទឹកដី​កម្ពុជា ៕ ដោយ​: បញ្ញា​សាស្ត្រ​
​លោក​អ៊ិត សំហេង និង​លោក ឡេង ណា​វ៉ា​ត់​ត្រា​