ជួយ​ភព​ដែនដី​យើង ដោយ​គ្រាន់តែ​ឈប់​ប្រើ​អគ្គិសនី​មួយ​ម៉ោង​ប៉ុណ្ណោះ

589
ចែករម្លែក

ដោយ:មូល​សម្បត្តិ​/​ភ្នំពេញ ៖ ​យើង​ជាម​នុស្ស​ដែល​កំពុង​រស់នៅ​លើ​ភពផែនដី​នេះ​អាច​ចូលរួម​ក្នុងការ​ការពារ​ភពផែនដី​របស់​យើងបាន​ ដោយ​គ្រាន់តែ​ចូលរួម​សន្សំសំចៃ​ការប្រើប្រាស់​ទឹក សន្សំសំចៃ​ការប្រើ​ប្រាស់​ចរន្តអគ្គិសនី ចូលរួម​ដាំ​ដើមឈើ និង​កាត់បន្ថយ​សំណល់​រឹង​រាវ​ សំរាម កាត់បន្ថយ​ការដុត​ប្រេងឥន្ធនៈ​​ផូស៊ីល បិទ​ម៉ាស៊ីន​ត្រជាក់ កុំព្យូទ័រ និង​សម្ភារ ប្រើប្រាស់​ចរន្តអគ្គិសនី​ផ្សេងទៀត​នៅពេលដែល​លោកអ្នក​ចាក​ចេញពី​ការិយាល័យ ឬ​ពី​ផ្ទះ​របស់​លោកអ្នក ព្រមទាំង​ប្រើប្រាស់​សម្ភារដែល​ស៊ី​ភ្លើង​តិច និង​រស់នៅ​ក្រោម​ប្រតិ​ប​ត្តិ​បរិស្ថាន​ល្អ​»​។ នេះ​គឺជា​ការអំពាវនាវ​រប​ស់​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា នៅ​រាត្រី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩ នៅក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​ទិវា “​មួយ​ម៉ោង សម្រាប់ ភពផែនដី​”​ឆ្នាំ​២០១៩ ក្រោម​
​ប្រធានបទ “​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​ផែនដី​” នៅក្នុង​បរិវេណ​ផ្សារ​ទំនើប​អ៊ី​អន ២ សែន សុខ​ ដោយមានការចូលរួម​ជាច្រើន​រយ​នាក់​។​

«​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​» ត្រូវបាន​ចាប់ផ្តើម​ប្រារព្ធ លើកដំបូង​នៅ​ឆ្នាំ​២០១៦ ដោយ​ក្រសួង​​បរិស្ថាន​ សហការ​ជាមួយ​អង្គការ​មូលនិធិ​សកល​ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ (WWF) ហើយ​សម្រាប់​ឆ្នាំ​២០១៩​នេះ ជា​លើក​ទី​៤ នៃ​ការ​ប្រារព្ធ​ទិវា​នេះ​។

លោក នេត្រ ភក្ត្រា បាន​មានប្រសាសន៍ថា​ គោលបំណង​នៃ​ការ​ប្រារព្ធ​ទិវា​នេះ គឺ​បំផុសចលនា​មហាជន​ឱ្យ ចូលរួម ទទួលខុសត្រូវ​លើ​ការប្រើប្រាស់​ថាមពល​ប្រកបដោយ និរន្តរភាព​បរិស្ថាន ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន និងជួយសង្គ្រោះ ភពផែនដីរបស់​យើង​ពី​ការ​កើន​កម្ដៅ​។ ដើម្បី​ធានាបាន​ការរួមចំណែក​នៅក្នុង​ការទប់ស្កាត់​កំណើន​កម្ដៅភពផែនដី និង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​នានា ជាពិសេស​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច ចាំបាច់​ត្រូវយកចិត្តទុកដាក់ ក្នុងការ​ប្រើប្រាស់​ថា​ម​​ពល ប្រកបដោយ​និរន្តរភាព​បរិស្ថាន ដោយ​ផ្តោតសំខាន់​ទៅ លើ​ការប្រើប្រាស់ថាមពល​កកើត​ឡើងវិញ ការប្រើថាមពល​ដោយ​វៃឆ្លាត​។

លោក សេង ទៀក ប្រធាន​អង្គការ​មូលនិធិ​សកល​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ បាន​ថ្លែងថា​ការ​បិទ​ភ្លើង​មួយ​ម៉ោង គឺជា​ការបង្ហាញ​ពី​ការសន្យា​ខ្ពស់​របស់​ប្រជាពលរដ្ឋ​ដែល​សក​កម្ម​ចូលរួម និង​នាំគ្នា​ពិ​ភា​ក្សា​ពី​ធម្មជាតិពី​សមុទ្រ ពី​សត្វព្រៃ​និង​ពី​ព្រៃឈើ​។ ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​ឆ្នាំនេះ​គឺ​ការភ្ជាប់​ទំនាក់ ទំនង​ទៅនឹង​ភពផែនដី​។ វា​ជាការ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ពិភពលោក​ភ្ជាប់​ទំនាក់ទំនង​របស់ខ្លួន​ឱ្យ​ជិត បំផុត​នឹង​បញ្ហា​បរិស្ថាន យកចិត្តទុកដាក់ ចូលរួម​ពិភាក្សា និង​រក​ដំណោះស្រាយ​ពី​បញ្ហា​បរិស្ថាន​ដែល​យើង កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ននេះ​។ ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែនដី​នេះ នឹង​ជំរុញឱ្យមាន​ការបើក​ទូលាយ លើ​ការសន្ទនា​ក្នុងសង្គម​អំពី​បញ្ហា​បរិស្ថាន និង​ជីវៈចម្រុះ ​ដើម្បីឱ្យ​ប្រជាជនមាន​ការយល់ដឹង​កាន់​តែ​ស៊ីជម្រៅ​ថា មនុស្ស​ជា​ផ្នែក​មួយ​នៃ​ជីវៈចម្រុះ និង​ជីវៈចម្រុះ​ជា​ផ្នែក​មួយ​នៃ​ភាព​សុ​ខុ​ដុមរ​មនា​របស់​យើង ទាំងអស់គ្នា​។​ការ​ប្រារព្ធ​ទិវា «​មួយ​ម៉ោង សម្រាប់ ភពផែនដី​» នៅ​ឆ្នាំនេះ​ធ្វើឡើង​ក្នុង​បរិបទ​មួយ​ដែល​កម្ពុជា ក៏​ដូច​ជា​ប្រទេស​មួយចំនួន​នៅ​តំបន់​បាននិងកំពុង​ទទួលរ​ង​ឥទ្ធិពល​បាតុភូត​អែល នី​ណូ ដែល​បាន​បង្ក​ឱ្យ​ធាតុអាកាស​នា​រដូវប្រាំង​នេះ ជាពិសេស​ក្នុងអំឡុង​ខែមេសា និង​ឧសភា​ខាងមុខ មាន​សភាព​ក្តៅ​ហួតហែង សីតុណ្ហភាព​អតិបរមា​នៅ​ពេល​ខ្លះ​អាច​ហក់​ឡើងដល់ ៤០ ទៅ​៤២ អង្សា​សេ​។ អាកាសធាតុ​ក្តៅ​ហួតហែង​
​របៀប​នេះ​បាននិងកំពុង​ជះឥទ្ធិពល​ដោយ​ប្រយោល​មកលើ​ប្រទេស​កម្ពុជា ធ្វើឱ្យមាន​រំហួត​ទឹក​ឆាប់រហ័ស ប្រភពទឹក មួយចំនួន​បាន​រីងស្ងួត និង​ធ្វើឱ្យ​ការប្រើប្រាស់​ទឹក និង​ចរន្តអគ្គិសនី​កើនឡើង​។ នេះ​គឺជា​សញ្ញា​មួយ​យ៉ាងច្បាស់​បង្ហាញ​ពី​ផលប៉ះពាល់ ដែល​កើតចេញពី​ការប្រែប្រួល​អាកាសធាតុ​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​លើកឡើងថា នៅសល់​រយៈ​ពេល​ជិត ២ ខែ​ទៀត ទើប​រដូវវស្សា​ចាប់ផ្តើម ហើយ​ក្នុង​រយៈពេល​នេះ កម្ពុជា​បាន​និងកំពុង​ទទួលរ​ង​នូវ​ឥទ្ធិពល​បាតុភូត​អែល​នី​ណូ ធ្វើឱ្យ​អាកាសធាតុ​ក្ដៅ​ហួតហែង​។ អាកាសធាតុ​ក្តី​ហួតហែង​របៀបនេះ​នឹងធ្វើ​ឱ្យ​ធនធាន​ធម្ម​ជាតិ ព្រៃឈើ នៅក្នុង​ប្រទេស​កម្ពុជា ងាយ​ទទួលរង​នូវ​បាតុភូត​ភ្លើង​ឆេះ​ព្រៃ ដោយសារ​កត្តា​ធម្មជាតិ និង​សកម្មភាព​មនុស្ស​។ តាម​ការកត់សម្គាល់រ​បស់​ក្រសួងបរិស្ថាន យោងតាមរបាយការណ៍ពី​ថ្នាក់ក្រោម​​ជាតិ ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​តែងតែ​កើតមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​និង​របៀង​អភិ​​រក្ស​ជីវៈចម្រុះ​នានា​របស់​ប្រទេស​កម្ពុជា​ជា​រៀងរាល់ឆ្នាំ​ជាពិសេស​ក្នុង​រដូវប្រាំង​។ កត្តា​ចម្បង​ដែល​បង្ក​ឱ្យ​មានភ្លើង​ឆេះ​ព្រៃ ញឹកញាប់​បំផុត​នា​រដូវប្រាំង មាន​ជាអាទិ៍​ ការកាប់​ឆ្ការ​ដុត​រាន​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​ ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ ការធ្វើ​កសិកម្ម​ព​នេ​រ​ចរ ការតាំង​ទីលំនៅ​ថ្មីៗ​និង​ការដុត​ព្រៃ​ដើម្បី​ចាប់​សត្វព្រៃ​និង​ការធ្វេសប្រហែស​របស់​មនុស្ស​។​ល​។​

​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ លោក​រដ្ឋលេខាធិការ នេត្រ ភក្ត្រា បាន​លើកឡើងថា ក្រសួងបរិស្ថាន សូម​ធ្វើការ​អំពាវនាវ​ដល់​អ​ង្គ​ភាព​ជំនាញ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរ​បរិស្ថាន អាជ្ញាធរ​​មាន​សមត្ថកិច្ច​រួមទាំង​សហគមន៍​មូលដ្ឋាន​និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ឱ្យ​អនុវត្ត​វិធានការ​ដូចខាងក្រោម​៖«១- ទប់ស្កាត់ និង​ណែនាំ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ ដើម្បីប្រមូល​ផល អនុផល​ព្រៃឈើ ការដុត​ព្រៃ​ស្ទាក់ចាប់​សត្វ និង​ការដុត​វាលស្មៅ​។​ល​។ ២-ទប់ស្កាត់ការកាប់ឆ្ការ ទន្រ្ទាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ក្នុង​គោលបំណងផ្សេងទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យ​មានភ្លើង​ឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាលដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ស្នាក់ការ ស្នាក់ការរង និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ។ ៣-ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ផ្សេងៗ នៅក្នុង តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ ៤-អាជ្ញាធរពាក់ព័ន្ធត្រូវ​ណែនាំអ្នកពាក់ព័ន្ធ អនុវត្តវិធានការបច្ចេកទេសសមស្របដែលអាចធានា​សុវត្ថិភាពចំពោះភ្លើងព្រៃដោយត្រូវពន្លត់ភ្លើងឱ្យអស់ជាចាំបាច់មុនពេលចាកចេញពី​​​ទីតាំងប្រើប្រាស់ភ្លើង។ ៥-ក្នុងករណីកើតមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ សូមសមត្ថកិច្ច​ពាក់ព័ន្ធ​ប្រញាប់ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់តាមរយៈការប្រកាសអាសន្ន ហើយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវដឹកនាំបញ្ជាផ្ទាល់ ក្នុងការប្រើ​កម្លាំងចម្រុះ រួមមាន ប្រជាពលរដ្ឋ សហគមន៍ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ដែលឈរជើងនៅក្នុងមូលដ្ឋាន​នោះ រួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងព្រៃឱ្យមានប្រសិទ្ធភាព។

​លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានបង្ហាញសុទិដ្ឋិនិយម​យ៉ាងមុត​មាំថា ស្មារតីនៃការប្រារព្ធ «ទិវាមួយម៉ោងសម្រាប់ភពផែនដី» នាពេលនេះ នឹងធ្វើ​ឱ្យប្រជាពលរដ្ឋទាំងអស់កាន់តែមានការយល់ដឹង និងចូលរួមយ៉ាង សកម្មថែមទៀត​ក្នុងកិច្ចគាំពារបរិស្ថាន និងភពផែនដីយើងប្រកបដោយនិរន្តរភាពនិងស្រស់បំព្រង៕B/Ha