ជើង​ខ្លាំង​រួម​ជាតិ​៥​គូ​លើស​ង្វៀន​អា​ឡិច​ហ្ស​ង់​

276

(​ភ្នំពេញ​): លើស​ង្វៀន​អា​ឡិច​ហ្ស​ង់​របស់​អាស៊ីអាគ្នេយ៍ ព្រឹក​ថ្ងៃអាទិត្យ​ទី​២២​តុលា អ្នក​ប្រដាល់​រួម​ជាតិ​ចំនួន ៥​គូ​នឹង​ជួបគ្នា​លើស​ង្វៀន​។​

​វ៉ែន ហុង​ជី​វ៉ុ​ង អ្នកខ្លាំង​របស់​ក្លិប​កងកេង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង ស្កាត់​មក​ប្រកួត​ជាមួយ រិ​ទ្ធ មុន្នី របស់​ក្លិប​ម្កុដ​រាជសីហ៍​។ ជា​អ្នកខ្លាំង និង​សំបូរ​កលល្បិច​ដូចគ្នា គ្រាន់តែ​មុន្នី​វ៉ៃ​ចូលចិត្ត​ដកថយ​បន្តិច ចំពោះ​ជី​វ៉ុ​ង​វិញ​គេ​វ៉ៃ​មិនសូវ​ចេះ​ដកថយ​ឡើយ​។​

​ជា​អ្នក​ប្រដាល់​ដែលមាន​កម្លាំង​ខ្លាំង​នោះ ការ​វ៉ៃ​ចេញ​របស់​អ្នក​ប្រដាល់​មកពី​ខេត្តបាត់ដំបង​រូបនេះ តែងតែ​ធ្វើ​ឲ្យ​គូប្រកួត​ដួលសន្លប់​ក្រោម​កណ្ដាប់ដៃ ឬ​ទម្ងន់​ជើង​របស់ខ្លួន​។ កែង​របស់​អ្នក​ប្រដាល់​រូបនេះ មិនសូវ​ជា​អស្ចារ្យ​នោះទេ តែ​ជង្គង់​របស់គេ​វ៉ៃ​ចេញ​បាន​ធ្ងន់​ណាស់​។​

​ចំពោះ មុន្នី ការ​វ៉ៃ​ចេញ​របស់គេ​ស្រាល​បន្តិច​មែន តែ​គេ​វ៉ៃ​ចំ​គោលដៅ​បានល្អ ហើយ​អ្នក​ប្រដាល់​រូបនេះ ពូកែ​គេច​ចេញពី​ការវាយប្រហារ​របស់​គូប្រកួត​ណាស់​។ ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រាកដជា​៥​ទឹក​ហើយៗ​រវាង​អ្នកឈ្នះ និង​អ្នកចាញ់​ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា​ជាមិនខាន​ឡើយ​។​

​ឆាយ ម៉េ​ត ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី ង៉ែត វុ​ធ របស់​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។​

​ភាព​អំណត់​របស់ ឆាយ ម៉េ​ត មិន​ខ្លាំង​ទេ​តែ​គេ​វ៉ៃ​ចូលចិត្ត​ប្ដូរ​។ ប្រសិនបើ​គេ​ចាញ់​ប្រៀប​គូប្រកួត​នោះ ទោះបី​មួយ​ចាន​ទឹក​មួយ​ចាន​គោក​ក៏​គេ​ប្រថុយ​ប្ដូរ​ដែរ​។ កម្លាំង​របស់ ឆាយ ម៉េ​ត ឆាប់​ស្រុតចុះ​បន្តិច គឺ​បើ​ស្ថានភាព នៃ​ការ​ប្រ​គ្រឹក​គ្រេង​ខ្លាំង​នោះ​ចូលដល់​ទឹក​ទី​៤​កម្លាំង​របស់គេ​វេទនា​ហើយ​។​

​ចំពោះ ង៉ែត វុ​ធ បើ​និយាយ​ពី​កម្លាំង និង​ភាព​អំណត់​របស់គេ​អស្ចារ្យ​ណាស់​។ កលល្បិច នៃ​ការប្រកួត​ក៏​មិន​អន់​ដែរ តែ​អ្នក​ប្រដាល់​រូបនេះ​វ៉ៃ​មិន​ចូលចិត្ត​ប្ដូរ ដោយ​អត់​ប្រយោជន៍​នោះទេ​។ សម្រាប់​គូ​នេះ គេ​ជឿថា ង៉ែត វុ​ធ មានឱកាស​ឈ្នះ​ច្រើនជាង​។​

​ម៉ឺន មេ​ឃា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ ងួន គា មកពី​ក្លិប​ខេត្ត​រតនគីរី ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។​

​មេ​ឃា ជា​កូនប្រុស​របស់​អតីត​អ្នក​ប្រដាល់​អេ​ភូ​ថង​។ មួយរយៈ​នេះ​អ្នក​ប្រដាល់​រូបនេះ ហាក់ដូចជា​បើក​យុទ្ធនាការ​បង្ក្រាប​អ្នក​ប្រដាល់​ជើងចាស់ ដែល​ស្ថិតក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ជាមួយ​គេ​។ គេ​ទើបតែ​ផ្ដួល​អ្នក​ប្រដាល់​ជើងចាស់ ចាន់ រតនៈ ក្លិប​កងទ័ពជើងទឹក​មុន​ទឹក​ទី​៥ ពេលនេះ គេ​ប្រកាសថា ផ្ដួល ងួន គា ទៀត​។​

​ងួន គា មិន​ស្រួល​បង្ក្រាប​នោះទេ តែ​លទ្ធភាព​របស់ ងួន គា ក្នុងការ​យកឈ្នះ ម៉ឺន មេ​ឃា ក៏​មិន​ស្រួល​ដែរ​។ គេ​ជឿថា ការប្រកួត​នេះ​ទំនងជា​ឱកាស​របស់ ម៉ឺន មេ​ឃា ហើយ​។​

​សយ សុខ ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ពុទ្ធ ម៉ា​ណូយ ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ ទិ​ត្យ សុវណ្ណ​សៀង​ហៃ ក្លិប​កុមារ​ទេព​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ហ៊ឹម គឹម​រៀង ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម​៕ L ដោយ​៖ រ៉ូ​ហ្សា​