ជី​ម ម៉ា​តទី​ស នឹង​ជួប​សម​ភាគី​ចិន ចំពេល​កំពុងមាន​ភាព​តានតឹង​

820
ចែករម្លែក

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ជី​ម ម៉ា​តទី​ស គ្រោង​នឹង​ជួបប្រជុំ​ជាមួយ​សម​ភាគី​ចិន​របស់លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​តុលា​នេះ បន្ទាប់ពី​កិច្ចចរចា​កាលពីពេល​មុននេះ​ត្រូវបាន​បោះបង់ចោល ចំពេល​កំពុងមាន​ភាព​តានតឹង​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ទាំង​២​នេះ​ជុំវិញ​ពន្ធគយ​ពាណិជ្ជកម្ម​និង​ការដាក់ទណ្ឌកម្ម​នានា​។​

​កិច្ចប្រជុំ​រវាង​ប្រមុខ​មន្ទីរ​បញ្ច​កោណ និង​ឧត្ដមសេនីយ៍​វៃ ហ្វេ​ង​ហឺ នៅក្រៅ​កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិសុខ​តំបន់​នៅ​សិង្ហ​បុរី ត្រូវបាន​រំពឹងថា​នឹង​ឃើញ​បុរស​ទាំង​២​នាក់​នេះ បន្ត​ទំនាក់ទំនង​យោធា​យូរអង្វែង​ជាមួយគ្នា ដែល​អាច​ទប់​ទល់នឹង​វិបត្ដិនយោបាយ​និង​សេដ្ឋកិច្ច​។​

​លោក រ៉ា​ន់​ដល ស្រ៊ី​វើ ឧបការី​រង​ក្រសួងការពារជាតិ​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​អាស៊ី​ប៉ាស៊ីហ្វិក​របស់​មន្ទីរ​ប​ញ្ច​កោណ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ការពិត​ដែលថា​លោក​ម៉ា​តទី​ស “​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី វៃ គឺជា​ភស្តុតាង​បង្ហាញថា ចិន​មាន​ចំណាប់អារម្មណ៍​ក្នុងការ​រក្សា​អ្វីៗ​ឱ្យនៅ​ធម្មតា​និង​មាន​ស្ថិរភាព ដូចដែល​យើង​ចង់បាន​ដែរ​។ យើង​ត្រូវ​ធ្វើឱ្យ​ប្រាកដថា​នៅពេល​យើង​ដើរ​ជាន់​ម្រាមជើង​របស់​អ្នកដទៃ វា​នឹងមិន​រីក​រាលដាល​ទៅជា​អ្វីមួយ​ដែល​នឹងមាន​គ្រោះមហន្តរាយ​នោះទេ​”​។​

​ជំនួប​រវាង​លោក​ម៉ា​តទី និង​លោក វៃ ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ចុង​សប្តាហ៍​មុន ប៉ុន្តែ​មិនបាន​ធ្វើឡើង​នោះទេ បន្ទាប់ពី​ចិន​បដិសេធ​ក្នុងការ​ឆ្លើយតប​ថា​តើ​លោ​កវៃ​អាច​ជួប​បាន​ឬ​អត់​។​

​ចិន​បាន​ប្រតិកម្ម​ខឹងសម្បារ​បន្ទាប់ពី​វ៉ាស៊ីនតោន​បានដាក់​ទណ្ឌកម្ម​ជាច្រើន​មកលើ​ចិន បន្ទាប់ពី​ការទិញ​យន្តហោះ​ចម្បាំង​និង​មី​ស៊ី​ល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពី​រុស្ស៊ី ហើយ​ការ​ពើបប្រទះ​គ្នា​យ៉ាង​កៀក​រវាង​នាវាចម្បាំង​ប្រទេស​ទាំង​២​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​បង្កើន​ភាពវឹកវរ​។​

​សកម្មភាព​ផ្សេងទៀត​របស់​ប៉េកាំង​រួមមាន​ការលុបចោល​នូវ​ការធ្វើ​ទស្សនកិច្ច​របស់​នាវាច​ម្បាំ​ង​អាមេរិក​មកកាន់​កំពង់ផែ​មួយ​នៅ​ហុងកុង និង​ការលុបចោល​កិច្ចប្រជុំ​រវាង​ប្រមុខ​កងទ័ពជើងទឹក​ចិន​និង​សម​ភាគី​អាមេរិក​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ជី​ម ម៉ា​តទី​ស គ្រោង​នឹង​ជួបប្រជុំ​ជាមួយ​ឧត្ដមសេនីយ៍​វៃ ហ្វេ​ង​ហឺ នៅក្រៅ​កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិសុខ​តំបន់​នៅ​សិង្ហ​បុរី