ជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ដំណាំ​ស្រូវ​ ដែល​រង​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត​នៅ​ប៉ៃលិន

134
ចែករម្លែក

ដោយ​: ភ្នំ​ខៀវ​/ ប៉ៃលិន​: អាជ្ញាធរខេត្ត​ប៉ៃលិន​បាន​ដឹកនាំ​កងកម្លាំង និង​មន្ត្រី​ជំនាញ​ចុះជួយ​អន្តរាគមន៍​បូមទឹក​ដើម្បី​សង្គ្រោះ​ស្រូវ​ប្រជាកសិករ​ដែល​បាន​នឹង​កំពុង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​គ្រោះរាំងស្ងួត​។​

លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ កន្លងមក​បាន​ដឹកនាំ​មន្ត្រី​នៃ​មន្ទីរ​ធនធានទឹក និង​ឧ​តុ​និយម​ខេត្ត រួមទាំង​កងកម្លាំង​ផ្នែក​ពាក់​ព​ន្ធ័​បាន​ចុះជួយ​អន្តរាគមន៍​បូមទឹក​ដើម្បី​ស្រោចស្រព​សង្គ្រោះ​ស្រូវវស្សា​ចំនួន​៧៥០ ហិកតា​ដែល​កំពុង​ប្រឈម​ធ្ងន់ធ្ងរ ហើយ​ឈានទៅ​ប៉ះពាល់​និង​ខូចខាត​នៅក្នុង​ភូមិ​ដី ស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

លោក​បាន​ណែនាំ​អោយ មន្ត្រី​អាជ្ញាធរ ជំនាញ​និង​កងកម្លាំង​ពាក់ព័ន្ធ​ត្រូវតែ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ថែមទៀត ក្នុង​ការចុះ​សិក្សា​និង​ត្រួត​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​អោយបាន​ច្បាស់លាស់​នៅក្នុង​មូលដ្ឋាន​ដើម្បី​ងាយ​ស្រួយ​ទៅដល់​មន្ទីរជំនាញ​និង​អាជ្ញាធរ​រក​វិធី​ជួយ​អន្តរាគមន៍​បូមទឹក​បញ្ចូល​ស្រែរ​អោយបាន​ទាន់ពេល ។​ពោលគឺ​កុំអោយ​ឈានទៅ​ខូចខាត ។​

ចំពោះ​បងប្អូន​ប្រជាកសិករ​វិញ លោក​អភិបាលខេត្ត​បាន​ស្នើថា ត្រូវ​ចូលរួម​សហការ​អោយបាន​ល្អ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បីអោយ​ការងារ​ជួយ​អន្តរាគមន៍​បូមទឹក​បញ្ចូល​ស្រែ​នេះ​ដំណើការ​បាន​រលូន​ប្រកបដោយ​សមធម៌ និង​មាន​តម្លាភាព​។​

ចំណែក​ការងារ​ជំនាញ​ក្នុង​ការបូមទឹក​ជួយសង្គ្រោះ​វិញ​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​លោក ង៉ា លី​ហុង បានអោយដឹងថា​÷ ការងារ​សង្គ្រោះ​បូមទឹក​រយៈពេល​២​ថ្ងៃ​កន្លងមក មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម​ខេត្ត​បាន​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ធុន​ធំ​ចំនួន​២​គ្រឿង ធ្វើអោយ​ការសង្គ្រោះ​ដំណាំ​ស្រូវ​បាន​ប្រសើរ​ជា​បណ្តើរ​ឡើងវិញ​មួយចំនួន​។​ហើយ​ការងារ​ដដែល​នេះ​នឹង​បន្តរ​ធ្វើ​រហូត​ដល់ពេល​មាន​ទឹកភ្លៀង​ធ្លាក់​។​

ក្នុងឱកាស​ខាងលើ​នេះដែរ លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​÷ មកដល់ពេលនេះ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​សន្ទូង ក៏ដូចជា​ស្រូវពង្រោះ​របស់​ប្រជាកសិករ​កំពុង​ប្រឈម​ការខ្វះខាត​ទឹក​ហើយ​ត្រូវការ​ទឹក​ស្រោចស្រព​ដ៊ើ​ម្បី​សង្គ្រោះ​ដ៏​ចាំបាច់ ក្នុង​ទំហំ​សរុប​ចំនួន​៧៥០​ហិកតា ។​

ស្រូវ​ទាំងនេះ​រង​ផលប៉ះពាល់ តែ​ពុំទាន់​ឈានដល់​ខូចខាត​នៅឡើយ ។ ប៉ុន្តែ​បើ​រាំងស្ងួត​អូស បន្លាយ​យូរ​ទៀត ហើយ​ការជួយ​សង្គ្រោះ​មាន​ភាព​យ៉ឺ​ត​យ៉ា នោះ​ស្រូវ​នឹង​អាច​ខូចខាត​ជា​បន្តបន្ទាប់ ។​

សូមបញ្ជាក់ថា ការងារ​បង្កបង្កើនផល​ស្រូវ​រដូវរ​ស្សា​ទូទាំង​ខេត្ត​ប៉ៃលិន​ឆ្នាំ​២០១៩ កសិករ​ដាំ​ដុះ​លើ​ផ្ទៃដី​ចំនួន​៧.៧០០​ហិកតា កើន​ច្រើនជាង​ឆ្នាំ​២០១៨ ដែអនុវត្តន៍បានត្រឹមតែ​៦.៣០០​ហិកតា​៕

លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​កងកម្លាំង​ជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ដំណាំ​ស្រូវ​ដែល​រង​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត​នៅ​ស្រុក​សាលា​ក្រៅ (​រូប​:​ភ្នំ​ខៀវ​)​
#