ជើងឯក​ខេត្តកំពង់ស្ពឺ និង​ប្រដាល់​គុន​ខ្មែរ លក្ខណៈ​អន្តរជាតិ Khmer Fight ចុង​សប្ដាហ៍​នេះ​

271
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ប្រកួត ប្រដាល់​គុន​ខ្មែរ ជា​លក្ខណៈ​មិត្តភាព​ជាតិ ដណ្តើមពាន​រង្វាន់​ជើងឯក ខេត្តកំពង់ស្ពឺ​ផង និង​ការប្រកួត​ប្រដាល់​គុន​ខ្មែរ លក្ខណៈ​អន្តរជាតិ Khmer Fight ដែល​រៀបចំឡើង ដោយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ សហការ​ជាមួយ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ អាជ្ញាធរខេត្ត​កំពង់ស្ពឺ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តកំពង់ស្ពឺ ដើម្បី​អបអរសាទរ ពិធីបុណ្យ​អុំទូក ខេត្តកំពង់ស្ពឺ នឹងធ្វើ​នៅ​ថ្ងៃទី ២-៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សង្វៀន​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ។​

សម្រាប់​ព្រឹត្តិការណ៍ ប្រកួត​ប្រដាល់​គុន​ខ្មែរ ជា​លក្ខណៈ​មិត្តភាព​ជាតិ ដណ្តើមពាន​រង្វាន់​ជើងឯក ខេត្តកំពង់ស្ពឺ យប់​ថ្ងៃ​ដំបូង មាន​ចំនួន ៣ គូ និង​អមដោយ គូ​មិត្តភាព​ខ្មែរ និង​ខ្មែរ ៣ គូ​ទៀត ។ ហើយ​សម្រាប់​ព្រឹត្តិការណ៍ ប្រកួត​លក្ខណៈ​អន្តរជាតិ Khmer Fight យប់​ថ្ងៃទី​ពីរ គឺ​រឹត​តែមាន​លក្ខណៈ​អស្ចារ្យ និង​កក្រើក​សង្វៀន​កីឡដ្ឋាន ខេត្តកំពង់ស្ពឺ ដោយ​លើក​នេះ ក្រៅពី​អ្នក​ប្រដាល់​ថៃ ២ រូប មក​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​នោះ នឹងមាន​ការប្រកួត​ជាមួយ បារាំង អ៊ីរ៉ង់ និង អាល់​ហ្សេ​រី ចំនួន ៤ គូ​ទៀតផង ។​

​សម្រាប់​ព្រឹត្តិការណ៍ ប្រកួត​ប្រដាល់​គុន​ខ្មែរ ជា​លក្ខណៈ​មិត្តភាព​ជាតិ ដណ្តើមពាន​រង្វាន់​ជើងឯក ខេត្តកំពង់ស្ពឺ យប់​ថ្ងៃទី​១ ថ្ងៃ​សៅ​រិ៍​ទី ២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលមាន​ចំនួន ៣ គូ​នោះ គឺ​គូ​ទី​១ អ្នក​ប្រដាល់ យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់ អេ​លី​ត សាន់ អ្នក​ប្រដាល់​ក្លិប​ឆ្មា ស សែន​សុខ​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​។ គូ​ទី​២ អ្នក​ប្រដាល់ គង់ សំបូរ ក្លិប​គុហារ​ព្រហ្ម​ជ័យ ខេត្តសៀម រាប ជួប​ជាមួយ​អ្នក​ប្រដាល់ សែម សំណាង ក្លិប​សាល​វ័​ន្ត​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម និង​គូ​ទី​៣ អ្នក​ប្រដាល់ លាភ រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ខេត្តបន្ទាយមានជ័យ ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់ ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​

​អេ​លី​ត សាន់ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង និង​មាន​សមត្ថភាព​បច្ចេកទេស​ប្រដាល់ មិន​ចាញ់ យុគ យក្ស​ផ្លែ នោះទេ​។ ដូច្នេះ យុគ យក្ស​ផ្លែ មិនអាច​មើលស្រាល អេ​លី​ត សាន់ បានទេ ព្រោះ​អ្នក​ប្រដាល់​រូបនេះ វាយ​ខ្លាំង និង​មាន​ក្បាច់គុន ល្អ​ផងដែរ​។ យ៉ាងណា សម្រាប់​ការប្រកួត ជាមួយ អេ​លី​ត​សាន់ នេះ យុគ យក្ស​ផ្លែ ត្រូវតែ​ប្រយ័ត្ន ចំពោះ​ស្នៀត​ទាត់​របស់គេ ព្រោះថា សន្ទុះ​ជើង​របស់ អេ​លី​ត​សាន់ ធ្លាប់​ទទួលជោគ ជ័យ ប៉ុន្មាន​លើក​ហើយ ក្នុងការ​ប្រកួត​ដណ្តើម ពានរង្វាន់​នោះ​។ តែ​យ៉ាងណា អេ​លី​ត សាន់ ក៏​មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ យុគ យក្ស​ផ្លែ គេ​ក៏​វាយ​ខ្លាំង និង​មាន​បច្ចេកទេស ក្នុងការ​ប្រកួត​ល្អ​ដែរ ហើយ​មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន មិន​ចាញ់ អេ​លី​ត សាន់ ទេ ។​

​ចំពោះ​អ្នក​ប្រដាល់ គង់ សំបូរ និង អ្នក​ប្រដាល់ សែម សំណាង ពួកគេ​ទាំងពីរ​រូបនេះ មាន​សមត្ថភាព បច្ចេកទេស ប្រហាក់ប្រហែលគ្នា ដែល​គេ​មិន​ហ៊ាន ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់ នោះឡើយ ហើយ​គេ​ក៏​មិនទាន់​ហ៊ាន រំពឹងទុក​ថា គង់ សំបូរ អាច​វាយ​ឈ្នះ សម សំណាង នោះដែរ ព្រោះ សំណាង មានចិត្ត​ប្រដាល់​ធំ ពោលគឺ​គេ​ហ៊ាន​ប្រកួត​តែម្តង​។​

​ចំណែក លាភ រដ្ឋា និង ម៉ន សា​ម៉េ​ត វិញ ពីរ​នាក់​នេះ សុទ្ធតែជា​ជើងឯក​ដូចគ្នា​។ ប៉ុន្តែ​យ៉ាងណា គេ​មាន​ជំនឿ​ទុកចិត្ត​លើ ម៉ន សា​ម៉េ​ត ក្នុងការ​ទទួលបាន ជ័យជម្នះ ព្រោះ ម៉ន សា​ម៉េ​ត មាន​ស្នៀត​ប្រដាល់​ល្អ មាន​ផ្លែ​ល្អ​ថែមទៀត ។​

​សម្រាប់​ការប្រកួត ប្រដាល់​គុន​ខ្មែរ លក្ខណ​អន្តរជាតិ KhmerFight យប់​ថ្ងៃទី​២ និង​ថ្ងៃទី​៣ វិច្ឆិកា​នោះ ជើង​ខ្លាំង​របស់​កម្ពុជា រឿង សោ​ភ័​ណ្ឌ ក្លិប​មកុដ​រាជសីហ៍ គេ​នឹង​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជនជាតិ​បារាំង អាប់​ឌែ​ល ការី​ម បែន​ណា​ឡា (Abdel Karim Benalla) ក្នុង​ទម្ងន់ ៧១ គីឡូក្រាម​។ អ្នក​ប្រដាល់​ជនជាតិ​បារាំង អាប់​ឌែ​ល ការី​ម បែន​ណា​ឡា មាន​ប្រវត្តិ​ប្រកួត ទើបបាន ៤៥ លើក ឈ្នះ​៣៨​លើក និង​ចាញ់​៧​លើក​ប៉ុណ្ណោះ ខណៈដែល រឿង សោ​ភ័​ណ្ឌ មាន​ប្រវត្តិ​ប្រកួត​ចំនួន ១៦០ លើក ឈ្នះ​១៤០​លើក ចាញ់​១៥​លើក និង​ស្មើ​៥​លើក ធ្លាប់​ផ្តួល​គូប្រកួត អោយ​សន្លប់​បាន ចំនួន​៦៥​លើក ។​ចាំមើល រវាង​រឿង សោ​ភ័​ណ្ឌ និង អាប់​ឌែ​ល ការី​ម បែន​ណា​ឡា តើន​រណា​ឈ្នះ ? ។​

​ជើង​ខ្លាំង មកពី​ប្រទេស​ថៃ ឆាន់​ឆៃ គាត​ថា​វ៉ន

​ជើង​ខ្លាំង​កម្ពុជា ព្រំ សំណាង ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង ៩១១ នឹង​ជួប​ប្រកួត​ជាមួយ​ជើង​ខ្លាំង មកពី​ប្រទេស​ថៃ ឆាន់​ឆៃ គាត​ថា​វ៉ន ដោយ​ជួប​ក្នុង​ទម្ងន់ ៧៦ គីឡូក្រាម​។ អ្នក​ប្រដាល់​ថៃ​រូបនេះ អ្នកណា​ឈ្នះ អ្នកណា​ចាញ់ មិនអាច​ទាយ​មុន​បានទេ ។​

​វង្ស ណ​យ ជើង​ខ្លាំង​កម្ពុជា ក្លិប​កុលបុត្រ​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​អ៊ីរ៉ង់ ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម​។ ចាំមើល វង្ស ណ​យ ដែលមាន​ប្រវត្តិ​ប្រកួត ដល់​ទៅ ២១០ លើក ឈ្នះ​១៤៦​លើក ចាញ់​៦០​លើក និង​ស្មើ​៤​លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ អោយ​សន្លប់​ចំនួន​៩០ លើក​នោះ អាច​យកឈ្នះ​អ្នក​ប្រដាល់​អ៊ីរ៉ង់ ដែលមាន​ប្រវត្តិ​ប្រកួត ត្រឹមតែ ៣៩ លើក ឈ្នះ​៣០​លើក និង​ចាញ់ ៩​លើក បាន​ឬ​អត់ ? ។​

អ្នក​ប្រដាល់​មកពី​អ៊ីរ៉ង់​ អាប់​ឌុល​ឡាស់ អា​នី​ស្ត

​ម៉ឺន សុភា សមាគម​កីឡាប្រដាល់ ក្រសួងការពារជាតិ នឹង​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​មកពី​អ៊ីរ៉ង់​ដែរ គឺ អាប់​ឌុល​ឡាស់ អា​នី​ស្ត (Abdollah Anizh ) ដោយ​ជួប​ក្នុង​ទម្ងន់ ៧១ គីឡូក្រាម ។ អាប់​ឌុល​ឡាស់ អា​នី​ស្ត នេះ ខ្ពស់ ១,៨៦ ម៉ែត្រ​ឯណោះ ខណៈ ម៉ឺន សុភា មាន​កម្ពស់ ១,៧១ ម៉ែត្រ តែ​អ្នក​ប្រដាល់ អ៊ីរ៉ង់​រូបនេះ មាន​ប្រវត្តិ​ប្រកួត​តែ ៤៥ លើក​ទេ គឺ​ឈ្នះ​៣៣​លើក និង​ចាញ់​១២​លើក ហើយ ម៉ឺន សុភា គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន ៩៨ លើក ឈ្នះ​៨៨​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក ។ ចាំមើល តើ ម៉ឺន សុភា អាច​យកឈ្នះ អាប់​ឌុល​ឡាស់ អា​នី​ស្ត បាន​ឬ​អត់​? ។​

​ចាន់ សំអាត ជើង​ខ្លាំង នៃ​ក្លិប​មី​ស្ទឺ​លី​គុន​ខ្មែរ នឹងត្រូវ​ជួប​ប្រកួត ជាមួយ​អ្នក​ប្រដាល់ ថៃ​ឈ្មោះ សាត្រា​ន​ភុប ស បាង​គ្រូ (Satranpop Sor.Bangkru) ក្នុង​ទម្ងន់ ៦០ គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៤​លើក ឈ្នះ​៤១​លើក ចាញ់​២២​លើក និង​ស្មើ​១​លើក ។ ឯ ចាន់ សំអាត មាន​ប្រវត្តិ​ប្រកួត ចំនួន​៩០​លើក ឈ្នះ​៦៨​លើក ចាញ់​២០​លើក និង​ស្មើ​២​លើក ។​

អ្នក​ប្រដាល់​អាល់​ហ្សេ​រី (Algeria) លី​អាមីន

​អ្នក​ប្រដាល់​ជើង​ខ្លាំង បាង កា​យ៉ាក សមាគម​កីឡាប្រដាល់ ក្រសួងកសិកម្ម គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​អាល់​ហ្សេ​រី (Algeria) លី​អាមីន (Liamine Benkerrou ) ក្នុង​ទម្ងន់ ៦០ គីឡូក្រាម ។ អ្នក​ប្រដាល់​អាល់​ហ្សេ​រី​នេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៤១​លើក ឈ្នះ​៣២​លើក និង​ចាញ់ ៩​លើក ហើយ បាង កា​យ៉ាក មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៦​លើក ឈ្នះ​៥៣​លើក និង​ចាញ់​៣​លើក ។ បាង កា​យ៉ាក មិនដឹងថា អាច​យកឈ្នះ អ្នក​ប្រដាល់​អាល់​ហ្សេ​រី នេះ បាន​ឬ​អត់​នោះទេ ?៕v