ជួយ​ចែករំលែក​! ស្វែងយល់​ពី​បញ្ហា​សុខភាព តាមរយៈ​ក្លិន​ខ្លួន​

428
ចែករម្លែក

ញើស មិនមែនជា​កត្តា​ចម្បង​ដែល​បណ្ដាលឱ្យ​ក្លិន​ខ្លួន​ប្រែជា​មិនល្អ​ឡើយ​។ ការពិត​នោះ បាក់តេរី​នៅ ក្នុង​ញើស​ទេ​ដែល​បំបែក​ញើស​ទៅជា​អាស៊ីត​ដែល បង្កឱ្យមាន​ក្លិន​មិនល្អ​។​

​អ្វីដែល​សំខាន់​នោះ គឺ​ក្លិន​នៃ​រាងកាយ​គួរ​ត្រូវបាន​ចាត់ទុកជា​មូលហេតុ​គួរឱ្យ​ព្រួយបារម្ភ​ព្រោះ​វា​អាច​បង្ហាញ​ឱ្យដឹងពី​បញ្ហា​សុខភាព​ជាច្រើន​ដែល​អាច​នឹង​កើតមាន​ដូចជា ទឹកនោមផ្អែម​, បញ្ហា​ថ្លើម​និង​របប​អាហារ មិន​ត្រឹមត្រូវ​។ ខាងក្រោម​នេះ​បង្ហាញ​ឱ្យដឹងពី​បញ្ហា​សុខភាព​មួយចំនួន ដែល​បង្កបញ្ហា​ក្លិន​ខ្លួន ៖

១. ប្រសិនបើ​រាងកាយ​ធុំក្លិន​ដូច​លាមក​
វា​អាច​បណ្ដាលមកពី​ការស្ទះ​ពោះវៀន​។ វា​ជា​ស្ថានភាព​សុខភាព​គួរឱ្យ​ព្រួយបារម្ភ និង​គ្រោះថ្នាក់ បំផុត​មួយ​ដែល​កើតឡើង​នៅពេល​មានការ​ស្ទះ​នៅក្នុង​ពោះវៀនធំ ឬ​តូច​។ ការស្ទះ​បែបនេះ​នៅក្នុង បំពង់​ពោះវៀន​ជាធម្មតា​ធ្វើឱ្យ​ខ្យល់​ដង្ហើម​មាន​ក្លិន​ដូច​លាមក ហើយ​រាល់​អ្វីៗ​ដែល​អ្នក​ទទួលទាន នឹង​មានតែ​ធ្វើឱ្យ​ក្លិន​ខ្យល់​ដង្ហើម​ប្រែជា​មិនល្អ​ប៉ុណ្ណោះ​។ លើសពីនេះទៅទៀត​បញ្ហា​ពាក់ព័ន្ធ​ការ រំលាយ​អាហារ​អាច​បណ្ដាលឱ្យ​ញើស​មាន​ក្លិន​មិនល្អ​។ ញើស​ចេញពី​ក្លៀក​គឺ​ទទួលរង​ផលប៉ះពាល់ ច្រើន​បំផុត​ទោះបីជា​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​អាច​ផលិត​ញើស​ដែលមាន​ក្លិន​ដូច​លាមក ក៏ដោយ​។​

២. ប្រសិនបើ​រាងកាយ​មាន​ក្លិន​ល្វីង​
អ្នក​ត្រូវ​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ហើយក៏​ព្រោះ​ក្លិន​ខ្លួន​បែបនេះ​អាច​បណ្ដាលមកពី​បញ្ហា ទាក់ទង​នឹង​ថ្លើម​។ ថ្លើម​ដែល​មិនសូវ​សកម្ម​ផលិត​សារធាតុ​គីមី​ផ្សេងៗ​ដែលមាន​ក្លិនស្អុយ ឬ​មិនល្អ ហើយនឹង​បណ្ដាលឱ្យ​រាងកាយ​មាន​ក្លិន​មិនល្អ​ដូចគ្នា​ដែរ​។ ថ្លើម​ដែល​ទទួលរង​ការខូចខាត​ក៏​បង្ហាញ រួម​មកជា​មួយ​នូវ​រោគសញ្ញា​ផ្សេងទៀត​ដូចជា បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ និង​ចង្អោរ​ចង់​ក្អួត​។​

៣. ប្រសិនបើ​រាងកាយ​ធុំក្លិន​ឆ្អាប​ដូច​ត្រី​
អ្នក​ប្រហែល​ជាមាន​ជំងឺ​មួយ​ហៅថា ជំងឺ​ក្លិនឆ្អាប​ដូច​ត្រី ឬ Trimethylaminuria ជា​ជំងឺ តំណពូជ​។ ជំងឺ​នេះ​ធ្វើឱ្យ​ក្លិន​ខ្លួន​ប្រែជា​ស្អុយ​ឆ្អាប​ដូច​ត្រី រួមទាំង​ទឹកនោម​, ញើស និង​ខ្យល់​ដង្ហើម ផងដែរ​។ កត្តា​ផ្សេងទៀត​ដែល​បណ្ដាលឱ្យមាន​ក្លិន​ខ្លួន​ឆ្អាប​ដូច​ត្រី គឺ​ការ​លើស​ជាតិ​ប្រូតេអ៊ីន ក្នុង​របប​អាហារ ឬ​មកពី​វត្តមាន​នៃ​បាក់តេរី​មួយចំនួន​។ ដូច្នេះ​ទើប​ក្រៅពី​ការប្រើប្រាស់​ថ្នាំ អង់​ទី​ប៊ី​យោ​ទិ​ក​ហើយ​នោះ ការផ្លាស់ប្ដូរ ឬ​មាន​របប​អាហារ​ជាក់លាក់​ត្រឹមត្រូវ គឺ​សំខាន់បំផុត​។​

៤. ប្រសិនបើ​រាងកាយ​មាន​ក្លិន​ផ្អែម​
នេះ​អាចជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​ទឹកនោមផ្អែម​។ រាងកាយ​របស់​អ្នក​អាចមាន​ក្លិន​ផ្អែម​ដូច​ផ្លែឈើ ក៏​ព្រោះ​កម្រិត​នៃ ketones ក្នុង​ចរន្តឈាម​។ ប្រសិនបើ​នោម​របស់​អ្នក​ក៏មាន​ក្លិន​ផ្អែម ឬ​ក្លិន ផ្លែឈើ​ដែរនោះ វា​ប្រហែលជា​រោគសញ្ញា​មួយ​នៃ​ជំងឺ Maple syrup urine disease​។ វា​ជា​ជំងឺ​មេ​តា​បូ​លី​ក​ដែល​បណ្ដាលមកពី​រាងកាយ​អសមត្ថភាព​បំបែក​អាមីណូអាស៊ីត​ដូចជា valine, leucine និង isoleucine​។​

៥. ប្រសិនបើ​រាងកាយ​មាន​ក្លិន​ដូច​ស៊ុត​ស្អុយ​
អ្នក​ប្រហែលជា​ទទួលទាន​សាច់​ច្រើនពេក​ហើយ​។ សាច់ ពិសេស​សាច់​ក្រហម គឺជា​ផលិតផល មួយ​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​ពិបាក​នឹង​រំលាយ ដូច្នេះហើយ​ទើប​អ្នក​ដែល​ទទួលទាន​សាច់​ច្រើន ជាប្រចាំ​ជួបប្រទះ​បញ្ហា​ក្លិន​ខ្លួន​ដូច​ស៊ុត​ស្អុយ​។​

៦. ប្រសិនបើ​រាងកាយ​មាន​ក្លិន​ដូច​គ្រឿង​ស្រវឹង​
​អ្នក​ប្រហែលជា​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​បន្តិច​ហើយ​មួយរយៈ​នេះ​។ នៅពេល​ទទួលទាន គ្រឿង​ស្រវឹង​នោះ​រាងកាយ​នឹង​ចំណាំ​វា​ជា​ជាតិពុល​មួយ ហើយ​ព្យាយាម​បំបែក​វា​ទៅជា​អាស៊ីត អា​សេ​ទិ​ក​។ ក្នុង​របៀបនេះ​រាងកាយ​អាច​បន្សាប​ជាតិ​អាល់កុល​បាន​ប្រមាណ​ជា ៩០ ភាគរយ​។ មួយចំនួនទៀត​អាច​បញ្ចេញ​មក​ក្រៅ​តាមរយៈ​ទឹកនោម​, ញើស និង​តាមរយៈ​ប្រព័ន្ធ​ដង្ហើម​ផងដែរ​។​

៧. ប្រសិនបើ​រាងកាយ​មាន​ក្លិន​ញើស និង​បែកញើស​ខ្លាំង​
អ្នក​ប្រហែល​ជាមាន​ជំងឺ hyperhidrosis ដែល​បណ្ដាលឱ្យ​រាងកាយ​បែកញើស​ច្រើន​ហួស​។ ទោះបី​ជាការ​បែកញើស​ច្រើន​ខុស​ប្រក្រតី​អាចជា​រោគសញ្ញា​នៃ​ជំងឺ​ដទៃទៀត​ក៏ដោយ​ក៏​ករណី ភាគច្រើន​កើត​លើ​អ្នក​ដែលមាន​សុខភាព​ល្អ​។ អាកាសធាតុ​ក្ដៅ និង​អារម្មណ៍​ក៏​ជា​មូលហេតុ នៃ​ការ​បែកញើស​ច្រើន​ផងដែរ ប៉ុន្តែ​មនុស្ស​ភាគច្រើន​ដែល​ទទួលរង​ជំងឺ hyperhidrosis បែកញើស​នៅពេល​ក្រោក​ពី​គេង ទោះបីជា​ស្ថិតក្រោម​សីតុណ្ហភាព​ធម្មតា​ហើយ​គ្មាន​អារម្មណ៍ តានតឹង​ក៏ដោយ​។ ហើយ ផ្នែក​ដែល​ងាយ​នឹង​បែកញើស​នៃ​រាងកាយ គឺ​ក្លៀក​, ក្រលៀន និង​ប្រអប់ជើង​៕ ដោយ​: health.com.kh