ជេហ្វបេហ្សូសនិងមិត្តស្រីជួបជាមួយតារាបូលីវូដនៅសណ្ឋាគារក្រុងមុំបៃក្នុងដំណើរទស្សនកិច្ច៣ថ្ងៃនៅឥណ្ឌា ចំពេលមានការតវ៉ាពីសំណាក់អ្នកលក់ដូរតាមផ្លូវ

158
ចែករម្លែក

លោកជេហ្វ បេហ្សូស និងមិត្តស្រី ឈ្មោះ ឡូរិន សាន់ឆេស បានចំណាយពេលជាមួយតារាបូលីវូដល្បីៗមួយចំនួនរបស់ឥណ្ឌា នៅពេលដែលគូស្នេហ៍ដ៏មានឥទ្ធិពលនេះបានមកដល់ពិធីជប់លៀងមួយនៅទីក្រុងមុំបៃកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ មករា។

នាយកប្រតិបត្តិក្រុមហ៊ុន Amazon ហាក់សប្បាយចិត្តខ្លាំងជាមួយមិត្តស្រីថ្មីរបស់គាត់ នៅពេលគាត់បន្តដំណើរក្រៅប្រទេសជាសាធារណៈរបស់គាត់នៅសប្តាហ៍នេះ។

នៅយប់ថ្ងៃព្រហស្បតិ៍ លោកបេហ្សូសបានបង្ហោះវីដេអូនៅលើគណនី Instagram របស់គាត់ដោយបង្ហាញគាត់បង្ហោះខ្លែងជាមួយក្មេងៗឥណ្ឌា។

លោកបេហ្សូសបានសរសេរជាមួយចំណងជើងថា “ថ្ងៃណាក៏ជាថ្ងៃល្អដែរ នៅពេលអ្នកបានមកបង្ហោះខ្លែង”។ គាត់បានបញ្ចប់ចំណងជើងដោយប្រើសញ្ញា # ថា អរគុណឥណ្ឌា។

ដំណើររបស់លោកបេហ្សូសឆ្លងកាត់ប្រទេសឥណ្ឌាមិនមែនថាគ្មានភាពចម្រូងចម្រាសនោះទេ។

បុរសមានជាងគេបំផុតនៅលើពិភពលោករូបនេះបានប្រឈមមុខនឹងការតវ៉ាដ៏ក្តៅគគុកកាលពីថ្ងៃពុធដោយអ្នកលក់ដូរតាមដងផ្លូវ ដែលអះអាងថាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្ស Amazon កំពុងបំផ្លាញជីវភាពរបស់ពួកគេ។

មហាសេដ្ឋី ដែលកំពុងប្រឈមនឹងការស៊ើបអង្កេតដោយគណៈកម្មការប្រកួតប្រជែងរបស់ប្រទេសឥណ្ឌា បានប្រកាសកម្មវិធីវិនិយោគចំនួន ១ ពាន់លានដុល្លារ នៅពេលលោកនិយាយនៅក្នុងសន្និសីទអាជីវកម្មមួយនៅទីក្រុងញូវដែលី។

ប៉ុន្តែទស្សនកិច្ចរបស់លោកបានបង្កការតវ៉ាដ៏ខឹងសម្បារពីអាជីវករ ដែលចង់ឱ្យហាមឃាត់ក្រុមហ៊ុន Amazon និងក្រុមហ៊ុនអនឡាញដទៃទៀត និងបានគ្រវីបដាតវ៉ានៅខាងក្រៅ ដោយសរសេរថា “ជេហ្វ បេហ្សូស ត្រឡប់ទៅស្រុកវិញទៅ”។

ពួកគេអះអាងថា លោកបេហ្សូស ដែលមានទ្រព្យសម្បត្តិ ១១៥ ពាន់លានដុល្លារ កំពុងសម្លាប់អ្នកលក់ដូរតាមផ្លូវបែបប្រពៃណីនៅឥណ្ឌា៕ ដោយ៖ កញ្ញាដាលីស