ជើង​ខ្លាំង​ទាំង ៤ រូប នរណា​កក់​កៅអី វគ្គ​ផ្ដាច់ព្រ័ត្រ​

188
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ ទម្ងន់ ៦៣,៥០ គីឡូក្រាម សម្រាប់​ថ្ងៃទី​១៤ ធ្នូ នេះ បាន​ឈានដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត​ហើយ​។ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ គឺ​លេខ​១ ពូ​ល A ជួប​លេខ​២ ពូ​ល A និង​លេខ​១ ពូ​ល B ជួប​លេខ ២ ពូ​ល B ។ សូមបញ្ជាក់ថា សម្រាប់​ពូ​ល A គឺ​អ្នក​ប្រដាល់​កម្ពុជា សុទ្ធសាធ ចំពោះ​ពូ​ល B គឺ​អ្នក​ប្រដាល់​ថៃ សុទ្ធសាធ​ដែរ ។​

​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ប៉ោ ភា​រិ​ទ្ធ សមាគម​ប្រដាល់​ក្រសួងកសិកម្ម ជួប​ជាមួយ ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា ។ សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ៤ ប្រកួត​របស់គេ ក្នុង​វគ្គ​ប្រកួត​វិលជុំ គេ​ឈ្នះ ៣ ប្រកួត ចាញ់​១ ប្រកួត ដូចគ្នា ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ពុំ​ធ្លាប់មាន​ប្រវត្តិ​ប្រកួត​គ្នា ពីមុនមក​ឡើយ ។​

​ភា​រិ​ទ្ធ ចាស់វស្សា​ជាង វណ្ណៈ ហើយ​សម្រាប់​ការប្រកួត​នេះ ប្រសិនបើ​វណ្ណៈ ចាញ់ មិនសូវ​ជា​អាម៉ាស់​នោះទេ តែ​ប្រសិនបើ ភា​រិ​ទ្ធ ចាញ់ នឹងធ្វើ​ឲ្យ​វណ្ណៈ កាន់តែ​មានឈ្មោះ​បោះ​សម្លេង ជាមិនខាន​ឡើយ ។ តាមពិត​អ្នក​ប្រដាល់ ទាំង ២ រូបនេះ មាន​ផ្លែ​វ៉ៃ​ល្អ​ដូចគ្នា ហេតុនេះ ឱកាស​នៃ​ការ​ប្រជែង យកជ័យ​ជំនះ ពិតជា​លំបាក​ដូចគ្នា​។​

​វណ្ណៈ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៥​ដង ឈ្នះ​៥៦​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ ប៉ា ភា​រិ​ទ្ធ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៦​ដង ឈ្នះ​៦៤​ដង ចាញ់​១២ ដង ។ ចាំមើល នរណា ប្រជែង​បាន​កៅអី សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ ? ។​

លូ​ម លេង និង កូ​ឡាប ដាំ​

​ជំនួប​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះដែរ លូ​ម លេង (Loom Leng) ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ដូចគ្នា គឺ កូ​ឡាប ដាំ (Kolap Dam) ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ៤ ប្រកួត​របស់គេ ក្នុង​វគ្គ​វិលជុំ គេ​ឈ្នះ​បាន ៣ ប្រកួត និង​ចាញ់​មួយ​ប្រកួត ដូចគ្នា ។ មិនមាន​នរណា ដឹងថា កន្លងមក អ្នក​ប្រដាល់​ទាំង ២ រូបនេះ ធ្លាប់​ជួប​ប្រកួត​គ្នា ក៏​យ៉ាងណា​នោះទេ តែ​ពួកគេ​ជា​អ្នកខ្លាំង​ដូចគ្នា ។​

​លូ​ម លេង មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៥​ដង ឈ្នះ​៧០​ដង ចាញ់​១៤​ដង និង​ស្មើ​ពិន្ទុ​១​ដង ចំពោះ កូ​ឡាប ដាំ​វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​១០៤​ដង ឈ្នះ​៨៨​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ​១ ដង ។ អ្នក​ប្រដាល់​ថៃ​ទាំង ២ រូបនេះ នរណា ប្រជែង​បាន​កៅអី សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ ?​។​

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​ជំនួប​រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ខ្សែក្រវាត់​វិញ​នោះ សូត្រ ប៊ុន​ឃី ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ ផាន់ ឡៃ​ម៉េង ក្លិប​ចលនា​យុវជន ១៥៧ គុន​ខ្មែរ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ ស៊ុន ប៊ុន​សាន់ ក្លិប​នាគរាជ​ចតុមុខ ប្រកួត​ជាមួយ ផាន់ សុផាត ក្លិប​ពុទ្ធ​សេរី​វង្ស ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ជំនួប​គ្នា​រវាង​អ្នក​ប្រដាល់​ជើងចាស់​នោះ ហ៊ា ចាន់ថន ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ន​ន់ ជំនិត ក្លិប​ស្វាយ​រលំ​ឫទ្ធិ​ជ័យ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ៕v