ជួបជុំ​ទទួលទាន​នំ​បញ្ចុក​សាមគ្គី​ជាតិ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ​

720
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​លោក​មាស​សុភា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តព្រះវិហារ​បាន​ជួបជុំ​ទទួលទាន​នំ​បញ្ចុក​សាមគ្គី​ជាតិ​ជាមួយ​សមាជិក​-​សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​សង្គម​ថ្មី​ប្រមាណ​ជិត​៣.០០០​នាក់​។​

​ការជួបជុំ​ទទួលទាន​នំ​បញ្ចុក​នេះ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​សង្គម​ថ្មី​។​នៅក្នុង​ពិធី​ដ៏​សប្បាយរីករាយ​នេះ​ក៏មាន​ការចូលរួម​ពី​លោក​អ៊ុន​ចាន់​ដា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​ព្រមទាំង​ក្រុមការងារ​ថ្នាក់កណ្តាល​ថ្នាក់​ខេត្ត​និង​ប្រជាពលរដ្ឋ​ជាច្រើន​។​

លោក​មាស​សុភា​បាន​លើកឡើងថា​ដើម្បី​ជា​យុទ្ធសាស្ត្រ​វាយ​បំបែក​យុទ្ធសាស្ត្រ​ច្រេះ​ស៊ី​ដែក​របស់​ទណ្ឌិត សម រង្ស៊ី តាមរយៈ​បំផុស​ឱ្យមាន​ចលនា​ជួបជុំ «​ហូប​នំ​បញ្ចុក​» នោះ សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​៣ ខែមិថុនា ដើម​សប្តាហ៍​នេះ បានប្រកាស​ឱ្យ​ថ្នាក់ដឹកនាំ សមាជិក​-​សមាជិកា និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​រួមគ្នា​ហូប​នំ​បញ្ចុក នា​ថ្ងៃអាទិត្យ ទី​៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​ក្រោយ​ការអំពាវនាវ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឃើញ​មាន​ចលនា​គាំ​ទ្រនំ​បញ្ចុក មាន​សកម្មភាព​ផុលផុស​ឡើង​។ ការលក់​នំ​បញ្ចុក​ក៏​ដាច់​ជាង​សព្វមួយដង​ផងដែរ ហើយ​ថ្ងៃ​នេះដែរ ថ្នាក់ដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ ក៏បាន​ចុះ​មូលដ្ឋាន​ចូលរួម​ហូប​ជាមួយ សមាជិក​បក្ស​តាម​មូលដ្ឋាន​ស្រុក​-​ក្រុង ឃុំ​-​សង្កា​ត់រៀងៗ​ខ្លួន ប្រកបដោយ​ភាពស្និទ្ធស្នាល​។​

​លោក មាស សុភា ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​សង្គម​ថ្មី និង​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​សង្គម​ថ្មី​ដែល​បានរៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក​សាមគ្គី​នេះ​បាន​យ៉ាង​អធិកអធម​។​

លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​មាន​ប្រសា​ស​ន៏​ថា​ថ្ងៃ​ទទួលទាន​នំ​បញ្ចុក​សាមគ្គី​ក្រោម​ម្លប់​តេ​ជោ​សន្តិភាព​បានចាប់ផ្តើម​គឺ​សាមគ្គីភាព​ការឯកភាព​ជាតិ​គ្មាន​ការបែងចែក​ពណ៌​សម្បុរ​។​មិន​ថា​ថ្ងៃនេះ​ទេ​ថ្ងៃ​ណា​ក៏​យើង​អាច​ទទួលទាន​នំ​បញ្ចុក​បានដែរ ៕S/