ជីវិត​តស៊ូ លោក ឡេង ណា​វ៉ា​ត់​ត្រា ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ការងារ​គ្រោង​ថត​ជា​ខ្សែ​វីដេអូ

1307
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: រដ្ឋមន្ត្រីក្រសួង​ការងារ បាន​បង្ហើប​ថា លោក​គ្រោង​នឹង​ផលិត​ខ្សែ​វីដេអូ​មួយ ដែល​និយាយ​ពី​ការតស៊ូ​នូវ​ជីវិត​ពិត​របស់​តារាចម្រៀង និង​ជា​ចាងហ្វាង​ផលិតកម្ម Galaxy លោក ឡេង ណា​វ៉ា​ត់​ត្រា ដើម្បី​ជាការ​ក្រើនរំលឹក និង​ជា​បទពិសោធន៍​ដល់​ពលករ​នៅ​ប្រទេស​កូរ៉េ​ទាំងអស់ អាច​យក​ជា​គំរូ​សម្រាប់​ទៅ​ថ្ងៃ​អនាគត​។

​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា ដែល​កើតចេញពី​ប្រ​វត្ត​តស៊ូ កម្មករសំណង់​រហូត​ចំណាកស្រុក​ទៅធ្វើ​ពលករ​នៅ​ប្រទេស​កូរ៉េ បាន​កែប្រែ​ជីវិត​របស់ខ្លួន ពី​កម្មករ​កំសត់ មកជា​លោក​ឧកញ៉ា​វ័យក្មេង បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ផ្សេងៗ យល់ឃើញថា ទាំងនេះ​កើតចេញពី​ការតស៊ូ​ប្រឹងប្រែង​រហូត​សម្រេចបាន​ជោគជ័យ​។

​ថ្វី​ត្បិត​ក្លាយខ្លួនជា​អ្នកមាន​ទ្រព្យសម្បតិ្ត​ស្តុក​ទៅហើយ តែ​លោក​ឧកញ៉ា​វ័យក្មេង នៅតែ​មិន​ភ្លេច​គ្រា​ដែល​កំសត់ និង​បាន​ចែករំលែក​ទាន​ជាច្រើន​ដល់​ជនក្រីក្រ និង​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ទាំងនេះ អាចជា​ដើមចម​មួយ​ដែល​អាច​ទាញយក​ប្រជាប្រិយភាព​របស់ លោក ឡេង ណា​វ៉ា​ត់​ត្រា ក្នុង​ងារ​ជា​លោក​ឧកញ៉ា ដែលមាន​សណ្តាន​ចិត្តល្អ​មួយរូប​។

​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ក្រោយ​មានឈ្មោះ​ក្នុង​សិល្បៈ ក៏ដូចជា​ក្នុងសង្គម លោក ឡេង ណា​វ៉ា​ត់​ត្រា ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង បាន​សរសើរ​ឧកញ៉ា​វ័យក្មេង​មិន​ដាច់​ពី​មាត់​ថា ជា​គំរូ​ដ៏​ល្អ​មួយ​ដែល​ប្រឹងប្រែង និង​បាន​ការតស៊ូ​ពី​ជីវិត​ពលករ​នៅ​កូរ៉េ វិ​វ​ឌ្ឍ​ខ្លួន​ក្លាយជា​ឧកញ៉ា​វ័យក្មេង ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោក​បាន​ជួយ​ជ្រោមជ្រែង​បងប្អូន​ពលករ​ខ្មែរ​ទៀតផង​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ចូលរួម​បើក​កម្ម​ពិធី​សង្ក្រាន្ត​នៅ​កូរ៉េ កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ដែលមាន​វត្តមាន​ចូលរួម​ពី​គណៈអធិបតី​៣​រូប​ទៀត គឺ​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​, លោក ហេង សួរ និង​លោក សេង សក្កដា​។ ជាមួយគ្នា​នោះ ក៏មាន​វត្តមាន​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែល​បាន​ដឹកនាំ​សិល្បករ​សិល្បការិនី ទៅ​សម្តែង​ជូន​បងប្អូន​ពលករ​ខ្មែរ​នៅ​ទីនោះ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី ចង់​ឲ្យ​បង្កើត​វីដេអូ​ប្រវត្តិ​តស៊ូ​របស់​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដើម្បី​ទុកជា​គំរូ​ជូន​បងប្អូន​ពលករ​ខ្មែរ ឲ្យ​ធ្វើយ៉ាងណា​ត្រូវ​ចេះ​កែប្រែ​ខ្សែជីវិត ដូច​លោក ណា​វ៉ា​ត់​ត្រា ឬ​ប្រសើរ​ជាង​នេះ ព្រោះថា លោក​មិន​ចង់ឃើញ​បងប្អូន​មក​ធ្វើ​ការរាប់​ឆ្នាំ​ពេល​ត្រលប់មក​ស្រុក​ខ្មែរ​វិញ គ្មាន​សល់​អ្វី​ជា​ដុំកំភួន​នោះឡើយ ពោលគឺ​លោក​ចង់​ឲ្យ​ពលករ​ខ្មែរ ក្រោយ​ត្រលប់​ទៅ​ស្រុកកំណើត​វិញ បាន​ទាំង​ចំណេះដឹងចំណេះធ្វើ​ពាក់ព័ន្ធ​វិស័យ​នីមួយៗ មក​អនុវត្ត​នៅលើ​ទឹកដី​កម្ពុជា​៕

#