ជី​ម៉ាក​ស្នើ​សហជីព​កម្ពុជា​គោរព​ច្បាប់​ក្រសួង​ការងារ​ឱ្យ​ទាក់ទង​ការបើកប្រាក់​អតីតភាព​ដល់ក​ម្មករ​

776
ចែករម្លែក

​ដោយៈ​ពៅ​និមល​/​ភ្នំពេញៈ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ជី​ម៉ាក​(GMAC)​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ទាមទារ​ឲ្យ​ភាគី​សហជីព​ទាំងអស់​គោរព​ស្មារតី​ប្រកា​សលេខ​៤៤៣​។ ដែល​ចេញ​ដោយ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បទ​ប្បញ្ញត្តិ​ដែល​ពាក់ព័ន្ធ បន្ទាប់ពី​មាន​សហជីព​មួយចំនួន​ធ្វើ​កូដកម្ម​ទាម​និយោជក​បើកប្រាក់​អតីតភាព​ការងារ​ជា​កញ្ចប់​ជូន​កម្មករនិយោជិត​។​

ទាក់ទង​នឹង​សេចក្តីថ្លែងការណ៍​ខាងលើ​លោក​គីម​ពេជ្រ​ដា​ប្រធាន​ផ្នែក​ច្បាប់​នៃ​GMAC​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៨​ថា​គិត​ចាប់​ពីមុន​ការបោះឆ្នោត​ថ្នាក់ជាតិ​អាណត្តិ​ទី​៤​កន្លងទៅ​មកដល់ពេលនេះ​មាន​សហជីព​មួយចំនួន​បាន​ដឹកនាំ​កម្មករនិយោជិត​ដែលជា​សមាជិក​របស់ខ្លួន​ធ្វើ​កូដកម្ម​។​ដើម្បី​ទាមទារ​ឲ្យ​និយោជក​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជា​កញ្ចប់​ក្នុងពេល​តែមួយ ដោយ​មិន​ស្របទៅនឹង​ប្រកាស​របស់​ក្រសួង​ការងារ​បានប្រកាស​នោះ​។

​លោក​បន្តទៀត​ថាបើ​យោងតាម​ប្រការ​៣​នៃ​ប្រកា​សលេខ​៤៤៣​ស្តីពី​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងា​របស់​ក្រសួង​ការងារ​បានចែង​យ៉ាងច្បាស់​ថា​ការបើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩​របស់​កម្មករនិយោជិត​ដែល​បាន​នឹង​កំពុង​បម្រើ​ការងារ​នៅតាម​សហគ្រាស​គ្រឹះស្ថាន​ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ​។​ផលិត​ស្បែកជើង​និយោជក​ត្រូវ​បើក​រំលឹក​ចំនួន​៣០​ថ្ងៃ​នៃ​ប្រាក់​អ​តី​ភាព​ការងារ​សរុប​រៀងរាល់​មួយឆ្នាំ​ម្តង ដោយ​ចំនួន​១៥​ថ្ងៃ​នៅ​ខែមិថុនា​នៃ​ឆ្នាំ​នីមួយៗ និង​១៥​ថ្ងៃ​នៅ​ខែធ្នូ​នៃ​ឆ្នាំ​នីមួយៗ​។​
​ ​
​ទោះយ៉ាងណា​ក៏ដោយ​លោក​ប្រធាន​ផ្នែក​ច្បាប់​នៃ​GMAC​បាន​អំពាវនាវ​ដល់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សុំ​ឲ្យ​ជួយ​ដោះស្រាយ​និង​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អនុវត្តន៍​ឲ្យ​បាន​ហ្មត់ចត់​តាម​ស្មារតី​ច្បាប់​និង​ប្រកាស​។​ស្នើរ​ដល់​សហជីព​ដែលជា​ជនខិលខូច​មួយចំនួន​កុំ​ឲ្យ​មានការ​បំផុសបំផុល​បញ្ហា​នេះ​តទៅទៀត ដើម្បី​ភាព​សុខដុម​ក្នុងការ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ស្ថិរភាព​នៃ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​។​
​ ​
​ពាក់ព័ន្ធ​នឹង​រឿងនេះ​ដែរ​លោក​ហ្វា​សាលី​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​បាន​គាំទ្រ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់ GMAC និង​ប្រកាស​របស់​ក្រសួង​ការងារ ដោយ​យល់ឃើញថា​បាន​ទុក​លទ្ធភាព​ដល់​និយោជក ក្នុងការ​ទូទាត់​ប្រាក់​អតីតភាព​ជូន​កម្មករ​ជា​ដំណាក់កាល​។​

ផ្តល់នូវ​អត្ថប្រយោជន៍​ដ៏​ត្រឹមត្រូវ​ជូន​កម្មករ ជៀសវាង​ទូទាត់​ជា​កញ្ចប់​ដែល​អាច​កើតមាន​អំពើពុករលួយ​។​ជាមួយគ្នានេះ​លោក​ក៏បាន​ស្នើសុំ​ដល់​ភាគី​ក្រសួង​ឬ​ក្រុមអធិការកិច្ច​ចុះ​ត្រួតពិនិត្យ​រាល់ពេល​ដែលមាន​ការទូទាត់​ប្រាប់​បំណាច់​ហើយ​និយោជក​ត្រូវ​រាយការណ៍​ជា​កំហិត​ទៅ​ក្រសួង ក៏ដូចជា​ស្ថាប​ន័​ពាក់ព័ន្ធ​។
​ ​
​យោងតាម​ប្រកាស​ស្តីពី​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៨​កន្លង​ទៅបាន​ឲ្យ​ដឹងថា​ប្រាក់​បំណាច់​ឆ្នាំ​អតីតភាព​ការងារ​មាន​វិសាលភាព​គ្របដណ្តប់​លើ​សហគ្រាស​គ្រឹះស្ថាន​។​ជន​ទាំងឡាយណា​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​និង​ត្រូវអនុវត្ត​ទៅលើ​កម្មករនិយោជិត​មាន​កិច្ចសន្យាការងារ​មាន​ថិរវេលា​មិន​កំណត់​តែប៉ុណ្ណោះ ដែល​ត្រូវអនុវត្ត​ចាប់ពី​ឆ្នាំ​២០១៩​តទៅ​៕S/