ជួប​ជាមួយ​បុរស​មុខ ៣ មិន​ធ្លាប់មាន​ពីមុន​លើ​ពិភពលោក​

1283
ចែករម្លែក

​អ្នកជំងឺ​ម្នាក់ ដែលមាន​រហស្សនាម​ថា “​បុរស​មុខ​៣” បន្ទាប់ពី​ក្លាយជា​មនុស្ស​ទីមួយ​ទទួល​ការវះកាត់​មុខ​២ បាន​និយាយថា គាត់​កំពុង​ស៊ាំ​នឹង​អត្តសញ្ញាណ​ថ្មី​របស់គាត់​។​

​លោក ជើ​រ៉ូម ហា​ម៉ុ​ន (Jerome Hamon) បានទទួល​ការវះកាត់​ប្តូរ​មុខ​ទាំងស្រុង​ជា​លើកដំបូង​លើ​ពិភពលោក រួមទាំង​បំពង់​បង្ហូរទឹកភ្នែក​និង​ត្របកភ្នែក នៅក្នុង​ការវះកាត់​មួយ​នៅឯ​មន្ទីរពេទ្យ​មួយ​នៅក្រៅ​ទីក្រុង​ប៉ារីស​កាលពី​ខែកក្កដា​ឆ្នាំ ២០១០​។​

​ប៉ុន្តែ​នៅ​ឆ្នាំ​ដដែល​នោះ ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​ធម្មតា គាត់​ត្រូវបាន​គេ​ឱ្យ​លេបថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក មិនត្រូវ​គ្នា​នឹង​ការព្យាបាល​ដែល​ស៊ាំ​នឹង​ថ្នាំ​របស់គាត់​។​

​នៅ​ឆ្នាំ ២០១៦ គាត់​បានចាប់ផ្តើម​បង្ហាញ​រោគសញ្ញា​ប្រតិកម្ម​នឹង​ការប្តូរ​សរីរាង្គ​របស់​គាត់ ហើយ​មុខ​ថ្មី​របស់គាត់​កាន់តែ​យ៉ាប់យ៉ឺន​ទៅ​។ ត្រឹម​ខែវិច្ឆិកា​ឆ្នាំមុន មុខមាត់​របស់​បុរស​អាយុ ៤៣ ឆ្នាំ​រូបនេះ បានកើត​ដំបៅ​រលួត ត្រូវ​វះកាត់​យកចេញ​ជាបន្ទាន់​។​

​ហា​ម៉ុ​ន ដែល​រងគ្រោះ​ពី​ការផ្លាស់ប្តូរ​ហ្សែ​ន​បណ្តាលឱ្យ​ដុះ​ដុំ​សាច់​ខូច​មុខមាត់​អស់រលីង​នោះ បាន​បន្ត​ស្ថិតក្នុង​មន្ទីរពេទ្យ​ដោយ​គ្មាន​មុខ រយៈពេល ២ ខែ មុនពេល​រកឃើញ​អ្នក​បរិច្ចាគ និង ការវះកាត់​ទី ២ ទទួលបាន​ជោគជ័យ​។​

​ដោយ​កំពុង​ងើប​ពីមុខ​របួស​វះកាត់​ក្នុង​មន្ទីរពេទ្យ​នៅ ៣ ខែក្រោយ​មក​នោះ គាត់​និយាយថា គាត់​បានទទួល​យកមុខ​ថ្មី​ទី​៣​របស់គាត់​បាន​យ៉ាង​លឿន​។

​មុខ​ថ្មី​របស់គាត់​នៅតែ​រលោង និង គ្មាន​ចលនា ជាមួយ​លលាដ៍ក្បាល ស្បែក និង មុខងារ​ផ្សេងទៀត​នៅ​មិនទាន់​ដំណើរការ​ស្របគ្នា​នៅឡើយ​ទេ ដែល​នេះ​គឺ​ពឹង​ផ្អែកលើ​ថ្នាំ​ព្យាបាល​ពិសេស ដែល​គេ​សង្ឃឹមថា នឹងមិន​ធ្វើឱ្យ​ខូច​មុខមាត់​លើក​ក្រោយនេះ​ទេ​៕ ដោយ៖ កញ្ញាដាលីស

លោក ជើ​រ៉ូម ហា​ម៉ុ​ន មាន​រហស្សនាម​ថា “​បុរស​មុខ​៣” បន្ទាប់ពី​វះកាត់​ប្តូរ​មុខ​លើកចុងក្រោយ​កាលពី​ខែវិច្ឆិកា