ជុំ​ទី​៣ ចាប់ផ្ដើម​: នរណា​ខ្លះ​ឆ្លង​ផុត​?

1064
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: នៅ​ថ្ងៃទី​៨​កញ្ញា​នេះ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement ចាប់ផ្ដើម​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣​ហើយៗ​អ្នក​ដែល​ឈ្នះ​នៅ​ជុំ​ទី​៣​នេះ នឹង​ទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

​លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ ជួប​ប្រកួត​ជាមួយ​ជើង​ខ្លាំង កំពែង ខ្មៅ មកពី​សមាគម​ប្រដាល់​ក្រសួងកសិកម្ម​។ អ្នកចាញ់ គឺ​ខ្ទាត​ចេញពី​ការប្រកួត ឯ​អ្នកឈ្នះ​នឹង​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែលជា​វគ្គ​សំខាន់​ខ្លាំងណាស់​។​

​រដ្ឋា កាលពី​ជុំ​ទី​១ គេ​ប្រកួត​ឈ្នះ ចាន់ រក្សា ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ និង​ជុំ​ទី​២​គេ​ប្រកួត​ឈ្នះ ម៉ន ព្រំ​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ដោយ​ពិន្ទុ​ដែរ​។ ចំពោះ កំពែង ខ្មៅ វិញ​កាលពី​ជុំ​ទី​១ គេ​ប្រកួត​ឈ្នះ ឡូញ វ៉ាន់ឌី ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ​ដោយ​ពិន្ទុ និង​ជុំ​ទី​២​គេ​ឈ្នះ សេក ចៅ​ជូត ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ដែល​អវត្តមាន​។​

​សម្រាប់​អ្នក​ប្រដាល់​ទាំង ២​រូបនេះ មិនដឹងថា លាប រដ្ឋា ជា​អ្នក​ដណ្ដើមបាន​កៅអី​សម្រាប់​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ឬ កំពែង ខ្មៅ ជា​អ្នក​ដណ្ដើមបាន​នោះឡើយ​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ វុត្ថា លាន់​លី​ញ ក្លិប​អង្គរ​ធំគុន​ខ្មែរ​ប្រជែង គ្នា​ដណ្ដើម​កៅអី​ជាមួយ​អ្នក​ប្រដាល់ ឡុង រ៉ា​មី ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​។​

​អ្នក​ប្រដាល់​ទាំង​២​រូបនេះ សុទ្ធតែជា​អ្នកខ្លាំង​ដូចគ្នា​។ កាលពី​ប្រកួត​គ្នា​នៅ​ជុំ​ទី​១ វត្ថា លាន់​លី​ញ ផ្ដួល​គុជ​សារ ចាន់ រាជ ក្លិប​កុសល​កីឡា​នៅ​ទឹក​ទី​២ និង​ជុំ​ទី​២​ឈ្នះ​អ្នក​ប្រដាល់​វ័យក្មេង​តាំង តាក់ ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ដោយ​ពិន្ទុ​។ ចំពោះ ឡុង រ៉ា​មី វិញ​នៅ​ជុំ​ទី​១ ឈ្នះ​លី តឿន ក្លិប​ម្កុដ​រាជសីហ៍​ដោយ​ពិន្ទុ និង​ជុំ​ទី​២ ឈ្នះ ឈាន រស្មី ក្លិប​ខេត្ត​រតនគីរី​ដោយ​ពិន្ទុ​។ នរណា​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​៣​នេះ​?

​ការប្រកួត​ជា​មិត្តភាព​អន្តរជាតិ​ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ ទេស ជីវ៉ា ក្លិប​កងពលតូច​លេខ​៧០ ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ ពេជ្រ ស្រះកែវ (Pich Srakeo) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម​។​

​ការប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ចៅ ផល​ឌឿ ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង ប្រកួត​ជាមួយ ធី តុង​ហ៊ី ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​។ សាន្ដ សំអុន ក្លិប​អា​រុណ​រះ​កីឡា​ប្រកួត​ជាមួយ បឺត ផាន់​ណា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧ គីឡូក្រាម​៕ ល​