ជីវិត និង​មុខរបរ​៖ អ្នក​ដាំ​បន្លែ រដូវប្រាំង ទ​ទូល​បាន​ប្រាក់ចំណូល ប្រសើ​រជាង​ដាំ​រដូវវស្សា​

364
ចែករម្លែក

​ឧ​ត្ត​រ​មានជ័យ​៖ ប្រជាកសិករ រស់នៅ ខេត្ត​ឧ​ត្ត​រ​មានជ័យ រីករាយ​ក្នុងការ​ប្រកបមុខរប​រដាំ​បន្លែ​នៅ​រដូវប្រាំង ទ​ទូល​បាន​ប្រាក់ចំណូល ប្រសើ​រជាង​ការដាំ នៅ​រដូវវស្សា និង​ការដាំ​បន្លែ​រដូវប្រាំង​នេះ ជា​ចំណែក​មួយ ធ្វើឱ្យ​ជីវភាព​គ្រួសារ​ប្រសើរ​ថែម​មួយកម្រិត​ទៀត​។​

​លោក គី តុល អាយុ​៣៥​ឆ្នាំ ជា​កសិករ​ដាំ​បន្លែ នៅ​ភូមិ​ត្របែក សង្កាត់​បុ​ស្បូវ ក្រុង​សំរោង បាន​និយាយ​ឲ្យ​ដឹងថា គ្រួសារ​គាត់​បាន​ដាំ​បន្លែ មាន​រយៈ ៤ ឆ្នាំ តាសក់ សណ្តែក ត្រឡាច និង​បន្លែ​រួមផ្សំមួយចំនួនទៀត បាន​បេះ​កាត់​លក់​ឱ្យ​ម៉ូយ​ជាប្រចាំ និង​ក្នុង​មួយថ្ងៃៗ លក់បាន​ចន្លោះ​ពី ១៥​ទៅ​២០ គីឡូក្រាម ឬ​លើសពីនេះ អាស្រ័យទៅលើ​តម្រូវការ របស់​អ្នកទិញ​។ ឯ​តម្លៃ​វិញ នៅ​រដូវប្រាំង​នេះ គ្រាន់​ជាង​នៅ​រដូវវស្សា​ដែរ​។ ប្រសិនបើ ពេលណា អ្នក​ដាំ​បន្លែ មិនសូវ​បាន​ផល តម្លៃ​គឺ​បាន​ថ្លៃ​ខ្ពស់ ប៉ុន្តែ​នៅពេល​កសិករ ផលិត​បាន​ច្រើន គឺ​តម្លៃ​ចុះថោក ពោលគឺ​ចន្លោះ​ជា​មធ្យម​ពី ១៥០០ រៀល ទៅ ២០០០ រៀល ក្នុង​មួយ​គីឡូ​។​

​លោក​បាន​បន្តថា របរ​ដាំ​បន្លែ​នេះ គ្រួសារ​គាត់អាច​ទទួល​ប្រាក់ចំណូល បានជា​មធ្យម ក្នុង​មួយ​រដូវ​កាល ពី​៤​ទៅ​៥​លាន​រៀល​។ របរ​នេះ ធ្វើឱ្យ​គ្រួសារ​គាត់​មាន​ប្រាក់​ទទួលចំណូលបានជា​ប្រចាំថ្ងៃ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ដល់​ក្រុមគ្រួសារ​ប្រសើ​រ​ថែម​មួយកម្រិតទៀត​។ លោក​បាន​បន្តថា របរ​ដាំ​បន្លែ​នេះ មិន​ងាយស្រួល​និង​វា​លំបាក​ណាស់ណានោះទេ​។

ពោលគឺ​អនុវត្ត​ទៅតាម​មន្ត្រី​ជំនាញ​កសិកម្ម បាន​ណែនាំ ដូចជា​ការផ្លាស់ប្តូរ​ជ្រើសរើសពូជយកមក​ផលិត​បន្លែ និង​ប្រើប្រាស់​ដី នៅលើ​ទីតាំង​ដី​ដដែល​រួម​និង​ការប្រើប្រាស់ជីធម្មជាតិ មាន​ជីកំប៉ុស ជី​លាមក​សត្វ ផេះ ផងដែរ​។​

​លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្មខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​គាំទ្រ​ចំពោះ​ការ ខិតខំ ដាំ​បន្លែ​ដល់​ប្រជាកសិក ដាំ​បន្លែ​អាជីព បាន​ជួយ​ផ្គត់ផ្គង់ ទីផ្សារ​ក្នុងស្រុក ដើម្បី​កាត់បន្ថយ​ការនាំ​បន្លែ​ចូល​ពី​ខាងក្រៅ​។ ហើយ​ការនាំ​បន្លែ​ចូល មក​លក់​នៅ​ខេត្ត​នេះ គឺមាន តិចតួច​បំផុត ខណៈ​ការផលិត​ក្នុងស្រុក គ្រប់គ្រាន់ និង​មិន​បារម្ភ​ពី​ផលប៉ះពាល់​ដល់សុខភាព ។​

​លោក​បាន​បន្តថា កន្លងមក មន្ត្រី​កសិកម្ម​ខេត្ត មិន​ត្រឹមតែ​បាន​ចុះជួយ​បង្រៀន​ដល់​អ្នកដាំ​បន្លែ នៅ​ភូមិ​ត្របែក​ប៉ុណ្ណោះ​ទេ និង​បាន​ចុះជួយ​បង្ហាត់បង្រៀន ដល់​ពលរដ្ឋ​ដាំ​បន្លែ នៅ​ទូទាំង​ខេត្ត​នេះ មាន​ចំនួន​ដល់​ទៅ ៥០ សហគមន៍ ហើយ​ការជួយ​ផ្តល់នូវ​ជំនាញដល់​អ្នក​ដាំ​បន្លែ​នោះ រួមមាន​អ្នក​ដាំ​សាកល្បង​, អ្នក​ដាំ​ពាក់កណ្តាល​អាជីព និង​អ្នក​ដាំ អាជីព ដែលមាន​ផ្ទៃដី ចាប់ពី ១ រ៉ៃ ទៅ​កន្លះ​ហិកតា​៕ ដោយ​៖​អូរ​ស្មាច់​/Ha