ជូ​លី ប៊ី​ស​សប លាឈប់​ពី​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​

3025
ចែករម្លែក

លោកស្រីជូលី ប៊ីសសប(Julie Bishop )បានលាឈប់ពីតំណែងរដ្ឋមន្រ្តីការបរទេសអូស្ត្រាលីបន្ទាប់ពីបានសំរេចចិត្តមិនចូលរួមក្នុងគណៈរដ្ឋមន្រ្តីរបស់លោកស្កុត ម័ររីសុន, នេះបើតាមសារព័ត៌មានABCរាយការណ៍កាលពីថ្ងៃអាទិត្យទី២៦សីហា។

ប៊ីសសប បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយនិយាយថា លោកស្រីបានប្រាប់ទៅលោកម័ររីសុនអំពីការសំរេចិត្តរបស់លោកស្រី ហើយនឹងបន្តនៅក្នុងសភា។

ប៊ីសសប អាយុ៦២ឆ្នាំ ជាអនុប្រធានគណបក្សសេរីនិយមអស់ពេលជាង១ទសវត្សរ៍។លោកស្រីបានចូលប្រជែងយកតំណែងប្រធានបក្សជាមួយលោកលោកម័ររីសុនតែបានធ្លាក់តាំងពីការបោះឆ្នោតជុំទី១។

ជុំវិញការដោះដូរគណៈរដ្ឋមន្រ្តីអូស្រ្តាលីនេះផងដែរ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីយប់ថ្ងៃសុក្របាននិយាយទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីម័ររីសុនដោយនិយាយអំពីទំនាក់ទំនងទ្វេភាគីនិងកិច្ចសហការនាពេលអនាគត។

ក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមាន លោកត្រាំបានអបអរលោកម័ររីសុនដែលបានជាប់ជាប្រធានបក្សកាលពីពេលថ្មីៗនិងក្លាយជានាយករដ្ឋមន្រ្តីអូស្រ្តាលី។

សេចក្តីថ្លែងការណ៍បាននិយាយថា” មេដឹកនាំទាំងពីរបានបញ្ជាក់អំពីភាពជាដៃគូទ្វេភាគីរវាងអាមេរិកនិងអូស្រ្តាលី។ពួកលោកក៏បានសន្យាបន្តសហការគ្នាជិតស្និទ្ធលើអាទិភាពដែលប្រទេសទាំងពីរមានផលប្រយោជន៍រួមគ្នា”៕ដោយ៖វាសនា

ត្រាំកាលពីថ្ងៃសុក្របានសរសេរបង្ហោះថា”ស្វាគមន៍នាយករដ្ឋមន្រ្តីអូស្រ្តាលីថ្មី ស្កុត ម័ររីសុន។គ្មានមិត្តភាពណាធំជាងអាមេរិកនិងអូស្រ្តាលីទេ”