ជួប​ជាមួយ​ឈុត​សម្លៀកបំពាក់ “​តុក្កតា​មានជីវិត​” នៅ​ក្រុង​តូ​ក្យូ​!

2206
ចែករម្លែក
  • 45
    Shares

​ជួប​ជាមួយ នាង លូ​លូ ហា​ស៊ី​ម៉ូតូ ដែលជា​ឈុត​សម្លៀកបំពាក់ “​តុក្កតា​រស់​” និង ជា​និន្នាការ​ចុងក្រោយ​បំផុត​ក្នុង​វិស័យ​ម៉ូត​សម្លៀកបំពាក់​របស់​ក្រុង​តូ​ក្យូ​។

​លូ​លូ ដែលជា​ឈុត​តុក្កតា​ទាំងស្រុង មាន​សក់​ក្លែងក្លាយ ម៉ា​សមុខ និង សន្លាក់ជើង​ដូច​តុក្កតា​បេះបិត​នោះ បានកើត​ចេញពី​មហិច្ឆតា​របស់​ស្ត្រី​ម្នាក់ ដែល​ចង់​ក្លាយជា​មនុស្ស​គួរឱ្យ​ស្រឡាញ់​បំផុត​មួយរូប​។

​អ្នក​រចនា​ម៉ូត​សម្លៀកបំពាក់​ទាន់សម័យ​អាយុ ២៣ ឆ្នាំ ហ៊ី​តូ​មី កូ​ម៉ា​គី ដែលជា​អ្នកបង្កើត​ឈុត​តុក្កតា លូ​លូ និយាយថា “​ខ្ញុំ​ចូលចិត្ត​តុក្កតា​ណាស់ ហើយ​សម្រាប់​ខ្ញុំ ភាពស្រស់ស្អាត​គួរឱ្យ​ស្រឡាញ់ គឺជា​តុក្កតា​”​។

​ដោយ​ស្លៀកពាក់​ឱ្យ​ដូចជា​តុក្កតា​ម៉ា​ស្កុ​ត ដែល​គេ​ហៅថា “​គី​ហ្គូ​រូ​មី​” ជា​ភាសា​ជប៉ុន វា​ជា​ទម្រង់​សិល្បៈ​ប្រជាប្រិយ​ក្នុងប្រទេស​ជប៉ុន​។ នាង​កូ​ម៉ា​គី បាន​នាំ​តុក្កតា​នេះ​ទៅដល់​កម្រិត​ថ្មី​មួយ​ដោយ​បង្កើត​ឈុត​រាង​តុក្កតា ដែល​មើលទៅ​ដូច​តុក្កតា​តែម្តង និង​ទុកឱ្យ​អ្នក​ពាក់​វា​ដើរទៅ​ដូច​មនុស្ស​អ៊ីចឹង​។​

​នាង​និយាយថា “​មនុស្ស​ជាច្រើន​ហៅ​គម្រោង​របស់ខ្ញុំ​ថា ជា​វត្ថុ​កម្សាន្ត​មួយ ប៉ុន្តែ​សម្រាប់​ខ្ញុំ វា​មិនមែនជា​វត្ថុ​កម្សាន្ត​ទេ តែ​ជា​ម៉ូត​ទាន់សម័យ​។ វា​ប្រៀប​បី​ដូចជា​ស្លៀកពាក់​ឈុត​ស្អាតៗ ឬ ពាក់​ចិញ្ចើម​ក្លែងក្លាយ​ដើម្បីឱ្យ​កាន់តែ​គួរឱ្យ​ស្រឡាញ់​អ៊ីចឹង​”​។​

​នាង​កូ​ម៉ា​គី​និយាយថា មាន​ឈុត​តុក្កតា លូ​លូ តែមួយ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នករាំ អ្នក​រចនា​ម៉ូត និង តារា​បង្ហាញ​ម៉ូត គឺ​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​បាន​ពាក់​ឈុត​តុក្កតា​នេះ​៕ ដោយ៖ កញ្ញាដាលីស

ឈុត​តុក្កតា​លូ​លូ កំពុង​ពេញនិយម​ក្នុង​វិស័យ​ម៉ូត​សម្លៀកបំពាក់​នៅ​តូ​ក្យូ