ជើងហោះហើរ​យូរ​បំផុត​លើ​ពិភពលោក​ចាប់ផ្តើម​ចេញដំណើរ​ពី​សិង្ហ​បុរី​ទៅកាន់​ទីក្រុង​ញូវយ៉ក​

1260
ចែករម្លែក
  • 100
    Shares

​ជើងហោះហើរ​ពាណិជ្ជកម្ម​យូរ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​បានចេញ​ដំណើ​រ​ពី​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​តុលា ជាមួយ​ក្រុម​អ្នកដំណើរ​ដ៏​រំភើប​ជាច្រើន​នាក់​ជិះ​នៅលើ​យន្តហោះ​រយៈពេល ១៩ ម៉ោង​ឥត​ឈប់​នៅលើ​អាកាស​ទៅកាន់​ទីក្រុង​ញូវយ៉ក​។​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា​ជើងហោះហើរ SQ22 បាន​ចាកចេញ​នៅ​ម៉ោង​ប្រហែល ១១ និង ៣៥ នាទី​យប់ ជាមួយ​អ្នកដំណើរ ១៥០ នាក់​និង បុគ្គលិក​យន្តហោះ ១៧ នាក់​ជិះ​នៅលើ​យន្តហោះ​។​

​អ្នកបើក​យន្តហោះ​២​នាក់ បញ្ជី​មុខម្ហូប “​សុខភាព​” ដ៏​ពិសេស និង ភាពយន្ត​អាច​បញ្ចាំង​បាន ៧ សប្តាហ៍ ព្រមទាំង​ការកម្សាន្ត​តាម​ទូរទស្សន៍ គឺ​នៅចាំ​កំដរ​អ្នកធ្វើដំណើរ​ទាំងអស់នោះ​តាមផ្លូវ​ប្រវែង ១៦.៧០០ គីឡូម៉ែត្រ​ទៅកាន់ Big Apple (​ឈ្មោះ​ហៅ​ក្រៅ​របស់​ទីក្រុង​ញូវយ៉ក​)​។​

​យន្តហោះ​បើក​រយៈ​ចម្ងាយ​ឆ្ងាយ​ធុន Airbus A350-900ULR ត្រូវបាន​កំណត់​ដើម្បី​ដឹក​អ្នកដំណើរ​បាន​ចំនួន ១៦១ នាក់ ក្នុងនោះ ៦៧ នាក់​ក្នុង​កាប៊ីន​លំដាប់ថ្នាក់​អ្នកជំនួញ និង ៩៤ នាក់​សម្រាប់​កាប៊ីន​លំដាប់ថ្នាក់​សេដ្ឋកិច្ច​តម្លៃ​ថ្លៃ តែ​គ្មាន​លំដាប់ថ្នាក់​សេដ្ឋកិច្ច​តម្លៃ​ធម្មតា​ទេ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយថា សម្រាប់​អ្នកបើកបរ​យន្តហោះ ដែល​រួមបញ្ចូល​ទាំង​មន្ត្រី​ទី​១​ចំនួន​២​នាក់ និង​មន្ត្រី​បម្រុង​ក្នុង​កាប៊ីន​ចំនួន ១៣ នាក់ បន្ទុក​ការងារ​នេះ​នឹងត្រូវ​បែងចែក​ដាច់​ស្រាច់ ជាមួយ​អ្នកបើកបរ​ម្នាក់ៗ​មាន​ពេល​សម្រាក​យ៉ាងតិច ៨ ម៉ោង​ក្នុងអំឡុងពេល​ហោះហើរ​។​

​ប៉ុន្តែ​សម្រាប់​អ្នកដំណើរ បញ្ហា​ប្រឈម​របស់​ពួកគេ​គឺត្រូវធ្វើ​អ្វីខ្លះ​ពេល​ឆ្លងកាត់​ល្វែង​ម៉ោង​ខុសៗ​គ្នា នៅពេលដែល​ពួកគេ​កំពុង​នៅលើ​អាកាស​។​

​សម្រាប់​អ្នក​ដែល​មិនបាន​យក​សៀវភៅ​ប្រលោមលោក​មក​តាម​ខ្លួន ពួកគេ​នឹងមាន​ភាពយន្ត​សម្រាប់​កំដរ​អារម្មណ៍​សរុប ១២០០ ម៉ោង​ដើម្បី​ជ្រើសរើស​។​

​ជម្រើស​ម្ហូបអាហារ​នឹង​រួមបញ្ចូល​មុខម្ហូប​ពិសេស​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​និយាយថា​ត្រូវបាន​សម្រិតសម្រាំង​ដើម្បី​លើកកម្ពស់​សុខុមាលភាព​នៅលើ​មេឃ​ជាមួយនឹង​ការផ្តល់ជូន​មុខម្ហូប​សរីរាង្គ​ទាំងអស់​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​បើក​រយៈ​ចម្ងាយ​ឆ្ងាយ​ធុន Airbus A350-900ULR ចាប់ផ្តើម​ចេញដំណើរ​ពី​សិង្ហ​បុរី​ទៅ​ញូវយ៉ក​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍