ជូនពរ​និង​រង់​ចាំមើល​លទ្ធផល​វិធានការ​របស់​អាជ្ញាធរ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ

546
ចែករម្លែក

​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ អាជ្ញាធរ​សង្កាត់​លេខ​៣ ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​ប្រជា​ការពារ និង​មេភូមិ បាន​ចុះ​ធ្វើ​សណ្តាប់ធ្នាប់ នៅ​ផ្លូវ​ស៊ី​ហួរ និង​ផ្លូវ​ណាន​ហៃ ឬ​ហៅ​ផ្លូវ​កាស៊ីណូ​ចាស់ គឺ​នៅ​ចំណុច​កំ​ពេញ​ដោយ​រដ្ឋបាល​សង្កាត់​បាន​រៀបចំ ឲ្យ​ប្រជាពលរដ្ឋ ដែល​លក់​នៅលើ​ចិញ្ចើមផ្លូវ ត្រូវ​ចូលទៅ​ឲ្យ​ផុតពី​ចិញ្ចើមផ្លូវ ហើយ​បាន​ចាប់​ស្ទូច យក​រថយន្ត ១១​គ្រឿង និង​ម៉ូតូ​ប្រាំ​គ្រឿង លើកដាក់​ឡាន យកទៅ​សាលាសង្កាត់ និង​សាលាក្រុង ព្រះសីហនុ​។​
​ ​
​អាជ្ញាធរ​សង្កាត់​លេខ​៣ បាន​ឲ្យ​ដឹងថា រថយន្ត និង​ម៉ូតូ ដែល​ត្រូវបាន​ស្ទួ​ច​លើក​យកទៅ​រក្សាទុក ទាំងនេះ​បាន​ចត​នៅលើ​ទ្រូងផ្លូវ​តែម្តង​។ ក្រៅពី​វិធាន​ការរៀបចំ​សណ្តាប់ធ្នាប់ ដោយ​មិន​អនុញ្ញាត ឲ្យ​អ្នកលក់ដូរ​លើ​ចិញ្ចើមផ្លូវ ព្រមទាំង​ចាប់​ស្ទួ​ច​លើកយក​ឡាន និង​ម៉ូតូ​ដែល​ចត​លើ​ទ្រូងផ្លូវ ទាំងនោះ រដ្ឋបាល​សង្កាត់​លេខ​៣ ក៏បាន​ណែនាំ​ដល់​ការដ្ឋាន​ចំនួន​បួន​ដែល​រៀបចំ​ទុកដាក់ សម្ភារ​ការដ្ឋាន​មិនបាន​សមរម្យ​ឲ្យ​រៀបចំ​ទុកដាក់​សម្ភារៈ​ឲ្យ​ផុតពី​ចិញ្ចើមផ្លូវ​ផងដែរ​។
​ ​
អាជ្ញាធរ​សង្កាត់​លេខ​៣ នៅពេលនេះ លែង​ចុះ​ណែនាំ​ទៀតហើយ គឺ​ដល់​ពេលដែល​រដ្ឋបាល សង្កាត់​លេខ​៣ ចុះ​អនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់ ដោយ​ចាប់​លើកយក​សម្ភារ និង​ម៉ូតូ​ឡាន​ដែល​បន្ត តាំង​លក់​លើ​ចិញ្ចើមផ្លូវ និង​បន្ត​ចត​លើ​ទ្រូងផ្លូវ​។​
​ ​
វិធានការ​ធម៌​ក្តៅ​របស់​អាជ្ញាធរ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ គឺ​ពិតជា​គំរូ​ល្អ ដែល​អាជ្ញាធរ សង្កាត់​ដទៃទៀត នៅ​ក្រុងព្រះសីហនុ ក៏ដូចជា​សង្កាត់​នានា នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​អាជ្ញាធរ ឃុំ​សង្កាត់​ដទៃទៀត ពិសេស​នៅ​ខេត្តសៀមរាប គួរ​យក​ជា​គំរូ ព្រោះថា តាមផ្លូវ​នានា នៅ​ទីប្រជុំជន ពិសេស​នៅ​ភ្នំពេញ គឺ​ករណី​រំលោភ​លើ​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​បានកើត​ឡើង​ពេញ បន្ទុក ។ ពិសេស​នៅមុខ​សាលារៀន មន្ទីរពេទ្យ​ឯកជន ហាង​លក់ដូរ សណ្ឋាគារ និង​ភោជនីយដ្ឋាន ជាដើម​។​
​ ​
ទីតាំង​ទាំង​នោះបាន​យក​ចិញ្ចើមផ្លូវ​ទៅ​ដាក់​លក់ដូរ ចត​ឡាន​ម៉ូតូ ហើយ​មិន​ត្រឹមតែ​ចិញ្ចើមផ្លូវ​ទេ គឺ​រំលោភ​ដល់​ទ្រូងផ្លូវ​ថែមទៀត គឺ​រៀបចំ​ឲ្យ​ភ្ញៀវ​ចត​ឡាន​ពេញ​ផ្លូវ​ស្ទើរតែ​បិទផ្លូវ​មួយ​ចំហៀង តែម្តង​។ តួយ៉ាង​ដូចជា នៅតាម​មហាវិថី​កម្ពុជា​ក្រោម ក្នុង​រាជធានី​ភ្នំពេញ​នៅមុខ​ភោជនីយដ្ឋាន ថ្មដា គឺ​ពេលព្រឹកៗ ឡាន​ចត​ស្ទើរតែ​លើស​ចិញ្ចើមផ្លូវ ចូល​លើ​ទ្រូងផ្លូវ ១​ជួរ ហើយ​ពេលខ្លះ ឡើងដល់​ពីរ​ជួរ​ក៏មាន​។​
​ ​
បើសិនជា​អាជ្ញាធរ​សមត្ថកិច្ច តាម​ឃុំ​សង្កាត់ ខណ្ឌ ក្រុង ខេត្ត​រាជធានី​អនុវត្ត​ដូច​ករណី​នៅ​សង្កាត់ លេខ​៣ ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ គឺ​ច្បាស់​ជា​បាន​ទទួលផល ព្រោះថា បន្ទាប់ពី ការអប់រំ ណែនាំ​ម្តង​ជា​ពីរដង នៅតែ​រំលោភបំពាន​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ គឺ​ត្រូវ​ប្រើ​វិធានការ រដ្ឋបាល ធម៌​ក្តៅ ដោយ​ចាប់​លើកស្ទួយ​យកទៅ​រក្សាទុក ហើយ​ផាកពិន័យ និង​ធ្វើ​កិច្ចសន្យា​។​
​ ​
ប្រសិនជា​ថ្ងៃក្រោយ នៅ​ប្រព្រឹត្ត​លើ្ម​ស​លើ​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ​ទៀត គឺ​ត្រូវ​ទទួល នូវ​វិធានការ​រដ្ឋបាល ហើយ​អាច​នឹងមាន​វិធាន​ការបន្ត ប្តឹង​ទៅកាន់​តុលាការ​ក៏បាន​។​
​ ​
ជារួម អ្នករកស៊ី​លក់ដូរ ដែល​តែងតែ​រំលោភ​លើ​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ ក៏​ល្មម​ភ្ញាក់ខ្លួន ព្រោះថា ដើម្បី​តែ​ប្រាក់ចំណេញ​របស់ខ្លួន បែរជា​បង្កបញ្ហា​ដល់​អ្នកធ្វើដំណើរ ដោយ​ត្រូវ​កកស្ទះ​ហើយ​ពេល ខ្លះ​អាច​នឹង​កើតមាន​គ្រោះថ្នាក់​ចរាចរ​ដោយសារតែ​មុខរបរ​របស់ខ្លួន​ដែល​លក់​លើ​ចិញ្ចើមផ្លូវ ក៏​ថា​បាន​។​
​ ​
រីឯ​អ្នក​ចត​ម៉ូតូ​ឡាន​លើ​ទ្រូងផ្លូវ ដើម្បី​ចូល​ហាង ចូល​ផ្សារ ចូល​សាលារៀន​ឬ​ចូល​មន្ទីរពេទ្យ​ឯកជន ពិសេស​ចូល​បរិភោគ​អាហារ ក៏​គួរតែ​គិត​ផង ព្រោះថា គ្រាន់តែ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ឬក៏​ដើម្បី​តែ​បាយ ឬ​គុយទាវ​មួយ​ចាន បែរជា​បង្ក​ការក្តៅក្រហាយ​ដល់​អ្នកដទៃ តើ​សម​ដែរឬទេ​?​។ ម្យ៉ាងទៀត ការចត​ឡាន​ម៉ូតូ​លើ​ទ្រូងផ្លូវ​ដូច្នេះ បើសិនជា​គេ​ជិះឡាន​ជិះ​ម៉ូតូ​មក​បុក​ប៉ះ​នោះ​គឺ ខូចខាត ហើយ​ម្ចាស់​ឡាន​ម៉ូតូ ដែល​ចត​លើផ្លូវ​នោះ​ខុស​ទៀត បើតាម​ច្បាប់​ដោយ​ត្រូវ​ចេញ សង​គេ​ថែម​ទៀតផង​។​
​ ​
​ដោយឡែក​អាជ្ញាធរ​សមត្ថកិច្ច​វិញ ក៏​គួរ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាមផ្លូវ ដូច​ភ្លៀងរលឹម ដោយ​មិនត្រូវ​ចុះ​ពិនិត្យៗ គ្រាន់តែ​យកលុយ ឬក៏​ដាក់​ខែ​ពី​ម្ចាស់​ហាង ពី​អ្នកលក់​ដែល​រំលោភ ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ ហើយ​បន្ត​ធ្មេចភ្នែក ទុក​ឲ្យ​អ្នក​ទាំងនោះ បន្ត​អាជីវកម្ម​ដោយ​រំលោភ ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​តទៅទៀត​ឡើយ​។ គ្មានអ្វី​ថា ធ្វើ​មិន​បានទេ បើសិនជា​អាជ្ញាធរ​សមត្ថកិច្ច ពិតជា​មានបំណង ចង់​រៀបចំ​សណ្តាប់ធ្នាប់ តាម​ដងផ្លូវ​មែន​។​
​ ​
​ក៏ប៉ុន្តែ​ទន្ទឹមនឹង​វិធានការ​ខាងលើនេះ អាជ្ញាធរ​សមត្ថកិច្ច ក៏ត្រូវ​រៀបចំ​កន្លែង​លក់ដូរ​សមរម្យ ឬក៏​បង្កើត​ផ្សារ​នៅ​ផ្លូវ​ក្នុង នៅ​ទីប្រជុំជន ដែល​មិន​បង្ក​ការកកស្ទះ​ចរាចរ​ដល់​អ្នកដំណើរ រួមទាំង​បង្កើត​ចំណត​យានយន្ត នៅ​កន្លែង​សមគួរ ដោយ​ចត​ឥតគិតថ្លៃ ឬក៏​គិតថ្លៃ​ក្នុងតម្លៃ​សមរម្យ ដែល​អាច​ទទួលយកបាន​ផងដែរ​។​
​ ​
យើង​ត្រូវ​ចូលរួម​ទាំងអស់គ្នា ទាំង​ម្ចាស់​អាជីវកម្ម ទាំង​អ្នកលក់ ទាំង​ម្ចាស់​ហាង​ទាំង​ម្ចាស់ យានយន្ត និង​ទាំង​អាជ្ញាធរ​សមត្ថកិច្ច ទើប​ផ្លូវ​យើង មាន​សណ្តាប់ធ្នាប់​ល្អ របៀបរៀបរយ ដើម្បី​ផលប្រយោជន៍​រួម​ទាំងអស់គ្នា​ផង និង​ដើម្បី​ទទួល​អ្នកទេសចរ​បរ​ទេស​ដែល​មកលេង កម្ពុជា​យើង កាន់តែ​ច្រើនឡើងៗ ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​ផង​។​
​ ​
ទន្ទឹមនេះ​យើង​វិធានការ​របស់​អាជ្ញាធរ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​ទទួលជោគជ័យ និង​មាន​និរន្តរ៍ភាព​៕ ដោយ​: ម៉េង​ឆៃ​