ជី​មមី កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម ជាមួយ​ដៃគូ​ការងារ បង្ក​ការចាប់អារម្មណ៍

148
ចែករម្លែក

ភ្នំពេញ​៖ ពិធី​ការិនី​ស្រស់​សោភា រាង​ស្រ​ឡូ​ន កញ្ញា ជី​មមី សុខៗស្រាប់តែ​ផ្ទុះ​ព័ត៌មាន​បង្ហាញភាព​ផ្អែមល្ហែម ជាមួយ​តារា​សម្តែង និង​ពិធីករ លោក Jimmy ដែលមាន​ឈ្មោះ​ដូចគ្នា​។

​អស់​រយៈពេល ១​ឆ្នាំ​មកនេះ តារា​ទាំងពីរ ទម្លាយ​ស្នេហា​ក្រៅ​ឆាក​នេះ​របស់​ពួកគេ​ដោយ​មិនបាន​លាក់លៀម​ឡើយ ក្រោយពី​តារា​ស្រី ជី​មមី បាន​បែកបាក់​ស្នេហ៍​ជាមួយ​គូ​ដណ្តឹង​ជា​អ្នកសារព័ត៌មាន អស់​រយៈពេល​ជាង ១ ឆ្នាំ​ផងដែរ​។​

​ដំណឹង​ស្នេហា​ក្រៅ​ឆាក រវាង​តារា​ប្រុស​ស្រី​នេះ ធ្លាប់បាន​លេចឮកាលពីពេល​កន្លងទៅ ក្រោយពី​តារា​ស្រី ជី​មមី បាន​ផ្តាច់​ពាក្យ​នឹង​គូ​ដណ្តឹង ដែលមាន​នាទី ជា​អ្នកសារព័ត៌មាន និង​ជា​បុគ្គលិក​ទីផ្សារ​របស់​ក្រុមហ៊ុន​មួយ​។ បែក​ស្នេហ៍​ភ្លាម នាងរង​ដំណឹង​ស្នេហា​ក្រៅ​ឆាកជាមួយ​តារា​ប្រុស​សម្បូរ​មន្ត​ស្នេហ៍ Jimmy ភ្លែត ដែល​គេ​ដឹងថា​លោក​ក៏​ជា​អតីត​គូស្នេហ៍​របស់ តារាចម្រៀង សុខ សីឡា​លីន​នោះឯង​។​

​មិនដែល​បញ្ចេញ​ចំណង​ស្នេហ៍ដោយ​បើកចំហនោះទេ ប៉ុន្តែ​ថ្មីៗ​នេះ​ពួកគេ​បានប្រកាសដោយ​បើកចំហ ពោលគឺ​ស្រប​ពេលដែល​ខួប​ចំណង​ស្នេហ៍​របស់​ពួកគេ​បាន​រយៈពេល​មួយឆ្នាំ​។ កាន់តែ​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល គឺ​ក្រោយ​ពួកគេ បានបង្ហាញ​រូបថត​ស្និទ្ធស្នាល​ជាច្រើន​រយសន្លឹក​រួមគ្នា អមដោយ​សារ​អបអរសាទរ​ចំណង​ស្នេហ៍​គម្រប់​១​ឆ្នាំ​។

​កម្មវិធី​ខួប​ស្នេហ៍​នេះ ក៏ត្រូវ​បានរៀបចំ​ឡើងយ៉ាង​រ៉ូ​មែន​ទិច ជាមួយនឹង​ពាក្យ​ថា ៣៦៥​ថ្ងៃ និង​ជា​រៀងរហូត​។ ការ​ចេញទៅ​ទទួលពាន​ជា​តារា​កិត្តិយស​ឆ្នើម នៅ​ប្រទេស​ថៃ​កាលពីពេល​ថ្មីៗ​នេះ គេ​ក៏​សង្កេតឃើញ​វត្តមានអ្នក​ទាំងពីរ ធ្វើដំណើរ​រួមគ្នា​ដែរ​។​

​សូម​បញ្ជាក់ដែរថា កញ្ញា ជី​មមី ត្រូវបាន​អ្នក​ក្នុង​ចង្កោម​សិល្បៈ ដឹងថា​នាង​ធ្លាប់មាន​គូ​ដណ្តឹងឈ្មោះ “​រតនា​” មាន​នាទី ជា​អ្នកសារព័ត៌មាន នៅ​ទូរទស្សន៍ PNN ដូចគ្នា​នឹង​កន្លែង​ដែលនាង​បម្រើ​ការងារ​បច្ចុប្បន្ន​។ ពួកគេ​បាន​ភ្ជាប់ពាក្យ​មុនពេល​ដែល​ជេ​មមី ចូលប្រឡូក​សិល្បៈ ប៉ុន្តែ​ដោយ​ស្នេហា​រកាំរកូស ពួកគេ​បាន​ចែកផ្លូវ​គ្នា​ដោយ​សម្រួល​។

​តារា​សម្តែង និង​ពិធីករ Jimmy ក៏បាន​បែកបាក់​ស្នេហ៍​នឹង​តារាចម្រៀង​ស្រី សុខ សីឡា​លីន ជាច្រើន​ឆ្នាំ ។ ជី​មមី និង Jimmy ក៏​ធ្លាប់​បានបង្ហាញ​វត្តមាន​ល្អូក​ល្អឺ​ន​ក្រៅ​ឆាក និង​រួម​ការងារជាមួយគ្នា​ជា​ញឹកញាប់ រហូត​ក្លាយជា​ចំណង​ស្នេហ៍​ក្រៅ​ឆាក​កើតមានឡើង​៕ ដោយ​៖ បូ​រិ​ន/Ha