ជីវិត​អ្នកមាន​

1213
ចែករម្លែក

​ថ្ងៃមុន ទៅ​វាល​យន្ដហោះ ឃើញ​អ្នកមាន​បរទេស​ម្នាក់ ជិះ​យន្ដហោះ​ផ្ទាល់ខ្លួន មក​ស្រុក​ខ្មែរ ហើយ​ចេញ​ច្រក វី អាយ ភី ដោយមាន​រថយន្ដ មែរ​សឺ​ដេ​ស អមដោយ​ស្រី​ស្អាត​កម្ពុជា ទៅ​ទទួល​ដល់​ជណ្ដើរ​យន្ដហោះ ទៅទៀត ។​

​ខ្ញុំ​មិនដឹងថា គាត់​ជា​ស្អី​ទេ តែ​ខ្ញុំ​គិតថា ជីវិត​គាត់ ហ៊ឺហារ គួរ​ឲ្យ​ច្រណែន ។ ឃើញ​ខ្ញុំ​សម្លឹង​គេ ភ្លឹក​បែបនេះ លោក ប៉ូលិស ដែលមាន​ភារកិច្ច នៅ​ទីនោះ កេះ​ខ្ញុំ ហើយ​ប្រាប់ថា លោក​អម្បាញ់មិញ​នេះ ជា​ថៅកែ​កូរ៉េ ។ គាត់​ឧស្សាហ៍​ស្ពាយ​លុយ មកលេង​នៅកាស៊ី​ណូ ស្រុក​ខ្មែរ​ណាស់ ។ ខ្ញុំ​ងក់ក្បាល ទោះ​ជឿ ឬ​មិន​ជឿ​ក៏ដោយ ព្រោះ​លោក​ប៉ូលិស​រូបនេះ និង​ខ្ញុំ ដូច​តែ​គ្នា​តើ ។​

​ថ្ងៃក្រោយ​មកទៀត ខ្ញុំ​ក៏​មក​វាល​យន្ដហោះ​ម្ដងទៀត ក៏​ស្រាប់តែ​ឃើញ អ្នកមាន​បរទេស ផ្សេង​មួយរូប​ទៀត ហ៊ឺហារ មិន​ចាញ់​លោក​កូរ៉េ ថ្ងៃមុន​ឡើយ គឺមាន​ឡាន​ទំនើប ស្រី​ស្អាត មក​ទទួល​ដូចគ្នា ។ លោក​ប៉ូលីស​ដដែល​នេះ​ប្រាប់​ខ្ញុំ​ថា គាត់​ជា​ថៅកែ​ចិន មកលេង​ល្បែង ។ ខ្ញុំ​ក៏​ប្រថុយ​ជឿ​គាត់​ទៅ ព្រោះ​គាត់ ធ្វើការ​នៅទីនេះ រាល់ថ្ងៃ អាចជា​រឿង​ពិត​។​

​ខ្ញុំ​និយាយ​រអ៊ូ​តែម្នាក់ឯង​តិចៗ​ថា ជីវិត​អ្នកមាន ពិតជា​ឡូយ​ណាស់​ហ្ន ? នៅ​ស្រុក​ខ្មែរ​យើង មាន​អ្នកណា មាន​សមត្ថភាព ស្ពាយ​លុយ ទៅលេង​កាស៊ីណូ នៅ​បរទេស​បែបនេះ ឬ​អត់​ហ្ន​? ខ្ញុំ​គិតថា ប្រហែលជា​គ្មានទេ ព្រោះ​មន្ត្រី​ខ្មែរ អ្នកមាន​ស្រុក​ខ្មែរ គេ​មាន​លុយ​គេ​យកមក ជួយ​ជាតិ ដូចជា​ធ្វើ​ផ្លូវ ជីក​អណ្ដូងទឹក …. ជូន​ប្រជាពលរដ្ឋ ឯណោះ ។​
​ ​
​ទំនងជា​ឮ​ខ្ញុំ​រអ៊ូ​តែម្នាក់ឯង ស្រាប់​តែមាន​លោក​ម្នាក់ ផ្សេងទៀត មក​កេះ​ខ្ញុំ ហើយ​ខ្សឹប​ប្រាប់ថា ក៏​ច្រឡំ​ថា ខ្មែរ​អន់​ឲ្យ​សោះ សព្វថ្ងៃនេះ មាន​ប្រពន្ធ ឬ ស្រី​លោកធំ​ខ្លះ សូម្បីតែ​ផាត់មុខ ធ្វើ​សក់ ទៅ​ស៊ីការ ក៏​ជិះ​យន្ដហោះ ទៅធ្វើ​នៅ​បាងកក​ស្រុកថៃ​ដែរ ។

​កូនអ្នកមាន​ខ្លះ ជិះ​យន្ដហោះ ទៅ​ស៊ី​នំ​បញ្ចុក នៅ​ខេត្តសៀមរាប ហើយក៏​មាន​ខ្លះ ជិះ​យន្ដហោះ ទៅ​ស៊ី​បបរ នៅឯ​សឹង្ហ​បូរី​ដែរ ។ ខ្ញុំ​មិនទាន់​ជឿ​ទេ តែ​ខ្ញុំ​គិតថា ទំនង​ជាមាន ព្រោះ​ខ្ញុំ​ឃើញ​កូន អ្នកមាន ចាយលុយ​ឡូយ​ណាស់ដែរ​នឹង ។ គេ​ឡូយ​បែបនេះ ខ្ញុំ​គិតថា ប្រសិនបើ​ខ្ញុំ មាន​លុយ​ដូច​គេ នៅ​ថ្ងៃ​ណាមួយ ខ្ញុំ​នឹង​ជិះ​យន្ដហោះ ទៅ​ស៊ីសាច់​ឆ្កែ​ប​ង្វឹ​ល នៅឯ​ខេត្ត ស្វាយរៀង និង​ផឹកស្រា ស ស្វាយរៀង មើល៍ ឲ្យ​ល្បី​ម្ដង ។ ហេស ហេ !!! ៕ ដោយ​:​រ៉ូ​ហ្សា​