ជួប​ជាមួយ​ម៉ាស៊ីន​លក់ “​អាហារ​ផ្លូវចិត្ត​” ផ្អែក​តាម​អារម្មណ៍​របស់​មនុស្ស​

1272
ចែករម្លែក

​ម៉ាស៊ីន​លក់​ចំណីអាហារ គឺជា​ការច្នៃប្រឌិត​ដ៏​អស្ចារ្យ​។ វា​មិន​ត្រឹម​តែមាន​ភាពងាយស្រួល​និង​មាន​តម្លៃថោក​ប៉ុណ្ណោះ​ទេ តែ​ពួកវា​ក៏​ជា​ថ្នាំបន្សាប​ដ៏​ល្អឥតខ្ចោះ​ចំពោះ​អ្នក​ដែល​ធ្លាប់តែ​ទទួលទាន​អាហារ​ទាំង​ប្រញាប់ប្រញាល់​ពេលព្រឹក​ផងដែរ​។​

​ប៉ុន្ដែ​ចុះ​យ៉ាងណាដែរ បើ​ពួកវា​អាចធ្វើ​បាន​លើសពី​ការបំពេញ​ចំណង់​អាហារ​របស់​អ្នក​?

​នេះ​គឺជា​សំណួរ​ដាក់ចេញ​ដោយ​វិចិត្រករ​នៅ​ស៊ីដនី គឺ លោក ម៉ាក ស្តា​ម៉ាច់ (Mark Starmach) និង លោកស្រី អេ​លីហ្សា​បេ​ត ខំ​មេន​ឌូ (Elizabeth Commandeur) ដែល​បាន​សហការ​ជាមួយ​អ្នកជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ត​ជាច្រើនរូប និង​បាន​ស្ទាបស្ទង់​មតិ​សាធារណជន​អូស្ត្រាលី​ដើម្បី​បង្កើត​ម៉ាស៊ីន​អាហារ​ផ្លូវចិត្ត​ឈ្មោះ Intangible Goods ដែល​កំពុង​តាំង​បង្ហាញ​នៅ​ទីក្រុង​ស៊ីដនី សម្រាប់​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដែលមាន​ឈ្មោះថា Art & About Sydney​។​

​ដូច្នេះ​សូម​បំភ្លេចចោល​ទៅ សូកូឡា​តម្លៃថោក និង​ដំឡូងបារាំង​ស្រួយ McCoys ហើយ​ជំនួស​មកវិញ ត្រូវ​គិត​អំពី​អ្វីដែល​អ្នក​ពិតជា​ត្រូវការ​វិញ​ល្អ​ជាង នោះ​គឺ​សំដៅលើ ភាពក្លាហាន ភាព​នឹងធឹង និង ការជឿជាក់​។ វា​ជាស​ម្តី​ដ៏​មោះមុត​មួយ ប៉ុន្តែ​វិចិត្រ​ករទាំង​២​កំពុងផ្តល់​ជូន​នូវ​ប្រអប់​អាហារ​ផ្លូវចិត្ត​ដ៏​អស្ចារ្យ​នេះ​ឡើង​ដើម្បី​បំពេញ​តាម​តម្រូវការ​ទាំងនេះ​។​

​និយាយ​ទៅនឹង​វេ​ប​សាយ​សិល្បៈ​អូស្ត្រាលី ArtsHub វិចិត្រ​ករទាំង​២​បាន​រៀបរាប់​អំពី​គម្រោង​នេះ​យ៉ាង​ខាងក្រោម​។​

​រាល់​រូបរាង​ម៉ាស៊ីន Intangible Goods នីមួយៗ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើការ​ឆ្លើយតប​ខាង​ផ្លូវចិត្ត​ផ្សេងៗ​គ្នា អាស្រ័យ​លើ​អ្វីដែល​អ្នក​ជ្រើសរើស​។​

​យើង​រស់នៅ​ក្នុងសង្គម​មួយ ដែល​ភាគច្រើន​តម្រូវការ​ផ្នែក​រាងកាយ​ត្រូវបាន​បំពេញ​ជា​ចម្បង​។ ប៉ុន្ដែ​ផ្លូវ​ចិ​ត្ដ និង​អារម្មណ៍​របស់​យើង​មិនដែល​ត្រូវបាន​បំពេញ​ម្តងណា​ឡើយ​។​

​ម៉ាស៊ីន​នេះ​មិនបាន​លក់​អាហារ​មែនទែន​នោះទេ ប៉ុន្តែ​ជំនួស​មកវិញ វា​ផ្ទុក​នូវ​របស់​ផ្សេងៗ​ដូចជា ប៊ិក ក្រដាស​កត់ចំណាំ និង​វត្ថុ​ក្រើនរំលឹក​ផ្សេងៗ ផែនទី និង​សូម្បី​ស្នាដៃ​សិល្បៈ​នានា​បត់​ចេញពី​ក្រដាស ដែល​ទាំងអស់នេះ​គឺធ្វើឡើង​ក្នុង​បំណង​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត និង​អារម្មណ៍​របស់​មនុស្ស​។

​ការសិក្សា​មួយ​បង្ហាញថា ពលរដ្ឋ​អូស្ត្រាលី​ជាង ៧,៣ លាន​នាក់ គឺ​ប្រហាក់ប្រហែល ៤៥ ភាគរយ​នៃ​ប្រជាជន​ទាំងអស់ ដែលមាន​អាយុ​ចន្លោះ ១៨ ដល់ ៨៥ ឆ្នាំ នឹង​ជួបប្រទះ​ជំងឺផ្លូវចិត្ត​ក្នុង​ជីវិត​របស់​ពួកគេ​។

​ម៉ាស៊ីន Intangible Goods បង្កើតឡើង​គឺមាន​គោលបំណង​ដោះស្រាយ​បញ្ហា​នេះឯង ដោយ​កញ្ចប់​របស់​វានី​មួយៗ​មានតម្លៃ ២ ដុល្លារ​អូស្ត្រាលី ឬ ១,៥៤ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

ម៉ាស៊ីន Intangible Goods ដំឡើង​នៅ​ទីក្រុង​ស៊ីដនី