ជួយ​ជាង និង​មេជាង​សំណង់​នូវ​ជំនាញ​បន្ថែម​

828
ចែករម្លែក

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ជំនាញ​ជាងសំណង់ ត្រូវបាន​បង្កើតឡើង​សម្រាប់​ជាង និង​មេជាង​សំណង់ នៅឯ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា ដើម្បី​លើកកម្ពស់​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់​របស់​ពួកគេ​។​វគ្គ​នេះ​បង្កើតឡើង​ក្រោម​កិច្ចសហការ​រវាង​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (CMIC)  និង វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា (NPIC) ។​

​ជាង និង​មេជាង​សំណង់ ៣០​នាក់ ដែលជា សមាជិក​ក្លិប​ស៊ីម៉ងត៍​អូដ្ឋ មកពី​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ចូល រៀន​វគ្គ​ដំបូង​ដែលមាន​រយៈពេល​៤​ខែ ចាប់ពី​ខែតុលា ២០១៨ រហូត​ទៅដល់​ខែមករា ២០១៩​។ ក្រៅពី​ការចូល​រៀន​ដោយ​ឥតគិតថ្លៃ សិក្ខាកាម​ទាំងអស់​ក៏បាន​ទទួលបាន​ការគាំទ្រ​ផ្នែក​ថវិកា​សម្រាប់​ការចាយវាយ​ប្រចាំថ្ងៃ និង​ការធ្វើដំណើរ​។ ការសិក្សា​នេះ ប្រព្រឹត្តិ​ទៅ​នៅ​ចុង​សប្តាហ៍ ហើយ​មានការ​អនុវត្ត​ផ្លា​ល់​នៅនឹងកន្លែង​ការងារ​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ។

​ថ្លែង​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នៅឯ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា លោក ទៀង សុភៈ​វិជ្ជា តំណាង ឱ្យ​ក្រុមហ៊ុន​ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន បាន​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ស្របទៅនឹង​គោល នយោបាយ​របស់​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ដែល​ចង់ឱ្យមាន​កិច្ចសហការ​រវាង​ស្ថាប័នរដ្ឋ និង​ស្ថាប័ន ឯកជន​ក្នុងការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​បង្កើន​ស​ម​ត្ថ​ភាព និង​ជំនាញ​។​លោក​បាន​ពន្យល់ថា “​ពួកគេ​ត្រូវតែ​អភិវឌ្ឍន៍​ខ្លួន​ឱ្យស្រប​ទៅតាម​ការវិវឌ្ឍ​នៃ​ជំនាញ​បច្ចេកទេស​សំណង់ ដែល​កំពុងតែ​រីកចម្រើន និង​មាន​តម្រូវការ​ខ្ពស់​។ ប្រសិនបើ​ពួកគាត់​មាន​ជំនាញ​ផ្នែក​សំណង់​ដែល​ប្រកបដោយ​ស្តង់ដា នោះ​ពួកគេ​នឹង​អាច សាងសង់​លំនៅដ្ឋាន អគារ ឬ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ប្រកបដោយ​គុណភាព និរន្តរភាព និង​មោទនភាព​”​។
​ជំនាញ ដែល​សិក្ខាកាម​ត្រូវ​រៀន ចែកចេញជា​ពីរ គឺ​ជំនាញ​សំណង់ រួមមាន​ជំនាញ​រៀប​ឥដ្ឋ ជំនាញ​បូកជញ្ជាំង លាយ​ស៊ីម៉ងត៍ ការរៀបចំ​ការដ្ឋាន និង​ជំនាញ​ទន់ ដូចជា​ជំនាញ​ទំនាក់ទំនង ដោះស្រាយ​បញ្ហា ការធ្វើការងារ​ជា​ក្រុម សុវត្ថិភាព​នៅ​កន្លែង​ការងារ ការរៀបចំ​ផែនការ ការគ្រប់គ្រង​ពេលវេលា និង​ថវិកា​ជាដើម​។

​ចំណែក​លោក មួង ផាស៊ី នាយករង​សិក្សា​នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​មានប្រសាសន៍ថា វិទ្យាស្ថាន​មាន​ក្តី​រីករាយ និង​សោម​ន្ស ដែល​ក្រុមហ៊ុន​សហការ​ជាមួយ​។​

.​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ជំនាញ​ជាងសំណង់ ត្រូវបាន​បង្កើតឡើង​សម្រាប់​ជាង និង​មេជាង​សំណង់ នៅឯ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា​

​លោក ខន ដា​រ៉ា អាយុ ៣៧ ឆ្នាំ ជា​មេជាង​ម្នាក់​មកពី​ខណ្ឌ​ព្រែក​ភ្នៅ រាជធានី​ភ្នំពេញ និយាយថា លោក​ពិតជា សប្បាយចិត្ត​ជាខ្លាំង​ដែល​ក្រុមហ៊ុន​បានជ្រើសរើស​រូបលោក​ម​ក​សិក្សា​ជំនាញ​នេះ​។ លោក​បន្តថា លោក​ធ្វើ​ជាជាង និង​មេជាង​សំណង់​អស់​រយៈពេល ២០​ឆ្នាំ​មកហើយ តែ​លោក​មិនដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជាងសំណង់​នោះទេ គឺ​លោក​រៀនសូត្រ​ពី​ឪពុក​របស់លោក​តែប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា “​បន្ទាប់ពី​រៀន​ចេះ​ពី​វគ្គ​នេះហើយ ខ្ញុំ​នឹង​អាច​បង្កើន​សមត្ថភាព​ការងារ​របស់ខ្ញុំ និង​បន្ត​បណ្តុះបណ្តាល​កូនជាង​របស់ខ្ញុំ​ជាង​២០​នាក់​ផ្សេងទៀត​ដើម្បី​បង្កើន​ជំនាញ និង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការងារ​ជាងសំណង់​នេះ​”​។
​ក្រុមហ៊ុន​ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​បី​ដង​ក្នុង​មួយឆ្នាំ ដែល​សិក្ខាកាម​នីមួយៗ ត្រូវ​ចូលរៀន​វគ្គ​ទ្រឹស្តី​នៅ​សាលា និង​ការអនុវត្ត​ផ្ទាល់​នៅ​ការដ្ឋាន​នានា​។ សព្វថ្ងៃ​ក្លិប​ស៊ីម៉ងត៍​អូដ្ឋ មាន​សមាជិក​ដែលជា​ជាង និង​មេជាង​សំណង់​ចំនួន ១២០០ នាក់​មកពី​ខេត្ត និង​រាជធានី​ចំនួន​១០​នៅ​ប្រទេស​កម្ពុជា​៕SRN

.​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ជំនាញ​ជាងសំណង់ ត្រូវបាន​បង្កើតឡើង​សម្រាប់​ជាង និង​មេជាង​សំណង់ នៅឯ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ក​ម្ពុ​ជា​