ជុំទី ២ បានចាប់ផ្ដើមហើយ

238

(ភ្នំពេញ): ជុំទី២ នៃព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement បានចាប់ផ្ដើមហើយនៅថ្ងៃទី២៨ តុលានេះ បន្ទាប់ពីអ្នកប្រដាល់១៦រូបខ្ទាតចេញ និង១៦រូបទៀត ត្រូវប្រកួតជម្រុះ៨រូបចេញទៀតនោះ។

អ៊ុំ វណ្ណេត ក្លិបមរតកយុទ្ធគុនខ្មែរ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ ភុន សោភ័ណ្ឌ ក្លិបនាគរាជមានជ័យ។ អ្នកប្រដាល់ទាំង២រូបនេះ អាចនិយាយថា ជាអ្នកខ្លាំងដូចគ្នា ព្រោះឆ្លងផុតជុំទី១ដូចគ្នា។

កាលពីប្រកួតនៅជុំទី១ វណ្ណេត ឈ្នះពិន្ទុអ្នកប្រដាល់ អ៊ុំ កំសត់ ក្លិបព្រៃទទឹងកីឡា ឯ សោភ័ណ្ឌ ឈ្នះ រឿម វណ្ណៈ ក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យនៅទឹកទី១ ដោយសន្លប់ខ្លួនឯង ព្រោះ វណ្ណៈ បំពានការប្រកួត។ សម្រាប់ជុំទី២នេះ មិនដឹងថា នរណាខ្ទាតចេញ ហើយនរណាដណ្ដើមបានកៅអីសម្រាប់ឡើងទៅប្រកួតវគ្គជម្រុះជុំទី៣ ទៀតនោះឡើយ។ តែសម្រាប់ អ៊ុំ វណ្ណេត ទំនងជាមានឱកាសច្រើនជាងហើយ ប៉ុន្តែបើប្រហែស វណ្ណេត អាចសន្លប់ដោយសារស្នៀតទាត់របស់ សោភ័ណ្ឌ ផងក៏មិនដឹង?

ប្រកួតគ្នាក្នុងជុំទី២ នេះដែរ អ្នកប្រដាល់ ទេស ជីវ៉ា ក្លិបកងពលតូចលេខ៧០ ត្រូវតស៊ូជាមួយអ្នកប្រដាល់ វ៉ែន ហុងជីវ៉ុង ក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង។

កាលប្រកួតនៅជុំទី១ ជីវ៉ា ឈ្នះ ចេង គា ក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ ឯ ជីវ៉ុង ឈ្នះ ហ៊ឹម សារ៉ាន់ សមាគមប្រដាល់ក្រសួងការពារជាតិនៅទឹកទី១។ សម្រាប់ជុំទី ២នេះ មិនមែនជារឿងងាយស្រួលដូចជុំទី១ឡើយ។ សុទ្ធតែខ្លាំងដូចគ្នា កៅអីសម្រាប់វគ្គជម្រុះជុំទី៣ បានទៅលើ វ៉ែន ហុងជីវ៉ុង ឬ ទេស ជីវ៉ា?

ចំពោះការប្រកួតជាមិត្តភាពជាមួយថៃវិញនោះ អ្នកប្រដាល់ អាំង សំអាត ក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយ អ្នកប្រដាល់ ណោង បាល់ (Naong Bal) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។

សំអាតប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្លាក់ចុះខ្លាំងណាស់ ការប្រកួតភាគច្រើនគេជួបបរាជ័យ តែសម្រាប់លើកនេះ មិនដឹងថា គេអាចឈ្នះគូប្រកួត ឬក៏យ៉ាងណានោះឡើយ។ ចំពោះអ្នកប្រដាល់ថៃ ណោង បាល់ វិញនេះជាលើកដំបូងហើយ ដែលគេមកប្រកួតនៅស្រុកខ្មែរ មិនដឹងថា គេមានសមត្ថភាពកសាងជ័យជំនះបានឬទេ?

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ ផាន ផាត់យុទ្ធ ក្លិបសាលវ័ន្ដកីឡា ប្រកួតជាមួយ សេន កុសល ក្លិបមោងឫស្សីមរតកគុនខ្មែរ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ កុយ ចាន់តូ ក្លិបគីសែមានរិទ្ធ ប្រកួតជាមួយអ្នកប្រដាល់ ឈាន រស្មី ក្លិបខេត្តរតនគីរី ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម៕L ដោយ៖ រ៉ូហ្សា