ជួសជុល កែលម្អ​ផ្លូវ​និង​សួន​មានជ័យ​ត្រៀម​រៀបចំ​សង្ក្រាន្ត​នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​

622
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​នៅពេលនេះ​បានដាក់​អោយ​ក្រុមហ៊ុន​ម៉ៅការ​និង​ក្រុមការងារ​ជួសជុល កែលម្អ​ផ្លូវ​និង​សួន​មានជ័យ​ត្រៀម​រៀបចំ​សង្ក្រាន្ត​នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំកុរ​ខាងមុខ ។​

លោក​ចៅសង្កាត់​ស្តីទី​សង្កាត់​ព្រះ​ពន្លា​ក្រិ​ង​សិរីសោភ័ណ​ឲ្យដឹង​ថ្ង​ទី​២៥ ​ខែមីនា​ ថា​ ផ្លូវ ទីសាធារណៈ សួនច្បារ ហេដ្ឋារចនាសម្ព័ន្ធ …​ជាច្រើន​ក្នុង​ក្របខ័ណ្ឌ​រដ្ឋបាលខេត្ត ក្រុង​គ្រប់គ្រង​គឺ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ព្រះ​ពន្លា​ ហើយក៏​ទទួលបាន​ការយកចិត្ត​ទុកដាក់​ស្ថាបនា ជួសជុល កែលម្អ​។​ ទាំងនេះ​នាំឲ្យ​សង្កាត់​មាន​មោទនភាព ។​ជាងនេះទៅទៀត​នាំឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​និង​ភ្ញៀវ​មកលេង មានការ​ពេញចិត្ត ។​

លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​ផ្លូវ​និង​កែលម្អ​សោភ័ណ​នា​សួន​មានជ័យ​កណ្តាល​ក្រុង​កាលពី​ថ្ងៃទី​២៥​ ខែមីនា​ថា សកម្មភាព​នេះ​ធ្វើឡើង​ដើ​ម្បី​ត្រៀ​ម​លក្ខណៈ សម្រាប់ធ្វើ​ទីតាំង​សង្ក្រាន្ត​បន្ទាយមានជ័យ។​

ក្នុងនោះ​មាន​ជួសជុល​កែលម្អ​ផ្លូវ​បេតុង​មី​ណឺ​លើផ្លូវ​ខាងកើត​សូន​មានជ័យ ​ឬ​ហៅ​វេទិកា​ខេត្ត​និង​ផ្លូវ​ខ្នែង​ទៅ​ប្លុក​អក្សរ​អ៊ុយ ស្ថិត​ក្នុងភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ លើ​ផ្ទៃក្រឡា​ជិត​៤.០០០​ម៉ែត្រក្រឡា។

ទន្ទឹមនឹងនេះ ហើយ​បន្ទាន់​ដែរ អាជ្ញាធរ​និង​ក្រុមការងារ​តាម​មុខការ​មាន​ក្នុងតួនាទី ភារកិច្ច ត្រូវ​កែលម្អ​គ្រប់ផ្នែក​នៃ​បរិវេណ​សួន​មានជ័យ នៅជាប់​នោះ ក៏​ដូច​តាមផ្លូវ​និង​ទីសាធារណៈ ទាំងឡាយ​ក្នុង​គោលដៅ​ក្នុង​សង្កាត់​ព្រះ​ពន្លា​ អូរ​អំបិល​ កំពង់ស្វាយ​និង​ទឹកថ្លា ឲ្យបាន​ទាន់ពេលវេលា​ សម្រាប់​ត្រៀម​សង្ក្រាន្ត​បន្ទាយមានជ័យ​ដែល​រៀបចំ​ឡើង​​ធំ​ជាង​ទាំង​ពិធី​៣​ឆ្នាំ​ជាប់ៗ​គ្នា​កន្លងមកនេះ ។​

លោក​អភិបាលខេត្ត​បាន​បង្ហើប​ដែរ​ថា នៅពេល​ខាងមុខ អាជ្ញាធរខេត្ត​ក៏​នឹង​អោយ​ជួសជុល​ក្រាល​បេតុង​មី​ណឺ​លើផ្លូវ​ជុំវិញ​ផ្សារ​ចម្ការ​ហៅ​ផ្សារ​ថ្មី​នា​ សង្កាត់​កំពង់ស្វាយ​លើ​ផ្ទៃ​ជាង​៥.០០០​ម៉ែត្រក្រឡា​ផងដែរ ។​

សូម​រំលឹកថា នៅ​ខេត្តបន្ទាយមានជ័យ​សម្រាប់​បុណ្យចូលឆ្នាំថ្មី​ឆ្នាំកុរ​ខាងមុខនេះ រដ្ឋបាលខេត្ត​សហការ​នឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​) នឹង​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​៣​កន្លែង​ដូច​កាលពី​ឆ្នាំ​២០១៨ ទី​១-សង្ក្រាន្ត​បន្ទាយមានជ័យ​ធ្វើ​នៅ​សួន​មានជ័យ ក្រុង​សិរីសោភ័ណ, ទី​២-សង្ក្រាន្ត​បន្ទាយឆ្មារ​ធ្វើ​នៅ​ប្រាសាទបន្ទាយឆ្មារ​ស្រុក​ថ្មពួក​ និង​ទី​៣-សង្ក្រាន្ត​ប៉ោយប៉ែត​ធ្វើ​នៅ​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត ៕B/