ជួល​គេ​អោយ​សម្លាប់​ម្តាយ​ដើម្បី​យក​លុយ​ទៅ​ដោះលែង​ប្តី​ចេញពី​គុក​

552
ចែករម្លែក

​តើ​អ្នក​ហ៊ាន​សម្លាប់​នរណា​ម្នាក់​ដើម្បី​ប្រាក់​១០​លាន​បាត​(៣២៥.១៤៧​ដុល្លារ​) ហើយ​វា​ជា​ម្តាយ​របស់​ខ្លួន​ថែម​ទៀត​?

​សំរាប់​នាង កាន់​ចា​ណា ស្រ៊ី​សាង ចម្លើយ​គឺ «​អូ​ខេ​»​ទាំង​ពីរ​ចំណុច​។​

​កាលពី​ថ្ងៃ​១០​សីហា ស្ត្រី​ថៃ​វ័យ​២៥​ឆ្នាំ​នេះ​បាន​សារភាព​ថា​បាន​ជួល​ឃាតករ​ស៊ីឈ្នួល​២​នាក់​អោយ​សម្លាប់​ម្តាយ​របស់​នាង ដើម្បី​ទទួលបាន​ប្រាក់​ធានារ៉ាប់រង​និង​ដី​កេរ​ពីរ​កន្លែង​។​

​យោង​តាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ស្ត្រី​រូប​នេះ​ចង់​បាន​ប្រាក់​ធានារ៉ាប់រង​មួយ​ប័ណ្ណៗ​ចំនួន​១​សែន​បាត និង​ដី​នៅ​ខេត្ត​ផេត​ចាប៊ូ​រី ដែល​មាន​តំលៃ​១០​លាន​បាត​។​

​មាន​របាយការណ៍​ថា នាង​ចង់​បាន​លុយ​នេះ​ដើម្បី​ធានា​ប្តី​នាង​ដែល​កំពុង​ជាប់ចោទ​ពី​បទល្មើស​ថ្នាំញៀន​អោយបាន​នៅ​ក្រៅ​ឃុំ​របស់​ប៉ូលិស​។​

​យោង​តាម​សារព័ត៌មាន​ថៃ ប្តី​របស់​នាង កាន់​ចា​ណា ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​១៨​មេសា​។​

​ការស៊ើបអង្កេត​បង្ហាញ​ថា នាង​កាន់​ចា​ណា បាន​ជួល​បុរស​២​នាក់​អោយ​យក​ជីវិត​ម្តាយ​របស់​នាង​។​ផែនការ​នេះ​ត្រូវបាន​អនុវត្ត​កាលពី​ថ្ងៃ​២២​មិថុនា ពេល​ម្តាយ​វ័យ​៥៥​ឆ្នាំ​ត្រូវបាន​​បាញ់​អោយ​របួស​ក្នុងពេល​ជិះ​កង់​មក​ផ្ទះ​ក្នុង​ពេលយប់​។​គាត់​បាន​នៅរស់​ពី​ការប៉ង​សម្លាប់​និង​បាន​ចំណាយ​ពេល​សន្លប់​ជាង​១​ខែ​មុន​ពេល​ដឹង​ខ្លួន​និង​ប្តឹង​ប៉ូលិស​។​

​ប៉ូលិស​បាន​ភ្ជាប់​នាង​កាន់​ចា​ណា​ទៅ​នឹង​ការប៉ុនប៉ង​ធ្វើឃាត​នេះ បន្ទាប់ពី​រកឃើញ​សាររ​ទាក់ទង​គ្នា​ជាមួយ​បុរស​ជា​ឃាតករ​ទាំង​ពីរ នៅក្នុង​ទូរស័ព្ទ​របស់​នាង​។​

​ស្ត្រី​រងគ្រោះ​បាន​អះអាងថា វា​មិនមែន​ជា​ការប៉ង​យក​ជីវិត​របស់​គាត់​លើក​ទី​១​ទេ ព្រោះ​មាន​គេ​ព្យាយាម​បំពុល​គាត់​នៅមុន​ការបាញ់ប្រហារ​នេះ​។​គាត់​បាន​ប្រទះឃើញ​ភេសជ្ជៈ​នៅ​​ក្នុង​ទូរ​ទឹកកក​មាន​ក្លិន​មិន​ធម្មតា និង​ពេល​យក​ទៅ​ចាក់ចោល​ស្រមោច​ដែល​រោម​ផឹក​វា​បាន​ងាប់​៕​ដោយ​៖​វាសនា​

#