ជួប​ជាមួយ​ក្រុមមនុស្ស ដែលមាន​រាងកាយ​ពិសេស ជាប់​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​

2506
ចែករម្លែក
  • 62
    Shares

​ក្នុង​ពិភពលោក​ដែលមាន​ប្រជាជន​ដល់​ទៅ ៨ ពាន់​លាន​នាក់ គេ​ពិបាក​នឹង​ឈរ​ឱ្យ​លេចធ្លោ​ចេញពី​ចំណោម​ហ្វូងមនុស្ស​ទាំងនោះ​ណាស់​។ ប៉ុន្តែ មនុស្ស​ទាំងនេះ​វិញ​បានទទួល​ជោគជ័យ​ក្នុង​ការទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​គេឯង​។ ខណៈ​អ្នកខ្លះ​កើតមក​ជាមួយ​ទេពកោសល្យ​និង​លក្ខណៈពិសេស​របស់​ពួកគេ អ្នកខ្លះ​ទៀត​អាច​សម្រេចបាន​ស្នាដៃ​ដែល​គេ​ទទួលស្គាល់​តាមរយៈ​ការតស៊ូ​និង​គំនិត​ច្នៃប្រឌិត​។

​ខាងក្រោម​នេះ​ជា​ក្រុមមនុស្ស​ដែល​ជាប់​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស ដោយសារ​រាងកាយ​មិនធម្មតា​របស់​ពួកគេ​។

១. ស្បែក​យារ​ខ្លាំង​បំផុត​
​លោក​ហ្គា​រី ធឺ​ន​ន័​រ (Garry Turner) មកពី​ចក្រភព​អង់គ្លេស មាន​ស្បែក​យារ​រហូតដល់​ទៅ ១៥,៨ សង់ទីម៉ែត្រ ដោយសារ​កើត​ជំងឺ​ម្យ៉ាង​ហៅថា Ehlers-Danlos​។

២. រន្ធ​ចោះ​លើ​មុខ​ច្រើន​បំផុត​
​លោកស្រី អេ​លេន ដា​វីត​សុន (Elaine Davidson) អតីត​ម្ចាស់​ភោជនីយដ្ឋាន​មកពី​ប្រេ​ស៊ី​ល ល្បី​ដោយសារ​ក្តី​ស្រឡាញ់​ឥត​លក្ខខណ្ឌ​របស់គាត់​ចំពោះ​ការ​ចោះ​រន្ធ​លើ​រាងកាយ​។ គាត់​ចោះ​រន្ធ​លើ​ខ្លួនប្រាណ​លើកដំបូង​ក្នុង​ឆ្នាំ ១៩៩៧ ហើយ​គិត​មកទល់​ឥឡូវ​ចោះ​បាន ៤.២២៥ រន្ធ​ហើយ តែ​មិនទាន់​ឈប់​ត្រឹមនេះ​ទេ​។​

៣. ប្រហោង​លើ​មុខ​ច្រើន​បំផុត​
​លោក ចូ​អែល មី​ក​គ្ល័​រ (Joel Miggler) មកពី​អាល្លឺម៉ង់ កាន់​កំណត់ត្រា​ពិភពលោក​ក្នុង​ឆ្នាំ ២០១៤ ចំពោះ​ប្រហោង​លើ​ថ្ពាល់​ចំនួន ១១ កន្លែង​គួរឱ្យ​ញញើត​។​

៤. ចោះ​រន្ធ​លើ​អណ្តាត​ច្រើន​បំផុត​
​លោក ហ្វ្រែ​ង វ៉ា​ក់​កា (Frank Vacca) មកពី​អាមេរិក ចោះ​រន្ធ​ដល់​ទៅ ២០ លើ​អណ្តាត​របស់គាត់​។

៥. មនុស្ស​ចាស់​សាក់​រូប​ច្រើន​បំផុត​លើ​ដងខ្លួន
​គូស្នេហ៍​ចំណាស់ ឈ្មោះ ឆា​លី ហេម​កេ (Charles Helmke) និង ឆា​ឡូ​តេ កាត់​ធិ​ន​បឺ​ក (Charlotte Guttenberg) មកពី​អាមេរិក​។ លោក​ឆា​លី​មាន​រូបសាក់​លើ​ដងខ្លួន ៩៧,៥ ភាគរយ និង​លោកស្រី ឆា​ឡូ​តេ មាន​រូបសាក់ ៩១,៥ ភាគរយ​គ្របដណ្តប់​លើ​រាងកាយ​។

៦. មាត់ធំ​បំផុត​
​លោក ហ្វ្រ​ង់​ស៊ី​ស្កូ ដូ​មីង​ហ្គោ ចាវ​គ្វី​ម ជី​គ្វី​ញ៉ូ (Francisco Domingo Joaquim “Chiquinho”) មាន​រង្វះមាត់​ដល់​ទៅ ១៧ សង់ទីម៉ែត្រ​។

៧. ក្រចក​វែង​បំផុត (​ប្រុស និង ស្រី​)
​ជនជាតិ​អាមេរិក​ទាំងពីរ​នាក់​ប្រុស​ស្រី ឈ្មោះ មែ​ល​វីន ប៊ូ​ត (Melvin Booth) និង លី រ៉េត​ម៉ុ​ន (Lee Redmond) កាន់​កំណត់ត្រា​ពិភពលោក​សម្រាប់​ក្រចក​វែង​បំផុត​លើ​ពិភពលោក​។

៨. ម៉ូត​សក់​បះ​ឡើងលើ​ខ្ពស់បំផុត​
​លោក អេ​រិ​ក ហា​ញ់ (Eric Hahn) មាន​ម៉ូត​សក់​បះ​ឡើងលើ​រហូតដល់​ទៅ​កម្ពស់ ៦៨,៥៨ សង់ទីម៉ែត្រ​។

៩. សក់វែង​បំផុត​
​លោកស្រី ស៊ី ឈី​វ​ពីង (Xie Qiuping) មកពី​ចិន មាន​សក់វែង​រហូតដល់​ទៅ ៥,៦២៧ ម៉ែត្រ​។

១០. រោមភ្នែក​វែង​បំផុត​
​លោកស្រី យូ ជាន​សៀ (You Jianxia) មកពី​ចិន មាន​រោមភ្នែក​ប្រវែង​ដល់​ទៅ ១២,៤០ សង់ទីម៉ែត្រ​។

១១. ពុកចង្កា​វែង​បំផុត​
​បុរស​កាណាដា ឈ្មោះ សាវ៉ា​ន់ ស៊ី​ង (Sarwan Singh) មាន​ពុកចង្កា​ប្រវែង ២,៤៩៥ ម៉ែត្រ វែង​បំផុត​លើ​ពិភពលោក​។

១២. ចង្កេះ​តូច​បំផុត​
​លោកស្រី ខា​ធី ជុង (Cathie Jung) មាន​ចង្កេះ​តូច​បំផុត​លើ​ពិភពលោក គឺ​អង្កត់ផ្ចិត​ត្រឹម ៣៨,១ សង់ទីម៉ែត្រ​ប៉ុណ្ណោះ​។

១៣, ១៤. បុរស​ខ្ពស់បំផុត និង ស្ត្រី​ទាប​បំផុត (​នៅរស់​សព្វថ្ងៃ​)
​លោក ស៊ុ​លត​ង់ កូ​សិន (Sultan Kösen) មកពី​តួ​ក​គី មាន​កម្ពស់ ២៥១ សង់ទីម៉ែត្រ ខណៈ​នាង យ៉ូ​ទី អេ​ម​ជី (Jyoti Amge) មកពី​ឥណ្ឌា​មាន​កម្ពស់​ត្រឹម ៦២,៨ សង់ទីម៉ែត្រ​។

១៥. បុរស​ខ្ពស់​ដាច់​គេ​មិន​ធ្លាប់មាន​ពីមុនមក​
​ទោះបី​លោក ស៊ុ​លត​ង់ កូ​សិន ជា​មនុស្ស​ប្រុស​នៅរស់​ខ្ពស់បំផុត ប៉ុន្តែ​បើ​ឈរ​ក្បែរ​លោក រ៉ូបឺត វ៉ាត​ឡូ​វ (Robert Wadlow) កម្ពស់ ២,៧២ ម៉ែត្រ គឺ​គាត់​នៅ​ទាប​ជាង​នៅឡើយ​ទេ​។

១៦. បាញ់​ទឹកដោះ​ចេញពី​រន្ធ​ភ្នែក​
​លោក យី​ល​ម៉ាស (Yilmaz) មកពី​តួ​ក​គី​អាច​បាញ់​ទឹកដោះ​ចេញពី​រន្ធ​ភ្នែក បាន​ចម្ងាយ ២៧៩,៥ សង់ទីម៉ែត្រ​។

១៧. ជើង​បត់បែន​អស្ចារ្យ​បំផុត​
​កុមារា ម៉ាក​ស្វែ​ល ដេ (Maxwell Day) មកពី​ចក្រភព​អង់គ្លេស អាច​បត់ជើង​ស្តាំ​ថយក្រោយ​ក្នុង​មុំ ១៥៧ ដឺ​ក្រេ និង ជើងឆ្វេង ១៤៣ ដឺ​ក្រេ​៕ ដោយ៖ កញ្ញាដាលីស