ជួសជុល​អាង​កណ្តោល​នៅ​ក្រុង​សិរីសោភ័ណ ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ​បុរាណ​

219
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រី​ជំនាញ​ធនធានទឹក និង​អាជ្ញាធរ​ដែនដី បាននិងកំពុង​បន្ត​ជួសជុល​អាង​កណ្តោល ជា​អាងទឹក​បូរាណ​មួយ​នៅ​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ​កេរ​មរតក​ដូនតា​មួយ​នេះ​។​

​ជាមួយគ្នានេះ មន្ត្រី​នៅ​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៩ ជាថ្មីទៀត​បានការ​ពារ​ខ្លួន​ពី​ការរិះគន់ ដែលថា បាន​បំផ្លាញ ឬ​ធ្វើ​ខូចខាត​ទ្រង់ទ្រាយ​រូបរាង​ដើម នៃ​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​មួយ​នេះ​។​

​មន្ត្រី​បាន​ប្រតិកម្ម​នឹង​មតិ​រិះគន់ ដែលថា សកម្មភាព​អភិវឌ្ឍន៍ គឺ​ការស្តា​របាត​អាង និង​ពង្រឹង​ទំនប់​អាង​នោះ ជាការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការអភិរក្ស​។​

​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ អ៊ុ រាត្រី ក៏​ដូច​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​និង​លោក​ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​បាន​ថ្លែងថា ការស្តារ​និង​អភិវឌ្ឍន៍​អាង​កណ្តោល​នេះ គឺ​ចង់ឱ្យមាន​ភាពរឹងមាំ​ធានា​រក្សា​ទឹក​ទុក​បាន​ច្រើន​សម្រាប់ ប្រើប្រាស់ និង​ស្រោចស្រព​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ​នៅ​តំបន់​នោះ​។

​សូម​រំលឹកថា តាំងពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ក្រុង​សិរីសោភ័ណ រួម​នឹង​ក្រុមការងារ​ថ្នាក់ជាតិ​បានចាប់ផ្តើម​ធ្វើការ​ស្តារ​ជួសជុល​អាង​កណ្តោល ក្នុង​សង្កាត់​ទឹកថ្លា​ភាគ​ខាងលិច​ក្រុង​សិរីសោភ័ណ ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ​បុរាណ​មួយ​នេះ ត្បិត​ក្នុង​តំបន់​នេះ​ដែល​តែងតែ​ជួប​បញ្ហា​” ទឹក​ជន់​លិច​ស្រូវ​ផ្លូវ ទឹក​ស្រក​រាំងស្ងួត ដាច់ទឹក​”​។​

​កាលពី​ឱកាស​ចុះ​ពិនិត្យមើល​សកម្មភាព​នោះ លោក​ឧបនាយក​រដ្ឋ មន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​ជំរុញ​ឱ្យ​ក្រុម​ជំនាញ​ត្រូវ​ប្រឹងប្រែង​បង្កើន​សកម្មភាព​ការ ស្តារ ជួសជុល​អាង​កណ្តោល​នេះ​ដោយ​ធ្វើយ៉ាងណា​ឱ្យបាន​លឿន ធានាបាន​ភាពរឹងមាំរ​ក្សា ទឹក​ទុក​បាន​ច្រើន ពោលគឺ​សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ក្នុង​ក្រុង​សិរីសោភ័ណ​នេះ កុំឱ្យ​មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់ និង​ស្រោចស្រព​ផង កុំអោយ​ទឹកជំនន់​ផង​។​

​សូម​រំលឹកថា អាង​កណ្តាល​អាង​បូរាណ​មួយ ហើយ​បាន​កសាង​បន្ថែម​នៅ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​។ តែ​ដល់​របប​សាធារណរដ្ឋ​កម្ពុជា​កុំមុយនីស្ត បាន​ទុកចោល​រហូតដល់​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​។ តែ​ពេលនេះ អាជ្ញាធរ​និង​ជំនាញ​ធនធាន​ទឹកបាន​ស្តារ​និង​អភិវឌ្ឍន៍​អោយ​ប្រសើរ​ឡើងវិញ ដែល​វា​អាច​ធានា​ស្រោចស្រព​ផ្ទៃដី​ដំណាំ​ស្រូវ​រាប់រយ​ហិច​តា​ដែរ​៕ ល​

#