ជើងហោះហើរ​យូរ​បំផុត​លើ​ពិភពលោក​បានមក​ដល់​ទីក្រុង​ស៊ីដនី​

387
ចែករម្លែក

​ជើងហោះហើរ​របស់​អ្នកដំណើរ​ឥត​ឈប់​ដ៏​យូរ​បំផុត​បានមក​ដល់​អូស្ត្រាលី​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​២០​តុលា បន្ទាប់ពី​ហោះហើរ​ជាង ១៩ ម៉ោង​នៅលើ​មេឃ ដែលជា​ការធ្វើដំណើរ​ជា​ប្រវត្តិសាស្ត្រ​ពី​ទីក្រុង​ញូវយ៉ក ដែល​ក្រុមហ៊ុន​អាកាសចរណ៍ Qantas សង្ឃឹមថានឹង​ឈានដល់​ភាពជោគជ័យ​ខាង​ពាណិជ្ជកម្ម​។​

​ជើងហោះហើរ Qantas QF7879 បាន​ចំណាយពេល ១៩ ម៉ោង ១៦ នាទី​ដើម្បី​ហោះហើរ​ត្រង់​ពី​ញូវយ៉ក​ទៅ​ស៊ីដនី​ក្នុង “​ការធ្វើដំណើរ​រយៈពេល​វែង​បំផុត​” ទីមួយ​ក្នុងចំណោម​ការធ្វើដំណើរ​យូរ​បំផុត​ចំនួន ៣ ដែល​គ្រោងទុក​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​នៅ​ឆ្នាំនេះ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​អូស្ត្រាលី​មួយ​នេះ​កំពុង​ធ្វើ​ប្រតិបត្តិការ​ជើងហោះហើរ​សាកល្បង ដែល​រួមបញ្ចូល​ទាំង​ជើងហោះហើរ​ពី​ទីក្រុង​ឡុង​ដ៍​ទៅ​ទីក្រុង​ស៊ីដនី​ផងដែរ ខណៈ​ក្រុមហ៊ុន​កំពុង​ថ្លឹងថ្លែង​ផ្តល់​សេវា​ទៀងទាត់​នៅលើ​ផ្លូវ​ដ៏​វែង​ពី​សហរដ្ឋ​អាម៉េរិក​និង​អង់គ្លេស​ទៅ​អូស្ត្រាលី​។​

​មាន​មនុស្ស​ត្រឹមតែ ៤៩ នាក់​ប៉ុណ្ណោះ​បានធ្វើ​ដំណើរ​លើ​យន្ដហោះ Boeing 787-9 ដើម្បី​កាត់បន្ថយ​ទម្ងន់​នៅលើ​យន្តហោះ​និង​ផ្តល់ឱ្យ​យន្តហោះ​នូវ​បរិមាណ​ប្រេងឥន្ធនៈ​គ្រប់គ្រាន់​ដើម្បី​ធ្វើដំណើរ​បាន​ឆ្ងាយ​ជាង ១៦.០០០ គីឡូម៉ែត្រ ដោយ​មិនចាំបាច់​ចាក់​សាំង​ឡើងវិញ​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Qantas លោក អា​ឡាន់ ច​យ (Alan Joyce) បាន​ហៅ​វា​ថា​ជា “​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​” សម្រាប់​ទាំង​ក្រុមហ៊ុន​អាកាសចរណ៍​និង​វិស័យ​អាកាសចរណ៍​ពិភពលោក​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​នេះ​គឺជា​ការហោះហើរ​សាកល្បង​លើកដំបូង​ក្នុងចំណោម​ជើងហោះហើរ​សាកល្បង​ចំនួន ៣ ដែល​នឹង​ផ្តល់នូវ​អនុសាសន៍​អំពី​វិធី​ដែល​យើង​អាច​គ្រប់គ្រង​ភាព​អស់កម្លាំង​របស់​អ្នកបើក​យន្តហោះ (​និង​) របៀប​ដែល​យើង​គ្រប់គ្រង​យន្តហោះ​ដឹក​អ្នកដំណើរ​។ បន្ទាប់ពី ១៩ ម៉ោង​នៅលើ​ជើងហោះហើរ​នេះ ខ្ញុំ​គិតថា​យើង​ធ្វើ​រឿង​ត្រឹមត្រូវ​។ វា​ហាក់ដូចជា​យើង​បាន​ហោះហើរ​រយៈពេល​ខ្លី​ជាង​នេះ​ផង​”៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Qantas កំពុង​ថ្លឹងថ្លែង​ផ្តល់​សេវា​ទៀងទាត់​នៅលើ​ផ្លូវ​ដ៏​វែង​ពី​សហរដ្ឋ​អាម៉េរិក​និង​អង់គ្លេស​ទៅ​អូស្ត្រាលី